អគ្គស្នងការនគរបាលជាតិ នឹងប្រើគ្រប់មធ្យោបាយ ដើម្បីតាមចាប់ខ្លួន ទណ្ឌិត សម រង្ស៊ី និងបក្ខពួកយកមកផ្តន្ទាទោសតាមច្បាប់
អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ បានប្រកាសថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលដីកាបង្គាប់ឲ្យចាប់ខ្លួន ទណ្ឌិត សម រង្សី និងបក្ខពួក ដែលត្រូវតុលាការសម្រេចផ្តន្ទាទោស ហើយបច្ចុប្បន្នកំពុងគេចខ្លួន។
តាមរយៈអ្នកនាំពាក្យ អគ្គស្នងការនគរបាលជាតិ បានអះអាងថា ក្នុងតួនាទីជាភ្នាក់ងារអនុវត្តច្បាប់ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយស្របតាមច្បាប់ ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពតាមដីការបស់តុលាការ ក្នុងការស្វែងរក និងចាប់ខ្លួនទណ្ឌិត សម រង្ស៊ី និងបក្ខពួកយកមកផ្តន្ទាទោស តាមច្បាប់ជាធរមាន។
សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ បានឲ្យដឹងយ៉ាងដូច្នេះថា «អ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូនសាធារណៈជនជាតិ និងអន្តរជាតិឲ្យបានជ្រាបថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលដីកាបង្គាប់ឲ្យចាប់ខ្លួន ទណ្ឌិត សម រង្សី និងបក្ខពួក ដែលត្រូវតុលាការសម្រេចផ្តន្ទាទោស ហើយបច្ចុប្បន្នកំពុងគេចខ្លួន។
ក្នុងតួនាទីជាភ្នាក់ងារអនុវត្តច្បាប់ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយស្របតាមច្បាប់ ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពតាមដីការបស់តុលាការ ក្នុងការស្វែងរក និងចាប់ខ្លួនទណ្ឌិត សម រង្ស៊ី និងបក្ខពួក យកមកផ្តន្ទាទោស តាមច្បាប់ជាធរមាន»។
បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងស្មារតីរួមចំណែកពង្រឹង និងការពារនីតិរដ្ឋ ព្រមទាំងធានាការ រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមឲ្យបានល្អប្រសើរ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់សាធារណៈជនជាតិ និងអន្តរជាតិ ចូលរួមគាំទ្រដល់ការអនុវត្តភារកិច្ចរបស់កងកម្លាំងអនុវត្តច្បាប់ និងកុំធ្លាក់ក្នុងឧបាយកលញុះញង់របស់ជនអគតិមួយក្តាប់តូច ដែលកំពុងបំផុសឲ្យប្រជាពលរដ្ឋបះបោរប្រឆាំងអាជ្ញាធរមានសមត្ថកិច្ចដែលសកម្មភាពនេះ គឺជាទង្វើខុសច្បាប់ ហើយក៏ជាទង្វើដែលបង្កឲ្យមានអសន្តិសុខដល់សង្គម ។
ជាមួយគ្នានេះដែរ សូមបញ្ឈប់ជាបន្ទាន់នូវរាល់ចេតនារារាំងការអនុវត្តដីការបស់តុលាការ ព្រោះសកម្មភាពរារាំងការអនុវត្តដីការបស់តុលាការ គឺជាអំពើដែលត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។ អគ្គស្នងការដ្ឋាននគរបាលជាតិ សង្ឃឹមយ៉ាងមុតមាំថា សាធារណៈជនជាតិ និងអន្តរជាតិ នឹងចូលរួមសហការគោរព និងអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា៕