ខ្មែរប៉ុស្ដិ៍ Close

លោក កៅ ថាច៖ កម្ពុជាកំពុងខ្វះអ្នកជំនាញបណ្ដុះពូជ និងផលិតពូជលក់, វិស័យឯកជនគួរចាប់ឱកាសវិនិយោគ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 47
លោក កៅ ថាច៖ កម្ពុជាកំពុងខ្វះអ្នកជំនាញបណ្ដុះពូជ និងផលិតពូជលក់, វិស័យឯកជនគួរចាប់ឱកាសវិនិយោគ លោក កៅ ថាច៖ កម្ពុជាកំពុងខ្វះអ្នកជំនាញបណ្ដុះពូជ និងផលិតពូជលក់, វិស័យឯកជនគួរចាប់ឱកាសវិនិយោគ

(ភ្នំពេញ)៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានលើកឡើងថា បច្ចុប្បន្ននេះប្រទេសកម្ពុជា កំពុងខ្វះខាតអ្នកជំនាញផ្នែកកសិកម្ម ដោយផ្ដោតសំខាន់លើអ្នកជំនាញបណ្ដុះពូជ និងផលិតគ្រាប់ពូជដំណាំផ្សេងៗ ដើម្បីចែកចាយបន្ដឲ្យប្រជាកសិករ មកធ្វើកសិកម្ម។

លោកបានបញ្ជាក់ថា ជំនាញនេះគួរតែមានជាពិសេសវិស័យឯកជនវិនិយោគព្រោះថា បច្ចុប្បន្ននេះប្រជាកសិករកំពុងប្រឈម និងការជ្រើសរើសគ្រាប់ពូជមិនត្រឹមត្រូវ បង្កបង្កើនផលមិនបានផលជាដើម។

លោក កៅ ថាច បានបន្ថែមថា «ប្រជាកសិករក៏នៅមានបញ្ហា ក្នុងការជ្រើសរើសគ្រាប់ពូជ ការនាំចូលគ្រាប់ពូជពីក្រៅប្រទេស ពុំដឹងឡើយថា គ្រាប់ពូជទាំងនេះដាំដុះទៅបានទទួលផល។ បច្ចុប្បន្នកម្ពុជាកំពុងខ្វះអ្នកបណ្ដុះកូនពូជលក់ មានន័យថា ប្រសិនបើប្រជាកសិករទៅទិញកូនពូជ ឬគ្រាប់ពូជពីកន្លែងបណ្ដុះកូនពូជលក់ យកមកដាំដុះនឹងទទួលផល ព្រោះអ្នកដែលដាំដុះពូជលក់នេះ ជាអ្នកជំនាញផ្នែកផលិតពូជ និងគ្រាប់ពូជជាដើម»។

ការលើកឡើងរបស់លោក កៅ ថាច ធ្វើឡើងក្នុងឱកាសផ្ដល់បទសម្ភាសន៍ស្ដីពី «ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល គាំទ្រវិស័យបន្លែផ្លែឈើ» ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News។

លោកបានបញ្ជាក់ថា «បច្ចុប្បន្ននេះកម្ពុជាមានការខ្វះខាតច្រើន លើអ្នកជំនាញបណ្ដុះកូនបន្លែ និងបណ្ដុះផ្លែឈើ ខណៈប្រទេសមួយចំនួនដូចប្រទេសថៃ មានអ្នកជំនាញនេះហើយ ជាក់ស្ដែងដូចដំណាំដូងក្រអូប អ្នកណាក៏ថាដូងក្រអូបនាំចូលពីប្រទេសថៃ និងប្រទេសវៀតណាម ខណៈកម្ពុជាមិនទាន់មានការបណ្ដុះលក់ ជាឧស្សាហកម្មនោះឡើយ ដាច់ខាតជំនាញមួយនេះ កម្ពុជាត្រូវតែមានដើម្បីជួយសម្រួលដល់ប្រជាកសិករ ខ្ញុំសង្ឃឹមថា វិស័យឯកជននឹងមើលឃើញចំនុចនេះ និងចាប់ផ្ដើមវិនិយោគ»។

លោកបានបន្ដថា ជំនាញនេះពិតជាមិនអាចខ្វះបានឡើយ ព្រោះបានចូលរួមជួយដល់ប្រជាកសិករ ធ្វើឲ្យវិស័យកសិកម្មនៅកម្ពុជា កាន់តែរីកលូតលាស់ ហើយបើមានការចូលរួមពី ផ្នែកឯកជនច្រើន នោះវិស័យកសិកម្ម នឹងរឹងតែមានការរីកលូតលាស់ និងស្ថិរភាព។

ក្រៅពីនេះលោកក៏បាន ស្នើដល់ប្រជាពលរដ្ឋ ដែលជាប្រជាកសិករ ប្រកបកសិកម្មចិញ្ចឹមជីវិត សូមផ្លាស់ប្ដូរផ្នត់គំនិតពី ការធ្វើអាជីវកម្មដាំដុះ ដើម្បីតែបំពេញតម្រូវការខ្លួនឯង តែត្រូវធ្វើរបរកសិកម្មប្រែក្លាយជាអាជីវកម្ម ដែលអាចទិញ-លក់ ទទួលបានលុយចំណេញ ព្រោះការធ្វើបែបនេះ មិនត្រឹមតែធ្វើឲ្យជីវភាពល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្ដែចូលរួមកាត់បន្ថយភាពក្រីក្រថែមទៀតផង៕