អង្គការសហប្រជាជាតិ ៖ ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងមីយ៉ាន់ម៉ាអាចបង្កជាបញ្ហាច្រើនជាងដំណោះស្រាយ
ក្នុងរយៈពេលមិនដល់ ២ សប្តាហ៍នៃការកាន់តំណែងផង លោកប្រធានាធិបតី ចូ បៃឌិន បានប្រឈមមុខនឹងបញ្ហានយោបាយការបរទេសថ្មីមួយ។ នៅមីយ៉ាន់ម៉ារដ្ឋប្រហារយោធា ដែលបានបង្កជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យដ៏ផុយស្រួយ បានជំរុញឱ្យសហរដ្ឋអាមេរិកគំរាមសងសឹកតាមផ្នែកសេដ្ឋកិច្ច។ ប៉ុន្តែអង្គការសហប្រជាជាតិនិងអ្នកជំនាញ ល្បីៗបានព្រមានថា «ប្រសិនបើអនុវត្តមិនបានត្រឹមត្រូវ វិធានការទាំងនោះនឹងអាចបង្កជាផលអាក្រក់ច្រើនជាងផលល្អ»។
អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលោកស្រី Ravina Shamdasani បាន និយាយថា «យើងតែងតែរិះគន់ឥតឈប់ឈរនូវការអនុវត្តវិធានការដាក់ទណ្ឌកម្មលើវិស័យនានាដែលអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចនិងសិទ្ធិមនុស្ស។ ហើយក្រុមជនងាយរងគ្រោះមួយចំនួនក៏បាននិងកំពុងប្រឈមមុខនឹងបញ្ហានេះផងដែរ»។
ប្រជាជនភាគច្រើន នៅក្នុងប្រទេសមីយ៉ាន់ម៉ាបានទទួល រងនូវហានិភ័យតាំងពី មុនពេលកើតមានព្រឹត្តិការណ៍នៅសប្តាហ៍នេះទៅទៀត ដែលរួមមានបញ្ហានៃការបែកបាក់ផ្នែកជាតិ សាសន៍និងសាសនា ក៏ដូចជាផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដែល បង្កឡើងដោយវីរុស Covid-19 ។
កាលពីថ្ងៃច័ន្ទទីប្រឹក្សារដ្ឋ លោកស្រីអ៊ុងសាន ស៊ូជី, ប្រធានាធិបតី Win Myint និងសមាជិកជាប់ឆ្នោតដទៃទៀត នៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ត្រូវបានទម្លាក់ចេញពីតំណែងនិងដាក់នៅក្រោមការឃុំខ្លួនក្នុងផ្ទះ ពីសំណាក់កងកម្លាំង Tatmadaw ។ អគ្គមេបញ្ជាការឧត្តមសេនីយ Min Aung Hlaing បន្ទាប់មកត្រូវបានតែងតាំងជាមេដឹកនាំប្រទេស និងបានប្រកាសដាក់ ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេល ១ ឆ្នាំ។
យោធាបានអះអាងអំពីភាពត្រឹមត្រូវនៃចំណាត់ការនេះដោយបានលើកឡើងអំពីការ ចោទប្រកាន់ពាក់ព័ន្ធនឹងការក្លែងបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតជាតិ កាលពីខែវិច្ឆិកា។
ប៉ុន្តែ ក្រុមអ្នករិះគន់យល់ថា : សកម្មភាព នេះគឺជាការប៉ុនប៉ង ដើម្បីស្តារការ គ្រប់គ្រងរបស់របបយោធាឡើងវិញ ដែលជំហានបែបនេះក៏ធ្លាប់បានរងនូវការរិះគន់ និងការដាក់ទណ្ឌកម្មពីអន្តរជាតិផងដែរ។ ក្រោយពេលដែល លោកស្រីអ៊ុងសានស៊ូជី ត្រូវបានដោះលែងនិងឡើងកាន់តំណែងជាប្រមុខរដ្ឋការរឹតត្បិតពីសំណាក់អន្តរជាតិក៏ត្រូវបានដកចេញ។
