កម្ពុជាគ្រោងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសអេមីរ៉ាត់អារ៉ាប់រួម
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វារ បានថ្លែងឱ្យដឹងថា កម្ពុជាអាចនឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសអេមីរ៉ាត់អារ៉ាប់រួម នាពេលខាងមុខ និងបានជំរុញឱ្យមានការបណ្ដុះបណ្ដាលបច្ចេកទេស និងជំនាញទូទៅ ជូនប្រជាពលរដ្ឋឱ្យកាន់តែច្រើន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបន្តថា ក្នុងពេលដែល លោកជួបពិភាក្សាការងារជាមួយអ្នកធុរកិច្ចបរទេស គឺលោកតែងតែលើកពីសក្ដានុពលរបស់កម្ពុជា ដោយថា ថ្វីត្បិតតែកម្ពុជាជាប្រទេសតូចតែជាប្រទេសដែលមានទីផ្សារធំ។
ទន្ទឹមនឹងមានទីផ្សារធំ នោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជា មានជាមួយបរទេសមួយចំនួន រួមមាន កូរ៉េ ចិន និងពេលខាងមុខ គឺប្រទេសអេមីរ៉ាត់អារ៉ាប់រួម។ ស្របពេលដែលកម្ពុជាកំពុងមានទីផ្សារនេះ ការបណ្ដុះបណ្ដាលបច្ចេកទេសកាន់តែត្រូវការច្រើន ដូច្នេះនៅឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល នឹងផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសដល់សិស្សមានជីវភាពក្រីក្រចំនួន១,៥លាននាក់៕