សម្តេចតេជោ ហ៊ុន សែន គាំទ្រចំពោះការបង្កើត «មូលនិធិអាស៊ាន សម្រាប់ឆ្លើយតបទៅនឹង ជំងឺកូវី១៩»
(Fresh News)៖ ស្របពេលដែលប្រទេសនានាអាស៊ាន ក៏កំពុងទទួលរងនូវការរីករាលដាលនៃមេរោគកូវីដ-១៩ដែរនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគាំទ្រចំពោះការបង្កើត «មូលនិធិអាស៊ានសម្រាប់ឆ្លើយតបទៅនឹងជំងឺកូវី១៩»។
ក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស ស្ដីពីកូវីដ-១៩ តាមប្រព័ន្ធវីដេអូនអនឡាញ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការឯកភាពគ្នាបង្កើត «មូលនិធិអាស៊ានសម្រាប់ឆ្លើយតបទៅនឹងជំងឺកូវី១៩» ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់នានា រួមមានក្នុងផ្នែកបរិក្ខារ និងផ្នែកសុខាភិបាលជាដើម ។
បើតាមសម្តេចតេជោ ហ៊ុន សែន, ដោយសារកូវីដ-១៩ ជាជំងឺថ្មី និងមានចំណុចជាច្រើនពាក់ព័ន្ធនឹងជំងឺនេះ ដែលយើងមិន ទាន់បានយល់ដឹង អាស៊ានត្រូវការបំពេញការងារចាំបាច់មួយចំនួនដូចជា៖
- ១៖ ការលើកកម្ពស់ការចែករំលែកឱ្យបានទាន់ពេល វេលានូវឧត្តមានុវត្តន៍, ព័ត៌មាន, ទិន្នន័យ ព្រមទាំងបច្ចេកទេស, បទពិសោធ និង ចំណេះដឹងពាក់ព័ន្ធ នឹងវេជ្ជសាស្ត្រអំពីជំងឺនេះ ក្នុងការការពារ, ទប់ស្កាត់, វិនិច្ឆ័យ, ព្យាបាល និង តាមដាន។
- ២៖ ការបន្ត ពង្រឹងយន្តការកិច្ចសហប្រតិបត្តិការអាស៊ានដែលមានស្រាប់ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ និង ដៃគូសន្ទនានានា ក្នុងវិស័យសុខភាពសាធារណៈ ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលកើតចេញពីជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និង ភាពគ្រប់ជ្រុងជ្រោយ។
- ៣៖ ការផ្តល់ នូវការគាំទ្រឱ្យគ្នាទៅវិញទៅមករវាងសមាជិកអាស៊ាន ដូចជាការចែករំលែកនូវធនធាន, បច្ចេកទេស, និងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រ ។ល។
សូមបញ្ជាក់ថា រហូតដល់ពេលនេះ ប្រទេសសមាជិកអាស៊ានទាំង១០ មានអ្នកឆ្លងជំងឺកូវីដ-១៩ ប្រមាណជាង២ម៉ឺននាក់ ក្នុងនោះ មនុស្សប្រមាណ៨៤៥នាក់បានស្លាប់បាត់បង់ជីវិត។
សូមបញ្ជាក់ថា រហូតដល់ពេលនេះ ប្រទេសសមាជិកអាស៊ានទាំង១០ មានអ្នកឆ្លងជំងឺកូវីដ-១៩ ប្រមាណជាង២ម៉ឺននាក់ ក្នុងនោះ មនុស្សប្រមាណ៨៤៥នាក់បានស្លាប់បាត់បង់ជីវិត។ គិតត្រឹមថ្ងៃទី១៤ ខែមេសានេះ ៖
- កម្ពុជាមានអ្នកឆ្លង ១២២ករណី,
- វៀតណាម ឆ្លង២៦៥ករណី,
- ថៃ ឆ្លង២៥៧៩នាក់ (ស្លាប់ ៤០នាក់),
- ឥណ្ឌូណេស៊ី ឆ្លង៤៥៥៧នាក់ (ស្លាប់ ៣៩៩នាក់),
- ម៉ាឡេស៊ី ឆ្លង៤៨១៧នាក់ (ស្លាប់ ៧៧នាក់),
- ហ្វីលីពីន ឆ្លង៤៩៣២នាក់ (ស្លាប់៣ ១៥នាក់),
- សិង្ហបុរីឆ្លង ២៩១៨នាក់ (ស្លាប់៩នាក់),
- មីយ៉ាន់ម៉ា ឆ្លង៦២នាក់ (ស្លាប់៤នាក់),
- ឡាវឆ្លង ១៩នាក់,
- និងប្រុយណេឆ្លង ១៣៦នាក់ (ស្លាប់១នាក់)៕