សម្ដេចតេជោ ហ៊ុន សែន ទម្លាយសារសំឡេងនៃផែនការភេវរកម្មដែលប៉ុនប៉ងធ្វើឃាតសម្តេច
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា តាមរយៈបណ្តាញសង្គមផ្លូវការ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានបង្ហោះសារសំឡេងបែកធ្លាយស្តីពីផែនការភេវរកម្មដែលប៉ុនប៉ងធ្វើឃាតសម្តេចដោយប្រើប្រាស់ដ្រូន ដែលក្នុងនោះមានសារសំឡេង២ ទី១- មុនសម្តេចប្រកាសនៅខេត្តកណ្តាល និងទី២-គឺក្រោយសម្តេចប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះផ្សាយឱ្យដឹងថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយនៃផែនការភេវរកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំនិងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណាហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយមនិងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះនិងឲ្យជនទាំងនេះស្នាក់នៅក្នុងប្រទេសខ្លួនឬទេ? យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះដែលចេញមុខថ្កោលទោសឬនៅស្ងៀមឬគាំទ្រចំពោះទង្វើបែបនេះ?»។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសជាថ្មីម្តងទៀតថានឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់សសម្តេចនិងក្រុមគ្រួសាររបស់សម្តេចផងដែរ៕