ក្នុងរយៈពេល៤ខែដើមឆ្នាំនេះកម្ពុជានាំចេញកសិផលទៅ ក្រៅប្រទេសកើនឡើងជាង ៨៧ភាគរយ
រដ្ឋមន្រ្តីកសិកម្មរុក្ខា ប្រមាញ់និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល៤ខែ ដើមឆ្នាំ ២០២១នេះ កម្ពុជានាំចេញកសិផល ទៅក្រៅប្រទេស កើនឡើងជាង៨៧ ភាគរយ ទោះជាកម្ពុជាស្ថិតក្នុងស្ថានភាពនៃការឆ្លងរាល ដាលជំងឺកូវីដ-១៩ក៏ដោយ ។
ថ្លែងពិធីសម្ពោធជាផ្លូវការនៃការនាំចេញផ្លែស្វាយស្រស់កម្ពុជា ចំនួន៨០តោន ចេញ ទៅកាន់ទីផ្សារប្រទេសចិន ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថាបច្ចុប្បន្ននេះ ផ្ទៃដីផលិតកម្មដំណាំស្វាយនៅកម្ពុជា មាន ការកើនឡើងជាលំដាប់ ដែលបង្ហាញពីសក្តានុពលមួយតម្រូវឱ្យមានកិច្ចអន្តរាគមន៍គ្រប់ជ្រុងជ្រោយនៅក្នុងខ្សែច្រវាក់តម្លៃនៃដំណាំនេះ រួមទាំងជំរុញការកែច្នៃក្នុងស្រុកនិងរកទីផ្សារដើម្បីនាំចេញ។
ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិរបស់អគ្គនាយកដ្ឋានកសិកម្ម ក្នុង រយៈពេល៤ខែ ដើមឆ្នាំ ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេសមានបរិមាណសរុបចំនួន ៣.៨២៦ .៤៣២,៨៥តោន ទៅកាន់ទិសដៅ ៥៤ប្រទេស កើន ឡើងចំនួន ១.៧៨៤ ០០៦, ៨០ តោន (៨៧,៣៥%)បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ដែលមានចំនួនតែ ២.០៤២.៤២៦តោន។
ដោយឡែក ការនាំចេញផ្លែស្វាយស្រស់មានចំនួន ១៤២ ៥៥៦តោន កើនឡើងចំនួន ២៣៩,១៣% ដំណាប់ស្វាយមានចំនួន ៨.៤១៤ តោន(កើនឡើងចំនួន ១៣២,៨៤%) និងទឹកស៊ីរ៉ូស្វាយមានចំនួន ២ ១៨៣ តោន (កើនឡើងចំនួន ៥១,០៣%) ។ ឯកឧត្តមរដ្ឋមន្រ្តី បានឱ្យដឹងទៀតថា កំណើននៃបរិមាណនាំចេញនេះ ទោះជាកម្ពុជា ស្ថិតក្នុងស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ- ១៩នេះក៏ដោយ គឺពិតជាបានឆ្លុះបញ្ចាំងអំពីការផ្លាស់ប្តូរជាវិជ្ជមានទាំងបរិមាណ និងគុណភាពនៃផលិតកម្មកសិ កម្មនៅក្នុងប្រទេសកម្ពុជា ក្នុងនោះ វិធានការអនាម័យនិងភូតគាមអនាម័យ គឺបាននិងកំពុងដើរតួនាទីមិនអាចខ្វះបានក្នុងការធ្វើជាស្ពានចម្លងផលិតផលកសិកម្មទៅកាន់ទីផ្សារបរទេស ពិសេស ផលិតផលកសិកម្មមួយចំនួន ដែលជាប្រភេទផលិតផលជាប់កម្រិតកំណត់ ឬជាក្រុមផលិតផលដែលមានកម្រិតហានិភ័យខ្ពស់ ដែលការនាំ ចេញទំនិញប្រភេទនេះ ទាម ទារឱ្យសមត្ថកិច្ចភូតគាមអនាម័យកម្ពុជា ធ្វើសំណើសុំចរចាបើកទីផ្សារ ជាមួយសមត្ថកិច្ចភូតគាមអនាម័យនៃប្រទេសនាំចូល តាមរយៈការស្នើសុំវាយតម្លៃហានិភ័យសមាសភាពចង្រៃ ពាក់ព័ន្ធនឹងការនាំចូលទំនិញដែលបានស្នើសុំ។
យោងតាមស្ថិតិឆ្នាំ២០២០ បានបង្ហាញថា ផ្ទៃដីដាំដុះដំណាំស្វាយមានចំនួន ១៣១ .៨៩០ហិកតា ផ្ទៃដីដែលអាចប្រមូលផលមានចំនួន ៩១. ១០៤ហិកតា និងទិន្នផលជា មធ្យមទទួលបាន១៥តោនក្នុងមួយហិកតា ហើយរដូវ ដែលកម្ពុជាអាចមានបរិមាណស្វាយស្រស់ប្រមាណជា ១. ៣៨២.៤១៤តោន ក្នុងមួយរដូវជាមធ្យម៕