ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ តាមច្បាប់កម្ពុជារាល់ការចាប់ខ្លួនតាមទំនើងចិត្ត ដោយគ្មានមូលដ្ឋាននៃបទល្មើស គឺជាអំពើខុសច្បាប់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 56
អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ តាមច្បាប់កម្ពុជារាល់ការចាប់ខ្លួនតាមទំនើងចិត្ត ដោយគ្មានមូលដ្ឋាននៃបទល្មើស គឺជាអំពើខុសច្បាប់ អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ តាមច្បាប់កម្ពុជារាល់ការចាប់ខ្លួនតាមទំនើងចិត្ត ដោយគ្មានមូលដ្ឋាននៃបទល្មើស គឺជាអំពើខុសច្បាប់

អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បានថ្លែងបញ្ជាក់នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ថា តាមច្បាប់កម្ពុជាគ្មានការចាប់ខ្លួន បើគ្មានការប្រព្រឹត្តខុសច្បាប់ ហើយការចាប់ខ្លួនបុគ្គលណាមួយត្រូវអនុវត្តតាមច្បាប់ និងនីតិវិធីជាធរមាន។ ការលើកឡើងរបស់លោក គឹម សន្តិភាព នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ធ្វើឡើងបន្ទាប់ពីស្ថានទូតសហរដ្ឋអាមេរិក សរសេរនៅលើបណ្តាញសង្គមថា អំពាវនាវឲ្យមានការដោះលែងដោយឥតលក្ខខណ្ឌ ចំពោះអ្នកទាំងឡាយណា ដែលត្រូវបានចាប់ឃុំខ្លួនដោយទំនើងចិត្ត និងខុសច្បាប់ ដោយរួមទាំងអ្នកសារព័ត៌មាន សកម្មជនសង្គមស៊ីវិល និងអ្នកគាំទ្រ ព្រមទាំងសមាជិកនៃគណបក្សនយោបាយប្រឆាំងនានា។

អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃនេះយ៉ាងដូច្នេះថា «រាល់ការចាប់ខ្លួនតាមទំនើងចិត្តដោយគ្មានមូលដ្ឋាននៃបទល្មើសគឺជាអំពើខុសច្បាប់ ដូច្នេះប្រកដណាស់ថាមិនត្រឹមតែទទួលបានការដោះលែងដោយគ្មានលក្ខខណ្ឌនោះទេ ថែមទាំងអ្នកប្រព្រឹត្តអំពើនេះ ក៏ត្រូវប្រឈមមុខនឹងច្បាប់ផងដែរ»។

សូមជម្រាបថា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានពិសេសមួយ ដោយសម្រេចដាក់លោក កឹម សុខា ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល ប៉ុន្តែទទួលបានការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យតាមផ្លូវការ។
ការទទួលបានការបន្ធូរបន្ថយកាតព្វកិច្ចនៅពេលនេះ, ដោយសារជនត្រូវចោទលោក កឹម សុខា នាពេលកន្លងមកបានគោរពត្រឹមត្រូវតាមកាតព្វកិច្ច នៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ព្រមទាំងមានកិច្ចសហការល្អក្នុងដំណើរការនីតិវិធីតុលាការ ជាពិសេសបញ្ហាសុខភាព របស់ជនត្រូវចោទដែលចាំបាច់ត្រូវពិនិត្យ និងព្យាបាល។

សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា ជនត្រូវចោទឈ្មោះ កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេចបន្តដាក់ឲ្យស្ថិត ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយត្រូវជាប់កាតព្វកិច្ចដូចខាងក្រោម ៖
ក៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
ខ៖ មិនត្រូវធ្វើសកម្មភាពនយោបាយ។
គ៖ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។

សូមជំរាបថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ «ក្បត់ជាតិ» ឃុបឃិត ជាមួយបរទេសផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ បន្ទាប់ពីបែកធ្លាយវីដេអូមួយដែលលោកនិយាយថា លោកអនុវត្តតាមការណែនាំពីបរទេស ដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែប៊ី៕

អត្ថបទទាក់ទង