ខ្មែរប៉ុស្ដិ៍ Close

កិច្ចប្រជុំផែនការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសប្រារព្ធពិធីបុណ្យខួបឯករាជ្យជាតិ ៩វិច្ឆិកា លើកទី៦៥ ដែលមានអ្នកចូលរួមជាង២,៥ម៉ឺននាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 64
កិច្ចប្រជុំផែនការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសប្រារព្ធពិធីបុណ្យខួបឯករាជ្យជាតិ ៩វិច្ឆិកា លើកទី៦៥ ដែលមានអ្នកចូលរួមជាង២,៥ម៉ឺននាក់ កិច្ចប្រជុំផែនការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសប្រារព្ធពិធីបុណ្យខួបឯករាជ្យជាតិ ៩វិច្ឆិកា លើកទី៦៥ ដែលមានអ្នកចូលរួមជាង២,៥ម៉ឺននាក់

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្នុងកិច្ចប្រជុំផែនការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសប្រារព្ធពិធីបុណ្យខួបឯករាជ្យជាតិ ០៩វិច្ឆិកា លើកទី៦៥ បានណែនាំដល់កម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវតែការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងអ្នកដែលចូលរួមឲ្យខាងតែបាន។

ដើម្បីបំពេញការងារឲ្យបានជោគជ័យ នាយឧត្តមសេនីយ៍ នេត សាវឿន បានគូសបញ្ជាក់ថា គ្រប់កម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលត្រូវចូលរួមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់នៅថ្ងៃប្រារព្ធពិធី ត្រូវពួតដៃសហការគ្នាឲ្យបានល្អ និងត្រូវមើលឲ្យឃើញអំពីបញ្ហាប្រឈម ព្រមទាំងដាក់ចេញវិធានការដោះស្រាយ ឲ្យបានទាន់ពេលវេលាភ្លាមៗ។

នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថាគ្រប់អង្គភាពទាំងអស់ សូមមេត្តាពិចារណា និងចូលរួមផ្ដល់យោបល់ ហើយរឿងអ្វីក៏ដោយ យើងត្រូវតែរួមគ្នាដោះស្រាយ គោលបំណងយើងតែមួយគត់ គឺធានាសុវត្ថិភាព១០០ភាគរយ ដែលនេះជាកិច្ចដែលយើងត្រូវធានា ចំពោះរាជរដ្ឋាភិបាល […] សម្រាប់បទពិសោធន៍នៅពេលមុន មកដល់បច្ចុប្បន្ន និងពេលអនាគត យើងសង្ឃឹមថា យើងមិនអាចឲ្យមានការធ្លោះធ្លោយនោះទេ ហើយគោលបំណងរបស់យើង គឺការពារឲ្យខាងតែបាន ដាច់ខាត១០០ភាគរយ»

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ដែរថា កម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់

ទី១៖ នៅព្រះបរមរាជវាំង

ទី២៖ តាមបណ្ដោយផ្លូវ

និងទី៣៖ ជុំវិញវិមានឯករាជ្យ។

ជាមួយគ្នានេះ ក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំនៅព្រឹកមិញនេះ នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ស បានឲ្យដឹងថា សម្រាប់បុណ្យឯករាជ្យជាតិលើកទី៦៥ នៅឆ្នាំ២០១៨នេះ មានការរៀបចំខុសពីបណ្ដាឆ្នាំកន្លងទៅ ដោយទី១៖ ពិធីដុតទានជ័យនៅវិមានឯករាជ្យ និងទី២៖ មិទ្ទិញមហាជន នៅមុខព្រះបរមរាជវាំង ដែលទាំងពីរទីតាំងខាងលើ នឹងមានអ្នកចូលរួមរហូតដល់ជាង២៥,០០០នាក់។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ ក៏ស្នើសុំដល់ប្រជាពលរដ្ឋមេត្ដាជោគយល់ចំពោះការបិទផ្លូវ មិនឲ្យធ្វើចរាចរណ៍មួយពេល នៅពេលដែលប្រារព្ធពិធី ព្រោះបញ្ហាសន្ដិសុខត្រូវធានាបាន ក៏ដោយសារបញ្ហាសណ្ដាប់ធ្នាប់ផងដែរ ដូច្នេះហើយសង្ឃឹមថាពលរដ្ឋនឹងមានការយោគយល់ខ្ពស់ ដល់កម្លាំងសមត្ថកិច្ចដែលបានដាក់ពង្រាយនៅតាមគោលដៅសំខាន់ៗ។

នាយឧត្តមសេនីយ៍ គូសបញ្ជាក់ថា សម្រាប់ការប្រារព្ធពិធីបុណ្យឯករាជ្យជាតិដ៏មានសារសំខាន់មួយនេះ កម្លាំងសមត្ថកិច្ចមានគ្រប់គ្រាន់ទាំងកម្លាំងចំហ និងកម្លាំងសម្ងាត់ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណ ទាំងកម្លាំងនគរបាល, កម្លាំងកងរាជអាវុធហត្ថ, បញ្ជាការដ្ឋានអង្គរក្ស និងកងយោធពលខេមរភូមិន្ទ នឹងសហការគ្នាដើម្បីការពារពិធីនេះ ៕

អត្ថបទទាក់ទង