បណ្ឌិត សុខ សុក្រឹត្យា ប្រើបណ្តាញព័ត៌មានថៃ បន្សាបព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធជំងឺកូវីដ-១៩ ដែលគេបំភ្លៃនៅក្រៅប្រទេស (Video inside)
(ភ្នំពេញ)៖ ថ្មីៗនេះសារព័ត៌មានអន្តរជាតិនៅប្រទេសថៃ និងបណ្តាប្រទេសមួយចំនួន បានចុះផ្សាយព័ត៌មានមិនពិតញុះញង់ពាក់ព័ន្ធការរីករាលដាលជំងឺកូវីដ-១៩ និងការដោះស្រាយវិបត្តិកូវីដ-១៩នៅកម្ពុជា។ សារពត៌មានទាំងនោះ បាននិយាយថា កម្ពុជា បានឆ្លងកូវីដ-១៩ រាប់ពាន់ រាប់ម៉ឺននាក់ ហើយរដ្ឋាភិបាលមិនអាចគ្រប់គ្រងបាន។
លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ ដែលធ្លាប់មានទំនាក់ទំនងជាមួយបណ្តាញព័ត៌មាននៅថៃនោះ បានបង្ហាញវត្តមានលើទំព័រព័ត៌មានរបស់ថៃ មានដូចជា ទូរទស្សន៍ TNN , MCOT , Theagendathai , newstrueid ជាដើម ដើម្បីបំភ្លឺការពិតអំពីស្ថានភាពជំងឺកូវីដ-១៩ និងវិធានការដោះស្រាយប្រកបដោយស័ក្តិសិទ្ធភាពរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
តាមរយៈបណ្តាញផ្សព្វផ្សាយរបស់ថៃទាំងនេះ លោកបណ្ឌិត សុខ សុក្រឹត្យា បានបញ្ជាក់ថា កម្ពុជាពុំមានអ្នកឆ្លងរហូតដល់រាប់ម៉ឺននាក់ ដូចការចុះផ្សាយបំផ្លើសរបស់សារព័ត៌មានមួយចំនួននោះទេ ហើយរាជរដ្ឋាភិបាលជាពិសេសក្រសួងសុខាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការការពារទប់ស្គាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ និងកំពុងស្ថិតក្រោមការគ្រប់គ្រងបាន។
លោកបណ្ឌិត បានបញ្ជាក់ថា គិតត្រឹមថ្ងៃ១៦ ខែធ្នូ កម្ពុជាមានអ្នកមានវីរុសកូវីដ-១៩សរុប ៣៦២នាក់។ ក្នុងនោះអ្នកព្យាបាលជាសះស្បើយ ៣១៩នាក់។
ក្រៅពីឆ្លើយតបនឹងពត៌មានមិនពិតទាំងនោះលោកបណ្ឌិត សុខ សុក្រឹត្យា បានបញ្ជាក់ប្រាប់សារព័ត៌មានថៃអំពីចំណាត់ការដ៏មុតស្រួចរបស់សម្តេចតេជោក្នុងការគ្រប់គ្រងកូវីដ-១៩ បានយ៉ាងល្អ និងទាន់ពេលវេលាដោយមានចំនួនអ្នកឆ្លងសរុបតិចតួចបំផុតត្រឹមតែ៤១នាក់ សម្រាប់ហេតុការណ៍ចម្លងក្នុងសហគមន៍២៨វិច្ឆិកា ហើយពុំមានអ្នកជំងឺណាម្នាក់ ស្លាប់បាត់បង់ជីវិតឡើយ។
លោក សុខ សុក្រឹត្យា ក៏បានគូបញ្ជាក់ពីផែនការក្នុងការទិញវ៉ាក់សាំងកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ លោកបានបញ្ជាក់ប្រាប់ព័ត៌មានថៃទាំងនោះថា សម្តេចតេជោ បានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ឱ្យត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩ ចំនួន១លានដូសមកចាក់ជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ។ ជាពិសេសអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់និងអ្នកដែលមានហានិភ័យដូចជាគ្រូពេទ្យ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធជាដើម។
លោកបានលើកឡើងថា ក្រោយពីការប្រកាសរបស់សម្តេចតេជោ ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩មកចាក់ជូនប្រជាជនអត់គិតថ្លៃនោះ ចលនាសាមគ្គីភាព និងទឹកចិត្តស្រឡាញ់ប្រទេសជាតិបានផុសត្រដែតឡើង ដោយប្រជាជនគ្រប់ស្រទាប់វណ្ណៈបានបរិច្ចាគថវិកាដោយស្ម័គ្រចិត្តជូនរាជរដ្ឋាភិបាលសម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩ ដែលរហូតមកដល់ពេលនេះទទួលបានថវិកាជិត ៥០ លានដុល្លារ និង ៣,៩០០លានរៀលពីសប្បុរសជនចំនួន ៣៨,៤១១នាក់។
លោកបណ្ឌិតបានជម្រាបសារព័ត៌មានថៃថា៖ «សម្តេចតេជោអត់នឹកស្មានថា បញ្ហាវ៉ាក់សាំងបានក្លាយទៅជាចលនាជាតិដ៏ធំហើយវាបានក្លាយទៅជាខឿនការពារសុខភាពរបស់ប្រជាជន ដែលជាយុទ្ធសាស្ត្រដ៏លំទូលាយ និងស៊ីជម្រៅនៅក្នុងជាតិសាសន៍របស់យើងច្រើនយ៉ាងណាស់។ ជាពិសេស គឺស្មារតីសាមគ្គីភាពឯកភាពជាតិសាសន៍ក្នុងចំនួនដ៏ច្រើនលើសលប់»៕