ប៉ុន្តែ ព្រឹត្តិការណ៍នាពេលថ្មីៗនេះ អាចនឹងធ្វើឱ្យប្រទេសមីយ៉ាន់ម៉ាធ្លាក់ទៅក្នុងបញ្ជីខ្មៅរបស់អន្តរជាតិជាថ្មីម្តងទៀត។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ លោក បៃឌិន បានលើកឡើងថា «សហរដ្ឋអាមេរិកបានដកទណ្ឌកម្មចេញពីប្រទេសភូមាក្នុងរយៈពេល ១ ទសវត្សរ៍កន្លងមកដោយផ្អែកលើការរីកចម្រើនឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។ ការធ្លាក់ចុះនៃភាពរីកចម្រើននេះ អាចនឹងធ្វើឱ្យមានការពិនិត្យឡើងវិញជាបន្ទាន់ពាក់ព័ន្ធនឹងច្បាប់និងសិទ្ធិអំណាចនៃការដាក់ទណ្ឌកម្មមកលើ ប្រទេសនេះ»។
ការប្រើប្រាស់ទណ្ឌកម្មជាក់លាក់ណាមួយនឹងទទួលបាននូវការស្វាគមន៍ពី សំណាក់អ្នករិះគន់របបយោធាភូមា បូករួមទាំងពីសំណាក់បេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិដែលបានធ្វើឡើងនៅក្នុងប្រទេសមីយ៉ានម៉ាកាលពីខែសីហា ឆ្នាំ ២០១៩។
ក្រុមនេះបានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុជាគោលដៅ ប្រឆាំងនឹងមន្រ្តីជាន់ខ្ពស់របស់កងកម្លាំង Tatmadaw ក៏ដូចជា បណ្តាក្រុមហ៊ុននិងស្ថាប័ននានាដែលមាន ទំនាក់ទំនងនឹងយោធា ភូមា និងដែលមានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។
លោកស្រី Shamdasani បាន និយាយថា «ក្នុងនាមជាការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ជំហរជាទូទៅរបស់យើងស្តីអំពីការដាក់ទណ្ឌកម្ម គឺថាដើម្បីធានានូវការអនុវត្តប្រកបដោយគណនេយ្យភាពទណ្ឌកម្មគោលដៅប្រឆាំងនឹងបុគ្គលណា មួយដែលរងនូវការចោទប្រកាន់ថាបាន រំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ គួរតែត្រូវបានអនុវត្តដោយត្រឹមត្រូវ និងដោយស្មើភាពគ្នា និងត្រូវធានាថា : វានឹងមិនបង្កផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ ដល់បញ្ហាសិទ្ធិមនុស្សនោះទេ»។
លោកស្រី Shamdasani ក៏បានលើកឡើងផងដែរអំពីផលប៉ះពាល់អវិជ្ជមាន ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មបែបនេះ ដែលបានកើតមានរួច ហើយនៅក្នុងបណ្តាប្រទេសមួយចំនួនដូចជាគុយបា, អ៊ីរ៉ង់, កូរ៉េខាងជើង,
វ៉េណេស៊ុយអេឡា និងហ្ស៊ីមបាវេ។
ឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលោកស្រី Michelle Bachelet បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាល ពីខែមីនាថា «នៅក្នុងពេលវេលាដ៏លំបាក នេះនិងដោយផ្អែកលើ ហេតុផលសុខភាពសាធារណៈសកល និងការគាំទ្រដល់សិទ្ធិមនុស្សនិងការរស់រានមានជីវិតរបស់ប្រជាជនរាប់លាននាក់ នៅក្នុងប្រទេសទាំង នេះ ការដាក់ទណ្ឌកម្មតាមវិស័យ (sectoral sanctions) គួរតែត្រូវបានបន្ធូរបន្ថយ ឬផ្អាក»។
ប៉ុន្តែ បើទោះបីជាមានការដាក់ទណ្ឌកម្មដោយប្រុងប្រយ័ត្ននិងម៉ត់ចត់ក៏ដោយ ក៏វានឹងផ្តល់ផលវិជ្ជមានតិចតួចណាស់ចំពោះអ្វីដែល បានកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
