ខ្មែរប៉ុស្ដិ៍ Close

ADB គ្រោងផ្តល់ហិរញ្ញប្បទានដល់កម្ពុជាប្រមាណ ១៣០០លានដុល្លារ ដើម្បីឆ្លើយតបតម្រូវការអភិវឌ្ឍកម្ពុជាពីឆ្នាំ២០២១-២០២៣

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 41
ADB គ្រោងផ្តល់ហិរញ្ញប្បទានដល់កម្ពុជាប្រមាណ ១៣០០លានដុល្លារ ដើម្បីឆ្លើយតបតម្រូវការអភិវឌ្ឍកម្ពុជាពីឆ្នាំ២០២១-២០២៣ ADB គ្រោងផ្តល់ហិរញ្ញប្បទានដល់កម្ពុជាប្រមាណ ១៣០០លានដុល្លារ ដើម្បីឆ្លើយតបតម្រូវការអភិវឌ្ឍកម្ពុជាពីឆ្នាំ២០២១-២០២៣

(ភ្នំពេញ)៖ នៅទីស្តីការក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ និងលោកស្រី Sunniya Durrani-Jamal នាយិកាស្ថានតំណាង ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំបូកសរុប ស្តីពីការរៀបចំកម្មវិធី /គម្រោងអភិវឌ្ឍន៍ និងជំនួយបច្ចេកទេស ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ (Country Operation Business Plan-COBP 2021-2023) ដោយមានការចូលរួមពីសំណាក់តំណាងក្រសួងស្ថាប័ន ពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និងមន្រ្តី ADB នៅទីស្នាក់ការកណ្តាលតាមរយៈ Video Conference ដើម្បីធ្វើការពិភាក្សា និងផ្លាស់ប្តូរមតិយោបល់ស៊ីជម្រៅអំពីស្ថានភាព, បញ្ហាប្រឈម និងជម្រើស នៃដំណោះស្រាយជាយុទ្ធសាស្រ្ត ក្នុងវិស័យអាទិភាពសំខាន់ៗ។

លោក វង្សី វិស្សុត បានលើកឡើងថា ក្នុងបរិការណ៍ នៃការរីករាលដាលនៃជំងឺកូវីដ-១៩, រាជរដ្ឋាភិបាលបាន ផ្តល់នូវអាទិភាពខ្ពស់បំផុត លើកិច្ចការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់ការឆ្លង, ការចម្លង និងការពារអាយុជីវិតរបស់ប្រជាជន។ ជាក់ស្តែងចំនួននៃការឆ្លងមានត្រឹមតែ ១២២ ករណីប៉ុណ្ណោះ ដែលភាគច្រើននៃការឆ្លង ជម្ងឺនេះ គឺការនាំចូល ឬមានប្រភពខាងក្រៅ និងមួយចំនួនតូច ជាការឆ្លងបន្តទៅប្រជាពលរដ្ឋក្នុងស្រុក។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏ផ្តោតការយកចិត្តទុកដាក់ លើការជួយអន្តរាគមន៍ ដើម្បីការរក្សាលំនឹង ជីវភាពប្រជាជន ពិសេសសម្រាប់ប្រជាជនក្រីក្រ និងក្រុមជនងាយរងគ្រោះ ព្រមទាំងអ្នកបាត់បង់ ការងារ តាមរយៈការដាក់ចេញនូវគោលនយោបាយ និងកម្មវិធីជំនួយសង្គម, ការបន្តអនុវត្ត គម្រោងសាច់ប្រាក់ពលកម្ម និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញទន់ និងការផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករ នៅពេលដែលរោងចក្រព្យួរអាជីវកម្ម។

បន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវវិធានការ ជាក់ស្តែងមួយចំនួន ដើម្បីធានាថា រាល់កម្មវិធី និងគម្រោងអភិវឌ្ឍន៍ទាំងអស់ ដែលកំពុងអនុវត្ត និងបញ្ជីគម្រោងស្នើសុំថ្មីៗ ត្រូវបានអនុវត្ត ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីជួយទ្រទ្រង់ និងគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុងពេល និងបន្ទាប់ពីវិបត្តិជម្ងីនេះ ត្រូវបានបញ្ចប់។

លោកក៏បានលើកឡើងផងដែរថា ថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាន និងកំពុងរៀបចំនូវសេចក្តីព្រាងផែនការ សម្រាប់ជំរុញសេដ្ឋកិច្ច ដោយផ្អែកលើសភាពការណ៍វិវត្តន៍ និងគោលការណ៍សំខាន់ៗចំនួន ៤គឺ៖

*ទី១៖ និន្នាកាសកល បន្ទាប់ពីវិបត្តិជម្ងឺកូវីដ-១៩
*ទី២៖ ការកំណត់ និងជ្រើសរើសវិស័យដែលអាទិភាព និងមានសក្តានុពលខ្ពស់
*ទី៣៖ ការកែទម្រង់រចនាសម្ព័ន្ធស៊ីជម្រៅ និងប្រាកដនិយម
*ទី៤៖ ការបង្កើនចំណាយថវិកា កាន់តែធំជាងមុន និងកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុន តាមរយៈការបង្កើនទំហំនៃការខ្ចី ទាំងពីដៃគូអភិវឌ្ឍន៍នានា និងតាមការបោះសញ្ញាប័ណ្ណក្នុងស្រុក នាពេលខាងមុខ។

លោកបានសង្កតធ្ងន់ថា កម្ពុជានៅមានលំហក្នុងការខ្ចីថ្មីបន្ថែម ដោយសារអនុបាតបំណុលគន្លឹះៗទាំងអស់របស់កម្ពុជា មានកម្រិតទាបនៅឡើយ ធៀបនឹងអនុបាតគោល តាមបទដ្ឋានបច្ចេកទេសអន្តរជាតិ។

