លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ សូមកុំជឿពាក្យភូតភរកុហកដោយក្រុមបំពុលសង្គមមួយចំនួនតូចដែលមិនចង់ឃើញពីការរីកចម្រើនរបស់ប្រទេសជាតិ
នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជាថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តអំពាវនាវឱ្យបងប្អូនជនរួមជាតិកំសាន្តសប្បាយនៅក្នុងថ្ងៃចុងក្រោយនៃពិធីបុណ្យអុំទូកថ្ងៃនេះ ដែលពិធីបុណ្យអុំទូកបានកន្លងផុតទៅអស់២ថ្ងៃហើយ សង្ឃឹមថាបងប្អូនជនរួមជាតិ និងកូនក្មួយយុវជន ព្រមទាំងទេសចរជាតិ និងអន្តរជាតិបានចូលរួមកំសាន្តសប្បាយទាំងអស់គ្នានៅទូទាំងប្រទេស។ លោកក៏បានអញ្ជើញបងប្អូនប្រជាពលរដ្ឋនាំកូនចៅមកកំសាន្តសប្បាយ នៅក្នុងព្រះរាជពិធីបុណ្យអុំទូកអោយបានច្រើនកុះករ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា នៅតាមបណ្តាខេត្តមួយចំនួនគឺលេចឮពាក្យចចាមអារាម និងពាក្យប្រឌិតភូតកុហក់បោកប្រាស់ដោយជនអគតិដែលមានបំណងបំពុលនិងបំប៉ោងបញ្ហាសន្តិសុខសង្គម បំណងធ្វើអោយពលរដ្ឋភ័យខ្លាច។ រាជរដ្ឋាភិបាលសូមធានាជូននូវសន្តិសុខដល់បងប្អូនប្រជាពលរដ្ឋមិនអោយមានអ្វីកើតឡើងឡើយ ជាពិសេសក្នុងរដូវបុណ្យទាននេះតែម្តង។ សូមកុំជឿពាក្យភូតកុហក់ដោយក្រុមបំពុលសង្គមមួយចំនួនតូចដែលមិនចង់ឃើញពីការរីកចម្រើនរបស់ប្រទេសជាតិ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជូនពរបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយទាំងអស់ជួបតែសេចក្តីសុខ និងបានសប្បាយរីករាយនៅក្នុងថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃនេះ៕