លោក Thant Myint-U ដែលជាប្រវត្តិវិទូជនជាតិភូមា និងជាអ្នកនិពន្ធសៀវភៅដែលទទួល បានពានរង្វាន់ «ប្រវត្តិសាស្ត្រអាថ៌កំបាំងរបស់ភូមា : ពូជសាសន៍មូលធននិយម និងវិបត្តិប្រជាធិបតេយ្យនៅសតវត្សរ៍ទី ២១» បាន និយាយថា ការដាក់ទណ្ឌកម្មគោលដៅ ទៅលើបុគ្គលម្នាក់ៗ ទំនងជានឹងមិនមានឥទ្ធិផលផ្នែកនយោបាយនោះទេ។ ឧត្តមសេនីយ៍របស់មីយ៉ាន់ម៉ាដែលមានទ្រព្យសម្បត្តិនៅក្រៅប្រទេស មិនមានចំនួនច្រើននាក់ទេ ខណៈដែលពួកគេជាច្រើនក៏ មិនដែលបានធ្វើដំណើរទៅក្រៅប្រទេសដែរ។
លោកបានបន្តថា «ពួកគេគឺជាក្រុមកងទ័ព ដែលបានឆ្លងផុតទសវត្សរ៍ឆ្នាំ ២០០០ ដែលពោរពេញទៅ ដោយការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុតនិងដែលមិនធ្លាប់កើតមាននៅ ក្នុងប្រទេសដទៃទៀត។ ហើយការកែទម្រង់ដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ ២០១១ ក៏មិនមែនកើត មានដោយសារការដាក់ទណ្ឌកម្មនោះដែរ។ វាកើតមាន ដោយសារតែឧត្តមសេនីយ៍មីយ៉ាន់ម៉ាមានអារម្មណ៍ថា ពួកគេមានទំនុកចិត្តក្នុងការចាប់ផ្តើមបន្ធូរបន្ថយការគ្រប់គ្រងអំណាចរបស់ពួកគេ»។
ហើយនាពេលឥលូវនេះ ឧត្តមសេនីយ៍កំពូលៗដដែលទាំងនេះកំពុងដណ្តើមយកអំណាចផ្តាច់មុខរបស់ពួកគេមកវិញ។ ប៉ុន្តែ បើទោះបីជាពួកគេបានឡើង កាន់កាប់ប្រទេសនេះក៏ដោយ ក៏ប្រជាជនមីយ៉ាន់ម៉ាភាគច្រើននឹងនៅតែប្រឈមមុខ នឹងសង្គ្រាមស៊ីវិលឥតឈប់ឈរក្នុងចំណោមកងជីវពលដែលត្រូវ បានរៀបចំឡើងដោយក្រុមជនជាតិភាគតិចនិងក្រុមសាសនា។
លោក Gissou Nia ដែលជាមេធាវីសិទ្ធិមនុស្សទទួល បន្ទុកគម្រោងវិវាទជាយុទ្ធសាស្ត្រ (Atlantic Council Strategic Litigation)បានជំរុញឱ្យមានការរឹតបន្តឹងកាន់តែខ្លាំងជាងមុន តែគួរផ្តោតតែទៅ លើសាច់ញាតិរបស់ជនដែលកំពុងកាន់អំណាចនិងសមាជិកគ្រួសាររបស់ពួកប៉ុណ្ណោះដែលការធ្វើបែបនេះ នឹងមិនប៉ះពាល់ដល់ប្រជាជនទាំងមូលនោះទេ។
លោក Nia បាន និយាយថា «នៅទូទាំងពិភពលោក យើងត្រូវការវិធានការខ្លាំងក្លាជាងមុនលើកូនៗរបស់មន្រ្តីដែល បានកំណត់គោលដៅ ដែលពួកគេបានប្រើ ទ្រព្យសម្បត្តិរបស់ឪពុកម្តាយដើម្បីរស់ នៅក្រៅប្រទេស ហើយយើងក៏ត្រូវការ យន្តការច្បាប់បន្ថែម ទៀតដើម្បីទប់ស្កាត់ បញ្ហាទាំងនេះ។ ហើយបញ្ហានេះមិនមែនតែចំពោះប្រទេសមីយ៉ាន់ម៉ាប៉ុណ្ណោះទេ ប៉ុន្តែក៏គួរត្រូវបានអនុវត្តនៅក្នុងប្រទេសដទៃទៀត ដូចជាអ៊ីរ៉ង់ និងវេណេស៊ុយអេឡាផងដែរ»។
ការប្រើប្រាស់ទណ្ឌកម្មមិនបានត្រឹមត្រូវនឹងបន្ថែមសម្ពាធកាន់តែខ្លាំងឡើងៗ ទៅលើស្ថាប័នដ៏ ទន់ខ្សោយរបស់មីយ៉ាន់ម៉ា ហើយក៏អាចបង្កនូវភាពតានតឹងកាន់តែខ្លាំងនៅក្នុង ចំណោមក្រុមផ្សេងៗ នៅក្នុងប្រទេសផងដែរ។
លោក Thant Myint-U ក៏បានព្រមានអំពីគ្រោះមហន្តរាយដែលអាចកើតមានដោយសារតែបំណងល្អរបស់បរទេស ដោយលោក បាននិយាយថា «ការដាក់ទណ្ឌកម្មអាចនឹងបង្កផលប៉ះពាល់កាន់តែខ្លាំងចំពោះសេដ្ឋកិច្ច ដែលបានរងគ្រោះចាប់តាំងពីការកើតមានវីរុសរាតត្បាត Covid-19។ ហើយការដួលរលំនៃសេដ្ឋកិច្ចក៏អាចឈានទៅដល់ការកើតមាន ភាពវឹកវរនៅក្នុងប្រទេសទាំងមូលផងដែរ»។
