ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាកំពុងចរចានាំចេញផ្លែស្វាយ ដោយផ្ទាល់ទៅកាន់ប្រទេសចិន

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 234
កម្ពុជាកំពុងចរចានាំចេញផ្លែស្វាយ ដោយផ្ទាល់ទៅកាន់ប្រទេសចិន កម្ពុជាកំពុងចរចានាំចេញផ្លែស្វាយ ដោយផ្ទាល់ទៅកាន់ប្រទេសចិន

បន្ទាប់ជោគជ័យក្នុងការនាំចេញផ្លែចេកស្រស់ទៅកាន់ប្រទេសចិនហើយនោះរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទលោកវេងសាខុនបានបញ្ជាក់ឲ្យដឹងថាកម្ពុជាកំពុងរៀបចំការចរចាជាមួយភាគីចិនដើម្បីឈានដល់ការសម្រេចបាននូវការចុះហត្ថលេខារួមគ្នាលើពិធីសារស្តីពីការនាំចេញផ្លែស្វាយដោយផ្ទាល់ពីកម្ពុជាទៅទីផ្សារប្រទេសចិនថែមទៀត។

ជាមួយគ្នានេះលោករដ្ឋមន្ត្រីបញ្ជាក់ថាកម្ពុជាចង់ស្នើជាកញ្ចប់នូវផលិតផលកសិកម្មទៅកាន់ភាគីចិនដោយមិនដាក់តែផ្លែស្វាយមួយមុខនោះទេដើម្បីផ្តល់ភាពងាយស្រួលដល់កសិករខ្មែរ។កញ្ចប់ផលិតនោះរួមមានផ្លែស្វាយតាងែនស្រការនាគនិងទឹកមាត់ត្រចៀកកាំ។

បច្ចុប្បន្នផលិតផលកសិកម្មរបស់កម្ពុជាចំនួន៥មុខត្រូវបានភាគីចិនអនុញ្ញាតឲ្យនាំចេញដោយផ្ទាល់គឺអង្ករចំណិតដំឡូងមីក្រៀមស្វាយចន្ទីចុងអង្ករនិងចេកដែលទើបសម្រេចបានថ្មីៗនេះ។

ក្នុង១ឆ្នាំៗកម្ពុជាប្រមូលបានទិន្នផលស្វាយប្រមាណជិត១លានតោនខណៈកម្ពុជានាំចេញស្វាយទៅកាន់ប្រទេសជិតខាងរួមមានវៀតណាមនិងថៃជាដើម។

ថ្លែងក្នុងពិធីសម្ពោធរោងចក្រកែច្នៃវេចខ្ចប់និងការនាំចេញចេកអំបូងលឿងដំបូងគេនៅកម្ពុជាទៅទីផ្សារចិនដោយផ្ទាល់នៅថ្ងៃទី១០ខែឧសភាឆ្នាំ២០១៩លោករដ្ឋមន្ត្រីវេងសាខុនបានថ្លែងថា«អ្វីដែលយើងកំពុងគិតគូរសង្ឃឹមថាអគ្គនាយកដ្ឋានកសិកម្មសហការជាមួយភាគីពាក់ព័ន្ធនឹងធ្វើកិច្ចសហប្រតិបត្តិការល្អប្រសើរក្នុងការឈានដល់ការនាំចេញនូវផលិតផលជាច្រើនទៀតពីកម្ពុជាជាពិសេសផ្លែស្វាយដែលកម្ពុជានាពេលបច្ចុប្បន្ននេះគឺផលិតបានជិត១លានតោនហើយនោះដែលត្រូវរកទីផ្សារធ្វើការនាំចេញ»

លោកប្តថា«ឯកអគ្គរាជទូតខ្មែរនៅរដ្ឋធានីប៉េកាំងបានជូនដំណឹងមកខ្ញុំថាភាគីចិននឹងអញ្ជើញកម្ពុជានិងធ្វើការជជែករៀបចំពិធីសារស្តីអំពីការនាំចេញផ្លែស្វាយចេញពីកម្ពុជាអាចនៅក្នុងខែកក្កដាខាងមុខនេះ។យើងក៏ចង់លើកជាកញ្ចប់ដែរព្រោះយើងមិនចង់លើកមួយម្តងទេដែលដំបូងការនាំចេញអង្ករបន្ទាប់មកការនាំចេញដំឡូងមីស្វាយចន្ទីចុងអង្ករនិងចេក។ហើយលើកនេះគឺលើកពីផ្លែស្វាយតែយើងចង់លើកជាកញ្ចប់រួមមានស្វាយតាងែនស្រការនាគជាមួយនឹងទឹកមាត់ត្រចៀកកាំផងដែរ»

លោករដ្ឋមន្ត្រីបញ្ជាក់ថាការដាក់ជាកញ្ចប់នេះដើម្បីងាយស្រួលដល់ប្រជាជនកម្ពុជាជាពិសេសកសិករអាចមានលទ្ធភាពផលិតកាន់តែមានទំហំធំឡើងដើម្បីជាប្រយោជន៍ដល់ជីវភាពរស់នៅរបស់ប្រជាជន។

នៅឆ្នាំ២០១៨កម្ពុជាបាននាំចេញផលិតផលកសិកម្មផ្លូវការសរុបជាង៤.៣លានតោនហើយបើសិនគិតទាំងផលិតផលនាំចេញក្រៅផ្លូវការគឺមិនតិចជាង៧លានតោនទេ។

ដោយឡែកសម្រាប់ការនាំចេញកសិផលទៅប្រទេសចិននៅឆ្នាំ២០១៦កម្ពុជានាំចេញបានជាង២៨ម៉ឺនតោន, ឆ្នាំ២០១៧នាំចេញបានជាង៣០ម៉ឺនតោន, ឆ្នាំ២០១៨បានជាង៤៥ម៉ឺនតោនហើយរំពឹងថាការនាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសចិននៅឆ្នាំ២០២០មិនតិចជាង១លានតោនទេរួមទាំងអង្ករ៕

អត្ថបទទាក់ទង