ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងកសិកម្ម ជំរុញដៃគូអភិវឌ្ឍន៍បង្កើនផលិតភាពផលិតកម្មកសិកម្ម តាមបច្ចេកវិទ្យាទំនើប

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 918
    ក្រសួងកសិកម្ម ជំរុញដៃគូអភិវឌ្ឍន៍បង្កើនផលិតភាពផលិតកម្មកសិកម្ម តាមបច្ចេកវិទ្យាទំនើបក្រសួងកសិកម្ម ជំរុញដៃគូអភិវឌ្ឍន៍បង្កើនផលិតភាពផលិតកម្មកសិកម្ម តាមបច្ចេកវិទ្យាទំនើប

    រដ្ឋមន្រ្តីកសិកម្ម ជំរុញដៃគូអភិវឌ្ឍន៍ ឱ្យបង្កើនផលិតភាពផលិតកម្មកសិកម្ម តាមរយ:ការអនុវត្តបច្ចេកវិទ្យាទំនើបទាន់សម័យ ដើម្បីធានាបាននូវស្តង់ដារផលិត កែច្នៃ វេចខ្ចប់ ធានាបានគុណភាព និងសុវត្ថិភាព ឆ្លើយតបបានតាមនិយាមទីផ្សារនាំចេញក្នុងតំបន់ និងអន្តរជាតិ។

    យោងតាមផេកផ្លូវការរបស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការអនុវត្តតាមគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ឆ្នាំ២០១៩-២០២៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងសហការជំរុញគាំទ្រ និងលើកទឹកចិត្តឱ្យប្រជាកសិករ អ្នកផលិត វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្ម យកចិត្តទុកដាក់បង្កើនផលិតភាពផលិតកម្មកសិកម្ម តាមរយ:ការអនុវត្តបច្ចេកវិទ្យាទំនើបទាន់សម័យ ការប្រើប្រាស់ពូជសុទ្ធ ការប្រើប្រាស់ធាតុចូលកសិកម្មឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់មន្ត្រីជំនាញ ស្លាកសញ្ញាវេចខ្ចប់ ការរៀបចំចងក្រងជាក្រុម ឬបណ្តុំផលិត ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។ លោកបានបញ្ជាក់ថា ការអនុវត្តដូច្នេះគឺដើម្បីធានាបាននូវស្តង់ដារផលិត កែច្នៃ វេចខ្ចប់ ធានាបានគុណភាព និងសុវត្ថិភាព ឆ្លើយតបបានតាមនិយាមទីផ្សារនាំចេញក្នុងតំបន់ និងអន្តរជាតិ។

    យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ដើម្បីចូលរួមចំណែកបំពេញលក្ខខណ្ឌតម្រូវ សម្រាប់ការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ សំដៅធានា ឬបញ្ជាក់ឱ្យបានសុក្រឹត្យភាពអំពីគុណភាព និងសុវត្ថិភាពកសិផល ឆ្លើយតបតាមតម្រូវការរបស់អ្នកបញ្ជាទិញ ឬប្រទេសនាំចូល មន្ទីរពិសោធន៍ជាតិកសិកម្ម (National Agriculture Laboratory-NAL) ស្ថិតក្រោមអគ្គនាយកដ្ឋានកសិកម្ម បាននិងកំពុងបំពេញបេសកកម្មសំខាន់ក្នុងការចូលរួមចំណែក និងគាំទ្រលើការងារពិសោធន៍ វិភាគ និងស្រាវជ្រាវគ្រប់មុខដំណាំ ជាពិសេសលើការពង្រឹងគុណភាព និងសុវត្ថិភាពកសិផល។ ក្នុងនោះ តួនាទី និងភារ កិច្ចរបស់មន្ទីរពិសោធន៍នេះ គឺសំដៅដល់ដំណើរការវិភាគ ត្រួតពិនិត្យលើធាតុចូលកសិកម្ម សារធាតុសរីរាង្គ និងអសរីរាង្គ ដើម្បីរកឱ្យឃើញកម្រិតបរិមាណសារធាតុ ដែលមានកម្រិតភាពសុទ្ធ និងសំណល់នៃធាតុសកម្ម មាននៅក្នុងដី ជី ទឹក រុក្ខជាតិ ថ្នាំកសិកម្ម និងពពួកមីក្រូសាព៌ាង្គកាយដែលអាចបង្កគ្រោះថ្នាក់ផ្សេងៗនៅក្នុងខ្សែសង្វាក់ផលិតកម្មកសិកម្ម។

    រដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ថា បច្ចុប្បន្នមន្ទីរពិសោធន៍ជាតិកសិកម្ម NAL បាននិងកំពុងផ្តល់សេវាកម្មជូនសាធារណជនមួយចំនួនលើការវិភាគសេវាគាំទ្រលើការងារពិសោធន៍ស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍ការវិភាគពាក់ព័ន្ធនឹងការកំណត់តំបន់ដាំដុះ ការគ្រប់គ្រង និងអភិរក្សធនធានដី និងសេវា ចូលរួមលើការងារសហការ និងអន្តរាគមន៍ ដែលត្រូវបានអនុវត្តជាប្រចាំ ដើម្បីទ្រទ្រង់ និងធ្វើឱ្យកាន់តែប្រសើរទ្បើងដល់ការអភិវឌ្ឍអនុវិស័យដំណាំ ដោយក្នុងនោះក៏បានរាប់បញ្ចូលផងដែរនូវការរួមចំណែករកប្រាក់ ចំណូលជូនរដ្ឋ៕

    អត្ថបទទាក់ទង