កត្តាសំខាន់មួយ ទៀតបានកើតមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅពេលនិយាយដល់គោលនយោបាយការបរទេសរបស់ទីក្រុងវ៉ាស៊ីនតោន។ -សេដ្ឋកិច្ចរបស់ប្រទេសនេះបានធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយប្រទេសចិនដែលជាគូប្រជែងកំពូលរបស់សហរដ្ឋអាមេរិកនៅ លើឆាកអន្តរជាតិ។
ដោយសំដៅដោយប្រយោលទៅ លើប្រទេសចិនលោក បៃឌិន បានកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍របស់សេតវិមានថា «សហរដ្ឋអាមេរិកនឹងចងចាំអ្នកដែលឈរនៅជាមួយប្រជាជនភូមានៅក្នុងគ្រាដ៏លំបាកនេះ»។
ប្រតិកម្មរបស់ចិនមានភាពខុសគ្នាឆ្ងាយពីសហរដ្ឋអាមេរិក ដោយចិនបានបដិសេធមិនប្រើពាក្យ «រដ្ឋប្រហារ» នៅពេលនិយាយពាក់ព័ន្ធនឹងការដែលយោធាដណ្តើមការកាន់កាប់រដ្ឋាភិបាល។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin នៅថ្ងៃព្រហស្បតិ៍បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «ក្នុងនាមជា ប្រទេសជិតខាង ប្រទេសចិនសង្ឃឹមថា គ្រប់ភាគីនៅមីយ៉ាន់ម៉ានឹងទុកឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជនជាធំ ហើយនឹងដោះស្រាយបញ្ហាស្របតាមក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ និងក្របខ័ណ្ឌច្បាប់ តាមរយៈការសន្ទនាដើម្បីការពារស្ថិរភាព នយោបាយនិងសង្គម»។
លោកក៏បានអំពាវនាវដល់សហគមន៍អន្ដរជាតិឱ្យសម្រួលបរិយាកាសខាងក្រៅ ដើម្បីអាចឱ្យមានដំណោះស្រាយត្រឹមត្រូវចំពោះបញ្ហានៅមីយ៉ាន់ម៉ា និងអំពាវនាវឱ្យមានការចាត់វិធានការណាដែលនឹងរួមចំណែកដល់
ស្ថិរភាពនយោបាយ និងសង្គមរបស់មីយ៉ាន់ម៉ា, ការលើកកម្ពស់សន្តិភាពនិងការផ្សះផ្សាជាតិ, ជៀសវាងការបង្កើនជម្លោះនិងភាពស្មុគស្មាញនៃស្ថានភាពនេះ។
ចិនតែងតែបង្ហាញភាពមិនអើពើចំពោះភាពវឹកវរនៅក្នុងពិភពលោក ជាពិសេសនៅក្នុងតំបន់របស់ខ្លួនហើយចំពោះបញ្ហានៅប្រទេសមីយ៉ាន់ម៉ាក៏មិនមានភាពខុសគ្នានោះដែរ។
លោក Thant Myint-U បាននិយាយថា «ប្រសិនបើមីយ៉ាន់ម៉ាធ្លាក់ចូលក្នុងភាពអនាធិបតេយ្យនោះប្រទេសចិននឹងត្រូវបង្ខំឱ្យចាត់វិធានការ ឬក៏ធ្វើអន្តរាគមន៍ណាមួយ ដើម្បីរក្សាស្ថិរភាព ហើយបញ្ហានេះនឹង អាចបង្កឱ្យមានវិបត្តិកាន់តែធំនៅក្នុងតំបន់»។
លោកបានបន្តថា «សហរដ្ឋអាមេរិកនិងបណ្តាប្រទេសជាសម្ព័ន្ធមិត្តមានជម្រើសតិចតួចណាស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ហើយវាគឺជារឿងដ៏គួរឱ្យសោកស្តាយដែលថា : រដ្ឋាភិបាលលោកខាងលិចមានឥទិ្ធពលតិចតួចបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលទំនងជានឹងមិនបង្កឱ្យមានការផ្លាស់ប្តូរណាមួយនៅថ្ងៃមុខ នោះទេ»៕ Newsweek