ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ អ្នកដែលផ្សព្វផ្សាយបន្តនូវព័ត៌មានមិនពិត អាចជាកម្មវត្ថុនៃការស្រាវជ្រាវ និងសួរនាំពីសមត្ថកិច្ច

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 34
អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ អ្នកដែលផ្សព្វផ្សាយបន្តនូវព័ត៌មានមិនពិត អាចជាកម្មវត្ថុនៃការស្រាវជ្រាវ និងសួរនាំពីសមត្ថកិច្ច អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ អ្នកដែលផ្សព្វផ្សាយបន្តនូវព័ត៌មានមិនពិត អាចជាកម្មវត្ថុនៃការស្រាវជ្រាវ និងសួរនាំពីសមត្ថកិច្ច

ថ្លែងនៅក្នុងសន្និសីទព័ត៌មានជុំវិញការកែសម្រួល អនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា អ្នកដែលផ្សព្វផ្សាយបន្តព័ត៌មានមិនពិត អាចជាកម្មវត្ថុនៃការស្រាវជ្រាវ និងសួរនាំពីអាជ្ញាធរមានសមត្ថកិច្ច។

លោក គឹម សន្តិភាព បានបញ្ជាក់ថា ៖ “ការផ្សព្វផ្សាយនូវព័ត៌មានមិនពិត ពាក់ព័ន្ធនឹងការស្លាប់ដោយសារតែការចាក់វ៉ាក់សាំង (Sinopharm) ដែលជាជំនួយរបស់មិត្តចិន ជូនព្រះរាជាណាចក្រកម្ពុជានោះ គឺជាការផ្សព្វផ្សាយដែលមានគោលបំណងច្បាស់លាស់ណាស់ គឺជាគោលបំណងបង្កឱ្យមានភាពវឹកវរនៅក្នុងសង្គមកម្ពុជាតែម្តង ដែលធ្វើឱ្យប្រជាពលរដ្ឋបាត់ទំនុកចិត្ត ធ្វើឱ្យមន្ត្រីរាជការមានបញ្ហានៅក្នុងអារម្មណ៍ភ្លាមទាំងអស់គ្នា រួមទាំងអ្នកដែលបានចាក់វ៉ាក់សាំងដូសទី១ កន្លងមកនេះ។ សកម្មភាពនេះ គឺពិតប្រាកដណាស់នឹងធ្វើសង្គមយើងមានបញ្ហា”។

លោកបានបន្តថា ៖ “សម្រាប់បុគ្គលដែលចាប់ផ្តើមបញ្ចេញ ឬផ្សព្វផ្សាយព័ត៌មានមិនពិតនេះ គឺជាការទទួលខុសត្រូវចំពោះមុខច្បាប់មួយតាមមាត្រា៤៩៥។ ដោយឡែកសម្រាប់អ្នកដែលចែកចាយបន្តវិញ បើទោះជាចង់ឬមិនចង់ នឹងក្លាយជាកម្មវត្ថុនៃការស្រាវជ្រាវរបស់អាជ្ញាធរមានសមត្ថកិច្ច ពីព្រោះថាការចែកចាយបន្ត (Share) នេះក៏មានគោលបំណងដែរ គឺដើម្បីផ្សព្វផ្សាយបន្តឱ្យអ្នកដទៃទៀតបានឃើញ។ ដូច្នេះ ខ្ញុំសូមអំពាវនាវដ៏ទទូចទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងប្រើប្រាស់បណ្តាញសង្គម សូមធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវ ស្វែងរកប្រភពឱ្យបានច្បាស់លាស់នូវរាល់ព័ត៌មានដែលបងប្អូនគិតថានឹងផ្សព្វផ្សាយបន្ត ព្រោះថាប្រភពព័ត៌មានគឺសំខាន់ណាស់ ហើយក៏ជាចំនុចស្លាប់រស់មួយដែរ ដែលអាចកំណត់ថាព័ត៌មាននោះពិត ឬមិនពិត”។

ដោយឡែកពាក់ព័ន្ធនឹងសំនួរដែលថា ចុះបើក្នុងករណីដែលពុំដឹងថាព័ត៌មានហ្នឹងពិត ឬមិនពិតវិញ លោក គឹម សន្តិភាព បានពន្យល់ថា ចម្លើយរបស់បងប្អូនដែលផ្សព្វផ្សាយបន្តនូវព័ត៌មានមិនពិត គឺត្រូវឆ្លើយនៅមុខអាជ្ញាធរមានសមត្ថកិច្ច ព្រោះសមត្ថកិច្ចមានតួនាទីត្រូវសួរនាំ ដែលនាំឱ្យបងប្អូនខាតទាំងពេលវេលា ហើយអាចជំពាក់នឹងទោសទណ្ឌទៀត ក្នុងករណីដែលបងប្អូនពុំមានទឡ្ហីករ ឬភស្តុតាងច្បាស់លាស់ ដើម្បីដោះបន្ទុកឱ្យរួចផុតពីការចោទប្រកាន់។

ជាថ្មីម្តងទៀត លោក គឹម សន្តិភាព ស្នើប្រជាពលរដ្ឋឱ្យពិចារណាឡើងវិញមុននឹងចែកចាយបន្តនូវព័ត៌មានណាមួយ ដើម្បីចៀសផុតពីការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ ដែលកើតឡើងដោយការធ្វេសប្រហែសរបស់ប្រជាពលរដ្ឋខ្លួនឯង។

គួររម្លឹកថា កាលពីថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០២១ មានការផ្សព្វផ្សាយនូវព័ត៌មានមិនពិតមួយ ស្តីពី មរណភាពរបស់អ្នកគ្រូ ឆន ណារី ដែលជាគ្រូបង្រៀននៅខេត្តក្រចេះ ថាបានស្លាប់បន្ទាប់ពីការចាក់វ៉ាក់សាំង ស៊ីណូហ្វាម ដែលតាមការពិត គឺអ្នកគ្រូបានទទួលមរណភាពដោយជំងឺរលាកស្រោមខួរធ្ងន់ធ្ងរ៕

អត្ថបទទាក់ទង