ខ្មែរប៉ុស្ដិ៍ Close

ADB៖ សេដ្ឋកិច្ចរបស់កម្ពុជា នឹងនៅតែបន្តសម្រេចបានកំណើនរឹងមាំក្នុងឆ្នាំនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០១៩ មុខរបរ 57
ADB៖ សេដ្ឋកិច្ចរបស់កម្ពុជា នឹងនៅតែបន្តសម្រេចបានកំណើនរឹងមាំក្នុងឆ្នាំនេះ ADB៖ សេដ្ឋកិច្ចរបស់កម្ពុជា នឹងនៅតែបន្តសម្រេចបានកំណើនរឹងមាំក្នុងឆ្នាំនេះ

របាយការណ៍ថ្មីមួយ ដែលចេញដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឲ្យដឹងថា សេដ្ឋកិច្ចរបស់កម្ពុជា នឹងនៅតែបន្តសម្រេច បានកំណើនរឹងមាំក្នុងឆ្នាំនេះ បើទោះបីជាផលិតកម្មកសិកម្មមានការកើនឡើងយឺតជាងការរំពឹងទុកក៏ដោយ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា នៅក្នុងការធ្វើបច្ចុប្បន្នភាព របាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនអំពីសេដ្ឋកិច្ចដែលមានឈ្មោះថា ទស្សនៈវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ២០១៩ ADB រក្សាការព្យាករណ៍របស់ខ្លួន អំពីកំណើនផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ពិតសម្រាប់ប្រទេសកម្ពុជា ក្នុងកម្រិត ៧.០ភាគរយ សម្រាប់ឆ្នាំនេះ និង ៦.៨ភាគរយ សម្រាប់ឆ្នាំ២០២០។

លោកស្រី Sunniya Durrani-Jamal នាយិកា ADB ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា «សេដ្ឋកិច្ចរបស់កម្ពុជា បន្តរីកចម្រើនក្នុងល្បឿនមួយដ៏ខ្លាំងក្លា ដោយសារវិស័យសេដ្ឋកិច្ចនាំមុខដូចជា កាត់ដេរ ទេសចរណ៍ពាណិជ្ជកម្ម និងសំណង់ នៅតែបន្តមានភាពរឹងមាំ»។ លោកស្រី បន្ដថា «ជាមួយនឹងភាពមិនប្រាកដប្រជា នៃបរិយាកាសពាណិជ្ជកម្ម សកលមានការកើនឡើងព្រមទាំងផលប៉ះពាល់របស់វាមកលើវិស័យសេវាកម្ម ដូចជាទេសចរណ៍កម្ពុជា ត្រូវការយុទ្ធសាស្ត្រពិពិធកម្ម មួយជាបន្ទាន់ដែលផ្តោតលើអ្វីដែលមានភាពសមស្របសម្រាប់ខ្លួនឯងព្រមទាំងផ្តោតលើផលិតផល និងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន»។