លោកបន្តថា កម្មវិធី/គម្រោងអភិវឌ្ឍន៍ និងជំនួយបច្ចេកទេសនេះ គឺមួយផ្នែកជាសមិទ្ធិផល នៃការពិភាក្សា ប្រកបដោយភាព គ្រប់ជ្រុងជ្រោយរួមគ្នា រវាងក្រសួងស្ថាប័ន របស់រាជរដ្ឋាភិបាល និង ADB កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ និងមួយផ្នែកទៀត គឺជាការស្នើសុំរបស់រាជរដ្ឋាភិបាលបន្ទាន់ និងការវិវត្តថ្មីៗរបស់កម្ពុជាផ្ទាល់តែម្តង។

ជាក់ស្តែង កម្មវិធីគាំទ្រចំណាយ និងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ (COVID 19 Active Response and Expenditure Support Program) ដែលមានទឹកប្រាក់សរុបចំនួន ២៥០ លានដុល្លារ ត្រូវបានផ្តល់ការអនុម័តដោយក្រុមប្រឹក្សាភិបាល ADB កាលពីពេលថ្មីៗនេះ តាមសំណើបន្ទាន់ របស់កម្ពុជាផងដែរ។

បន្ថែមពីនេះ ក្នុងកិច្ចគាំទ្រដល់ការ អភិវឌ្ឍសហគ្រាសធុនតូច-មធ្យម (SME) នៅកម្ពុជា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានស្នើឱ្យ ADB ពិនិត្យមើលការបញ្ចូលនូវសមាសភាពនៃធានាឥណទាន (Guarantee) សម្រាប់ SME ទៅក្នុងគម្រោងជំរុញ ការអភិវឌ្ឍកសិធុរកិច្ចប្រកបដោយការប្រកួតប្រជែង (Competitive Agribusiness Development Project) ដែលមានទឹកប្រាក់សរុបចំនួនប្រមាណ ១១១ លានដុល្លារអាមេរិក ដែលនឹងជួយដោះស្រាយ បញ្ហាប្រឈមជាគន្លឹះរបស់ SME។

លោកក៏បានបន្ថែមទៀតថា សម្រាប់ការគាំទ្រដល់កិច្ចអភិវឌ្ឍ គម្រោងវិនិយោគសាធារណៈនៅកម្ពុជា ដូចមានចែងក្នុងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងគម្រោង វិនិយោគសាធារណៈ (PIM) រាជរដ្ឋាភិបាល គ្រោង បង្កើតមូលនិធិអភិវឌ្ឍន៍គម្រោង (Project Development Facility – PDF) ហើយហិរញ្ញប្បទាន សម្រាប់មូលនិធិនេះ ក៏ត្រូវបានដាក់បញ្ចូលទៅក្នុង កម្មវិធី COBP នេះផងដែរ។

គួរបញ្ជាក់ថា តាមរយៈកម្មវិធី/គម្រោងអភិវឌ្ឍន៍ និងជំនួយបច្ចេកទេស (COBP) ឆ្នាំ២០២១-២០២៣ នេះ ADB គ្រោងនឹងផ្តល់ហិរញ្ញប្បទានប្រមាណ ១,៣ ប៊ីលានដុល្លារអាមេរិក ដែលនឹងចូលរួមយ៉ាងសកម្ម ក្នុងការធ្វើយ៉ាងណាឱ្យការអនុវត្តយុទ្ធសាស្រ្ត ភាពជាដៃគូ សម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០១៩-២០២៣ របស់ ADB សម្រេចបានជោគជ័យ ក៏ដូចជាដើម្បីឆ្លើយតបទៅ នឹងតម្រូវការ នៃកិច្ចអភិវឌ្ឍរបស់កម្ពុជា។

បើគិតទាំងសហហិរញ្ញប្បទាន ពីដៃគូអភិវឌ្ឍន៍ផ្សេងៗ រួមជាមួយថវិកា បដិភាគរបស់រាជរដ្ឋាភិបាល កម្មវិធី/គម្រោងអភិវឌ្ឍន៍ និងជំនួយបច្ចេកទេស ឆ្នាំ២០២១-២០២៣ របស់ ADB មានទឹកប្រាក់ចំនួនប្រមាណ ១,៥ប៊ីលានដុល្លារអាមេរិក។

ជាថ្មីម្តងទៀត លោក វង្សី វិស្សុត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ADB ដែលបានផ្តល់ការជឿទុកចិត្ត និងជឿជាក់លើការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ការអនុម័ត ផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការ សម្រាប់ការអភិវឌ្ឍនានានៅកម្ពុជា កាន់តែច្រើនជាងមុន និងទាន់ពេលវេលា តាមសំណើរបស់កម្ពុជា ដែលនឹងរួមចំណែក យ៉ាងធំធេង ក្នុងការអភិវឌ្ឍកម្ពុជា សំដៅជំរុញសេដ្ឋកិច្ចកម្ពុជាឡើងវិញ នៅក្នុងបរិការណ៍ជម្ងឺកូវីដ-១៩នេះ។

គិតចាប់ពីឆ្នាំ១៩៩២ រហូតដល់បច្ចុប្បន្ន ADB បានផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការដល់ប្រទេសកម្ពុជា សម្រាប់ហិរញ្ញប្បទាន គម្រោងអភិវឌ្ឍន៍នានា មានទឹកប្រាក់សរុបចំនួនប្រមាណ ៣ ៤៨៥ លានដុល្លារអាមេរិក ដែលក្នុងនោះ ឥណទានសម្បទាន ចំនួនប្រមាណ ២ ៩៨៣ លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណង ចំនួនប្រមាណ ៥០២លានដុល្លារ៕

អត្ថបទទាក់ទង