ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ការបន្ដអំពាវនាវរបស់ក្រុមឧទ្ទាម បង្ហាញពីឆន្ទៈក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាល និងរបបរាជានិយម

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 52
អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ការបន្ដអំពាវនាវរបស់ក្រុមឧទ្ទាម បង្ហាញពីឆន្ទៈក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាល និងរបបរាជានិយម អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ការបន្ដអំពាវនាវរបស់ក្រុមឧទ្ទាម បង្ហាញពីឆន្ទៈក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាល និងរបបរាជានិយម

លោក គឹម សន្ដិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានអះអាងថា ការបន្ដអំពាវនាវរបស់មេក្រុមឧទ្ទាមក្រៅច្បាប់ ទណ្ឌិត សម រង្ស៉ី ជាបន្ដបន្ទាប់នេះ គឺបង្ហាញអំពីឆន្ទៈយ៉ាងមុតមាំ ក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងរបបរាជានិយម នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ។ តាមរយៈ Facebook អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ បានគូសបញ្ជាក់ទៀតថា វោហារសព្ទរបស់ក្រុមឧទ្ទាមក្រៅច្បាប់ទាំងអស់នេះ នឹងដាក់បន្ទុកឲ្យពួកគេក្លាយជាឧក្រិដ្ឋជន យ៉ាងពិតប្រាកដ គ្មានអ្វីក្រៅតែពីជួយដាក់បន្ទុកបន្ថែមទៀត លើបទឧក្រិដ្ឋរបស់ក្រុមឧទ្ទាមជនទាំងនេះតែប៉ុណ្ណោះ។

លោក គឹម សន្ដិភាព បានរៀបរាប់យ៉ាងដូច្នេះថា «វោហារសព្ទរបស់អ្នក នឹងដាក់បន្ទុកអ្នកឲ្យក្លាយជាឧក្រិដ្ឋជន! ការបង្កើនវោហារហិង្សា និងការបន្តអំពាវនាវ របស់ក្រុមឧទ្ទាម គឺជាការបង្ហាញអំពីឆន្ទៈយ៉ាងមុតមាំ ក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងរបបរាជានិយមនាថ្ងៃទី៩ វិច្ឆិកា ខាងមុខឲ្យបានសម្រេច។ វោហារសព្ទទាំងអស់នេះ គ្មានអ្វីក្រៅតែពីជួយដាក់បន្ទុកបន្ថែមទៀតលើបទឧក្រិដ្ឋរបស់ក្រុមឧទ្ទាមជនទាំងនេះតែប៉ុណ្ណោះ»។

សូមជម្រាបថា ទណ្ឌិត សម រង្ស៉ី និងអតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិមួយចំនួនទៀត បានប្រកាសធ្វើរដ្ឋប្រហារខុសច្បាប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់កម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ចំនឹងបុណ្យឯករាជ្យជាតិ។ ទន្ទឹមនឹងការប្រកាសធ្វើរដ្ឋប្រហារ សម រង្ស៉ី ដែលប្រើប្រាស់តួនាទីជាប្រធានស្តីទី នៃអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសរៀបចំថវិកា ដល់កងទ័ពដែលផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ដើម្បីចូលរួមការផ្តួលរំលំនេះ ព្រមទាំងអំពាវនាវដល់ព្រះមហាក្សត្រឱ្យដាក់រាជថែមទៀត។ ពាក់ព័ន្ធនឹងសកម្មភាពរបស់ទណ្ឌិត សម រង្ស៉ី និងបក្ខពួកនេះ រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ ចាត់ទុកថាជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រកាសចាត់វិធានការតាមច្បាប់ និងតួនាទី ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម។
រូបថតទណ្ឌិត សម រង្ស៉ី និងអតីតថ្នាក់ដឹកនាំសំខាន់ៗ អតីតគណបក្សសង្គ្រោះជាតិ ដែលជាក្រុមមេឧទ្ទាមក្រៅច្បាប់សរុប ៩នាក់ ត្រូវបានទាហានឈុតខ្មៅរបស់ប្រទេសថៃ យកទៅបិទនៅច្រកព្រំដែនថៃ-កម្ពុជា នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយទាហានឈុតខ្មៅរបស់ថៃ បានយករូបថតមនុស្សទាំង៩នាក់ ជាអតីតថ្នាក់ដឹកនាំកំពូលរបស់អតីតគណបក្សសង្គ្រោះជាតិ រួមមាន ទណ្ឌិត សម រង្ស៉ី, មូរ សុខហួរ, អ៊ូ ចាន់រិទ្ធ, ជូឡុង ស៊ូម៉ារ៉ា, នុត រំដូល, ហូ វ៉ាន់, ឡុង រី, អេង ឆៃអ៊ាង និង ម៉ែន សុថាវរិន្ទ យកទៅបិទនៅច្រកព្រំដែនអានសេះ ជាប់ព្រំដែនខេត្តព្រះវិហារ និងខេត្ដអ៊ូរប៊ុន ប្រទេសថៃ ក្នុងគោលបំណងទប់ស្កាត់មិនឲ្យមនុស្សទាំង៩នាក់នេះ ឆ្លងដែនចូលប្រទេសកម្ពុជានោះឡើយ៕

អត្ថបទទាក់ទង