ខ្មែរប៉ុស្ដិ៍ Close

វេទិកាសម្ព័ន្ធសង្គមស៊ីវិល ជួបប្រជុំជាមួយអាជ្ញាធរខេត្តកោះកុង និងខេត្តព្រះសីហនុ និងអង្គការសង្គមស៊ីវិល ដើម្បីជជែកពិភាក្សានិងពិគ្រោះយោបល់លើបញ្ហាប្រឈមនានា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 69
វេទិកាសម្ព័ន្ធសង្គមស៊ីវិល ជួបប្រជុំជាមួយអាជ្ញាធរខេត្តកោះកុង និងខេត្តព្រះសីហនុ និងអង្គការសង្គមស៊ីវិល ដើម្បីជជែកពិភាក្សានិងពិគ្រោះយោបល់លើបញ្ហាប្រឈមនានា វេទិកាសម្ព័ន្ធសង្គមស៊ីវិល ជួបប្រជុំជាមួយអាជ្ញាធរខេត្តកោះកុង និងខេត្តព្រះសីហនុ និងអង្គការសង្គមស៊ីវិល ដើម្បីជជែកពិភាក្សានិងពិគ្រោះយោបល់លើបញ្ហាប្រឈមនានា

ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានសហការជាមួយអាជ្ញាធរខេត្តកោះកុង និងខេត្តព្រះសីហនុ រៀបចំ «វេទិកាសន្ទនារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍» ក្នុងគោលបំណងជជែកពិភាក្សា និងពិគ្រោះយោបល់ដោយផ្ទាល់ជាមួយអង្គការសង្គមស៊ីវិល ដែលមានប្រតិបត្តិការនៅក្នុងខេត្តទាំងពីរនេះ។

លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានអញ្ជើញចូលរួមជាគណៈអធិបតីជាមួយលោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងលោក ជាយ វិជ្ជាក់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងវេទិកាសន្ទនាដាច់ដោយឡែកពីគ្នានៅខេត្តនីមួយៗ ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពចំណុះសាលាខេត្ត និងតំណាងអង្គការ សមាគម សហជីព និងសហគមន៍នានានៅក្នុងខេត្តទាំងពីរនេះ។

នៅក្នុងវេទិកាសន្ទនានេះ វ.ស.ស. អាជ្ញាធរខេត្ត និងអង្គការសង្គមស៊ីវិល បានធ្វើការជជែកពិភាក្សានិងពិគ្រោះយោបល់ដោយត្រង់ទៅត្រង់មកជាមួយគ្នា ក្នុងបរិយាកាសស្និទ្ធស្នាល ដោយបានលើកឡើងអំពីបញ្ហាប្រឈមជាក់ស្តែងដែលកើតមាននៅក្នុងមូលដ្ឋាននៃខេត្តនីមួយៗ ក៏ដូចជាសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋផងដែរ។

ជាងនេះទៅទៀត វេទិកាសន្ទនានេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការចែករំលែកនូវទស្សនៈរវាងគ្នាទៅវិញទៅមករវាងអាជ្ញាធរនិងអង្គការសង្គមស៊ីវិល សំដៅពង្រឹងភាពជាដៃគូជាមួយគ្នាឲ្យកាន់តែជិតស្និទ្ធថែមទៀត។ បន្ទាប់ពីបានជជែកពិភាក្សាគ្នាយ៉ាងផុសផុល អង្គវេទិកាបានដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរមួយចំនួនរបស់ប្រជាពលរដ្ឋ នៅក្នុងកិច្ចសន្ទនានេះផ្ទាល់តែម្តង។ ដោយឡែក បញ្ហាដែលនៅសេសសល់មួយចំនួនទៀតដែលតម្រូវឲ្យមានការសិក្សាឲ្យបានល្អិតល្អន់ ត្រូវបានលើកយកទៅបន្តពិភាក្សាជាមួយមន្ទីរ-អង្គភាព និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ដើម្បីសហការស្វែងរកដំណោះស្រាយជាមួយគ្នា។

សូមបញ្ជាក់ថា វ.ស.ស. គឺជាអ្នកសម្របសម្រួលដ៏សំខាន់ ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាលជាមួយអង្គការសង្គមស៊ីវិល ដែលជាដៃគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គមជាតិឲ្យកាន់តែមានការរីកចម្រើន។ វ.ស.ស. ចូលរួមលើកកម្ពស់តួនាទីរបស់អង្គការសង្គមស៊ីវិល ក្នុងការចូលរួមចំណែកផ្តល់ការគាំទ្រនិងជំរុញការអនុវត្តគម្រោងជាក់ស្តែង ដែលឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋមូលដ្ឋាន តាមរយៈអង្គការសង្គមស៊ីវិល ដែលជាដៃគូរបស់ វ.ស.ស.។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលតែងតែផ្តល់សារៈសំខាន់ខ្ពស់ចំពោះតួនាទីនិងការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិល ដែលបានបំពេញការងារយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលនិងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចឲ្យមានការរីកចម្រើនប្រកបដោយចីរភាព។

ដោយរាប់បញ្ចូលទាំងពីរខេត្តនេះទៀត វ.ស.ស. បានបំពេញបេសកកម្មសំណេះសំណាលជាមួយតំណាងអង្គការសង្គមស៊ីវិល បានសរុបចំនួន ១៧ខេត្តហើយ ហើយនឹងបន្តវេទិកាសន្ទនានេះនៅ ៨រាជធានី-ខេត្តផ្សេងទៀត ៕

អត្ថបទទាក់ទង