ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាល និងសង្គមស៊ីវិល រួមគ្នាលើកកម្ពស់សុវត្ថិភាពដល់កម្មកររោងចក្រ នៅពេលធ្វើដំណើរតាមដងផ្លូវ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០ ព័ត៌មានទូទៅ 10

រាជរដ្ឋាភិបាលកម្ពុជា និងសង្គមស៊ីវិល រួមគ្នាលើកកម្ពស់សុវត្ថិភាពដល់កម្មកររោងចក្រពេលធ្វើដំណើរតាមដងផ្លូវ ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតមានឡើងដោយកត្តាបើកបរមិន គោរពច្បាប់ចរាចរណ៍ និងការដឹកលើសកំណត់។

លោកស្រី មឹន មាណវី អគ្គលេខាធិការគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា រាជរដ្ឋាភិបាល និងអង្គការដៃគូ បានបង្កើតគម្រោងកសាងសុវត្ថិភាពចរាចរណ៍មួយ ដើម្បីបញ្ចៀស គ្រោះថ្នាក់ចរាចរណ៍ដល់កម្មករ ដែលកំពុងមានបញ្ហាប្រឈម។

ថ្លែងក្នុងសិក្ខាសាលាជាមួយថ្នាក់ដឹកនាំសហជីពកម្មករស្តីពី «ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិត» នៅថ្ងៃទី២៧ ខែសីហានេះ លោកស្រីបានបញ្ជាក់ថា ដើម្បីបញ្ចៀសគ្រោះថ្នាក់ ចរាចរណ៍ ដល់កម្មករក្នុងវិស័យកាត់ដេរ ដែលកំពុងមានបញ្ហាប្រឈមធ្ងន់ធ្ងរ គឺមានតែការអប់រំដល់អ្នកបើកបរម៉ូតូ និងរថយន្តដឹកកម្មករឱ្យយល់ពីច្បាប់ចរាចរណ៍ និងមិនផ្ទុកចំនួនមនុស្សនៅលើយានយន្ត លើសចំណុះប៉ុណ្ណោះ។

ការលើកឡើងនូវវិធានការនេះ បន្ទាប់ពីកម្មករនិយោជិតនៅតែប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ នៅពេលធ្វើដំណើរទៅមកពីរោងចក្រ។
យោងតាមរបាយការណ៍របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បានឱ្យដឹងថា កាលពីឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍លើកម្មករនិយោជិតវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ចំនួន ៦៩៨លើក ដោយបណ្តាលឱ្យកម្មករនិយោជិតចំនួន ១៥នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាលជាងមួយពាន់នាក់។

លោក គឹម បញ្ញា នាយកប្រតិបត្តិអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា កត់សម្គាល់ថា គ្រោះថ្នាក់ចរាចរណ៍ចំពោះកម្មករក្នុងវិស័យកាត់ដេរ ច្រើនកើតឡើងដោយសារការវ៉ាជែងដោយប្រថុយ ប្រថាន ការមិនគោរពច្បាប់ចរាចរណ៍ បើកបរធ្វេសប្រហែស ការផ្ទុកចំនួនមនុស្សលើសចំណុះ និងការបើកបរក្រោមឥទ្ធិពលស្រវឹង ជាដើម។ លោកបន្តថា កត្តាគ្រោះថ្នាក់ចរាចរណ៍មួយចំនួន ក៏បណ្តាលមកពីកម្មករ ជំរុញឱ្យអ្នកបើកបររថយន្តបើកលឿន ដើម្បីទាន់ពេលវេលាធ្វើការងារ និងការប្រញាប់ប្រញាល់ ទៅផ្ទះវិញដែរ។

សូមបញ្ជាក់ថា សិក្ខាសាលាជាមួយថ្នាក់ដឹកនាំសហជីពកម្មករស្តីពីការលើកកម្ពស់ សុវត្ថិភាពចរាចរណ៍ សម្រាប់កម្មករនិយោជិតកម្ពុជា នាថ្ងៃនេះ មានគោលដៅជំរុញកិច្ចសហប្រតិបត្តិការ និងបង្កើត ឱកាសឱ្យមានការពិភាក្សាអំពីសកម្មភាព និងគំនិតផ្តួចផ្តើមថ្មីៗ ព្រមទាំងលទ្ធភាព ដែលអាចអនុវត្តសកម្មភាពរួមគ្នាដោយមានការចូលរួមយ៉ាងសកម្មពីសហជីព ដែលជាអង្គការវិជ្ជាជីវៈរបស់កម្មករ និយោជិត៕