នាយិកា ADB ប្រចាំប្រទេសកម្ពុជា បានបន្ដទៀតថា ការធ្វើបែបនេះ តម្រូវឲ្យកាត់បន្ថយហានិភ័យ ដែលកើតឡើងពីការផ្តល់ឥណទាន ដល់វិស័យអចលនទ្រព្យ ដែលកំពុងតែមានកំដៅកើនឡើង ការអភិវឌ្ឍកម្លាំងពលកម្ម ប្រកបដោយជំនាញ និងមានផលិតភាពខ្ពស់ជាងមុនដើម្បីរក្សាតុល្យភាពនឹងប្រាក់ឈ្នួលដែលកំពុងកើនឡើង និងទាក់ទាញការវិនិយោគមូលធនប្រកបដោយគុណភាពខ្ពស់ ដែលទាំងអស់នេះ ត្រូវការឲ្យមានផងដែរ នូវអភិបាលកិច្ចល្អ និងស្ថាប័នដែលរឹងមាំ។ សេចក្ដីប្រកាសព័ត៌មាន ADB បានបញ្ជាក់ថា របាយការណ៍នេះ បានកត់សម្គាល់អំពីហានិភ័យ ចំពោះផលិតកម្ម ដែលអាចរងផលប៉ះពាល់ពីការប្រែប្រលអាកាសធាតុ។ គ្រោះរាំងស្ងួតដែលបានកើតឡើង នៅអំឡុងពាក់កណ្តាលឆ្នាំដំបូង បានធ្វើឲ្យផលិតកម្មកសិផល និងជលផលមានការធ្លាក់ចុះ ដោយបានកាត់បន្ថយកំណើនសេដ្ឋកិច្ចនៅក្នុងវិស័យកសិកម្ម មកត្រឹមប្រមាណ១.១ភាគរយ សម្រាប់ឆ្នាំនេះ។ កំណើនវិស័យឧស្សាហកម្ម មានភាពរឹងមាំដោយសារកំណើនដ៏ឆាប់រហ័ស នៃផលិតកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង ជាពិសេសទំនិញសម្រាប់ការធ្វើដំណើរ ដែលបាននាំឲ្យមានការតម្លើងការព្យាករណ៍របស់ ADB ពី ១០.១ភាគរយ កាលពីខែមេសាកន្លងទៅ ទៅ១០.៦ភាគរយ សម្រាប់វិស័យនេះ។ កំណើន នៃការនាំចូលលឿនជាងការរំពឹងទុក បើទោះបីការនាំចេញទំនិញ និងការមកដល់នៃភ្ញៀវទេសចរ មានការកើនឡើងយ៉ាងរឹងមាំក៏ដោយ។ ដូច្នេះ ឱនភាពគណនីចរន្ត (ដោយមិនរាប់បញ្ចូលជំនួយឥតសំណង) ត្រូវបានរំពឹងថា នឹងកើនឡើងនៅក្នុងរយៈពេលនៃការព្យាករណ៍នេះ។

ឱនភាពនេះ ទទួលបានហិរញ្ញប្បទានពីលំហូរចូល នៃការវិនិយោគផ្ទាល់ពីបរទេស ដែលនឹងបន្តគរពូនទុនបម្រុងដុលអន្តរជាតិ ឲ្យឡើងដល់ប្រមាណ ១២.៣ ពាន់លានដុល្លារ ត្រឹមដំណាច់ឆ្នាំនេះ ដែលអាចរ៉ាប់រងចំណាយសម្រាប់ការនាំចូលបានរយៈពេល៦ខែ។ ដោយសារប្រេងឥន្ធនៈមានតម្លៃទាបជាងមុន និង តម្លៃស្បៀងអាហារមានការកើនឡើងតិចតួចអតិផរណា មានកម្រិតទាបត្រឹម ១.៤ភាគរយ នៅចុងខែមិថុនា បើធៀបនឹងគ្រាដូចគ្នាឆ្នាំ២០១៨ និង រំពឹងថាមានកម្រិត ២.២ភាគរយជាមធ្យម សម្រាប់ឆ្នាំ២០១៩។ ធនាគារអភិវឌ្ឍន៍អាស៊ី ប្ដេជ្ញានាំមកនូវវិបុលភាព បរិយាប័ន្ន ភាពធន់ និង និរន្តរភាព សម្រាប់តំបន់អាស៊ីនិងប៉ាស៊ីហ្វិក ហើយស្របពេលជាមួយគ្នានេះ ក៏នឹងបន្តរក្សាចីរភាពនៃកិច្ចខិតខំរបស់ខ្លួន ក្នុងការលុបបំបាត់ភាពទីទ័លក្រផងដែរ។

ក្នុងឆ្នាំ២០១៨ ធនាគារអភិវឌ្ឍន៍អាស៊ី បានសន្យាផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងថ្មី ដែលមានចំនួនទឹកប្រាក់ ២១.៦ពាន់លានដុល្លារ។ បង្កើតឡើងក្នុងឆ្នាំ១៩៦៦ ធនាគារអភិវឌ្ឍន៍អាស៊ី គឺជាកម្មសិទ្ធិរបស់ប្រទេសជាសមាជិកចំនួន ៦៨ ក្នុងនោះ មាន៤៩ប្រទេសនៅក្នុងតំបន់នេះ៕

អត្ថបទទាក់ទង