ខ្មែរប៉ុស្ដិ៍ Close

លោកស្រី មិថុនា ភូថង ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តកោះកុង សម្រាប់អាណត្តិថ្មី

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 76
លោកស្រី មិថុនា ភូថង ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តកោះកុង សម្រាប់អាណត្តិថ្មី លោកស្រី មិថុនា ភូថង ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តកោះកុង សម្រាប់អាណត្តិថ្មី

(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំងលោកស្រី មិថុនា ភូថង ជាអភិបាល នៃគណៈអភិបាលខេត្តកោះកុង សម្រាប់អាណត្តិថ្មី។

ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១។ ក្នុងព្រះរាជក្រឹត្យ ដែល Fresh News ទទួលបាននៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានគូសបញ្ជាក់ដែរថា ការត្រាស់បង្គាប់តែងតាំងលោកស្រី មិថុនា ភូថង ជាអភិបាលខេត្តកោះកុងអាណត្តិថ្មីនេះ មានការទូលថ្វាយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។

សូមបញ្ជាក់ថា លោកស្រី មិថុនា ភូថង អាយុប្រមាណ ៤០ឆ្នាំ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តកោះកុង ជាលើកដំបូងតាមការទូលថ្វាយរបស់សម្តេចតេជោ កាលអំឡុងខែមិថុនា ឆ្នាំ២០១៧។

លោកស្រី គឺជាអភិបាលខេត្តស្ត្រីដំបូងគេ និងក្មេងជាងគេផងដែរនៅក្នុងប្រទេសកម្ពុជា។ លោកស្រី មិថុនា ភូថង ជាកូនស្រីច្បងរបស់លោក យុទ្ធ ភូថង និងជាចៅស្រី របស់លោក សាយ ភូថង មេដឹកនាំចលនាតស៊ូនាភាគនិរតី។ លោកស្រី មានស្វាមីជាមន្ត្រីនគរបាលជើងទឹក និងមានកូនប្រុសពីរនាក់។

លោកស្រី មិថុនា ភូថង បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា លោកស្រី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងបញ្ចាប់ថ្នាក់អនុបណ្ឌិតផ្នែកនីតិសាស្ត្រ។ លោកស្រី បានចូលបម្រើការងារក្នុងក្របខណ្ឌមន្ត្រីរាជការកាលពីឆ្នាំ២០០៩។

លោកស្រី បានរំលឹកថា ក្រោយបញ្ចប់ការសិក្សាលោកស្រី បានបម្រើការនៅក្រុមហ៊ុនឯកជន ហើយមិនមានបំណងចូលធ្វើធ្វើមន្ត្រីនោះឡើយ ដោយសារតែឪពុករបស់លោកស្រី ខ្លាចកូនជាស្ត្រី មិនអាចបម្រើការងារជូនសង្គមជាតិបាន។

តែទោះជាយ៉ាងណា ក្នុងតំណែងជាអភិបាលខេត្តកោះកុងក្នុងអាណត្តិដំបូង រយៈពេលជិត ៤ឆ្នាំកន្លងទៅនេះ លោកស្រី មិថុនា ភូថង បានជម្នះឧបសគ្គ និងការលំបាកជាច្រើនក្នុងការដឹកនាំខេត្តដាច់ស្រយាលមួយនេះ ហើយរំលេចនូវសមិទ្ធផលជាច្រើនក្នុងខេត្តផងដែរ។

ក្នុងបទសម្ភាសន៍ជាមួយ Fresh News លោកស្រី មិថុនា ភូថង បានគោរពថ្លែងអំណរព្រះគុណព្រះមហាក្សត្រខ្មែរ និងសម្តេចតេជោ ហ៊ុន សែន ដែលបានសព្វព្រះទ័យ ទុកព្រះទ័យ និងផ្តល់ទំនុកចិត្ត ផ្តល់ឱកាសជូនលោកស្រី បានបម្រើរាជរដ្ឋាភិបាល បម្រើរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខេត្តកោះកុងក្នុងអាណត្តិថ្មី។

លោកស្រីអភិបាលខេត្តជាស្រ្តី វ័យក្មេងរូបនេះ បានបង្ហាញការតាំងចិត្តខិតខំអស់កម្លាំងកាយចិត្ត ដើម្បីសម្រេចការងារនិងសមិទ្ធផលថ្មីៗទៀត ជូនរាជរដ្ឋាភិបាល ជូនជាតិ និងប្រជាពលរដ្ឋក្នុងខេត្តកោះកុង៕

អត្ថបទទាក់ទង