អគ្គស្នងការនគរបាលជាតិ ព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះស្នងការនគបាលណា ដែលប្រព្រឹត្តផ្ទុយបទបញ្ជាពេលអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក
ឯកឧត្ដម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះស្នងការនគរបាលរាជធានីខេត្តណាដែលបានប្រព្រឹត្តិផ្ទុយទៅនឹងបទបញ្ជាថ្នាក់លើជុំវិញការត្រួតពិនិត្យ ឬដាក់ប៉ុស្តិ៍ត្រួតពិនិត្យដើម្បីឆែកឆេរចំពោះអ្នកបើកបរលើដងផ្លូវ បើទោះបីជាអ្នកទាំងនោះមិនបានប្រព្រឹត្តខុសច្បាប់ចរាចរណ៍ក៏ដោយចុះ។ការព្រមានរបស់ឯកឧត្ដម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿននេះ គឺធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរលើ ដងផ្លូវនៅតាមបណ្តាផ្លូវជាតិនៃខេត្តមួយចំនួនពាក់ព័ន្ធនឹងការបណ្តែតបណ្តោយរបស់ស្នងការនគរបាលខេត្តមួយចំនួនដែលឱ្យមន្រ្តីរបស់ខ្លួនដាក់ប៉ុស្តិ៍ត្រួតពិនិត្យ និងហៅរថយន្ត ដែលធ្វើដំណើរលើដងផ្លូវចូលប៉ុស្តិ៍ត្រួតពិនិត្យ ដើម្បីពិនិត្យឯកសារ បើទោះបីជាពួកគេមិនបានល្មើសច្បាប់ចរាចរណ៍យ៉ាងក៏ដោយចុះ។
ក្នុងសារសំឡេងរបស់ឯកឧត្ដម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះបានសង្កត់ធ្ងន់ថា «ស្នងការនគរបាលរាជធានី ខេត្តត្រូវនិយាយគ្នាចុងក្រោយ ទី១ ឈប់ដាក់បារ៉ាស់តាមដងផ្លូវ ទី២ បាននិយាយច្បាស់ជាមួយគ្នាហើយថា ទាល់តែល្មើសទើបយើងហៅគេមិនមែនហៅគេពិនិត្យនោះទេ»៕