លិខិតមិត្តអ្នកអាន៖ «ជំងឺកូវីដ-១៩ មិនមែនជារឿងរបស់បុគ្គលទេ គឺជារឿងរបស់សង្គមទាំងមូល»
កន្លងទៅនេះ យើងមានករណីជំងឺកូវីដ-១៩ ជាង១០០ករណី យើងត្រូវបិទអាជីវកម្ម និងសកម្មភាពសេដ្ឋកិច្ចប្រហែល ១ខែ ធ្វើឲ្យមនុស្សរាប់លាននាក់រងផលប៉ះពាល់។
ប្រសិនជាក្នុងអំឡុងពេលចូលឆ្នាំនេះ បើបងប្អូន ប្រជាពលរដ្ឋសម្រេចចិត្តខុស នៅតែចចែសចង់ឈប់សម្រាកការងារទៅលេងស្រុកកំណើត ខុសពីការណែនាំរបស់អ្នកជំនាញសុខាភិបាល ខុសពីការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ហើយប្រសិនជាមានការឆ្លងជំងឺនេះ ២០០ករណីថ្មីទៀត នោះយើងត្រូវបិទអាជីវកម្ម និងសកម្មភាពសេដ្ឋកិច្ចប្រហែលជា ២ ទៅ ៣ខែ ថែមទៀតជាក់ជាមិនខាន។ តើវានឹងធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រជាជនដទៃផ្សេងទៀត ដែលគ្នាខិតខំគោរពតាមវិធានសុខាភិបាលប៉ុន្មានលាននាក់?
តើបងប្អូនដែលចង់ទៅលេងស្រុកកំណើតយល់ថា គប្បីដែរឬទេ ? ដែលនឹងធ្វើឲ្យអ្នកដទៃរងផលប៉ះពាល់ដោយសារយើងច្រើនយ៉ាងនេះ និងដោយសារតែចិត្តមានះប្រឆាំងនឹងអ្នកជំនាញសុខាភិបាលដូច្នេះ?
បងប្អូនឃើញទេថា នៅជុំវិញពិភពលោកមួយថ្ងៃ មានមនុស្សប៉ុន្មានពាន់នាក់ ស្លាប់ដោយជំងឺកូវីដ-១៩នេះ? ប៉ុន្មានម៉ឺននាក់ឆ្លងជំងឺកូវីដនេះ ហើយរកពេទ្យដេកមិនបាននៅទ្វីបអឺរ៉ុប អាមេរិក និងចិន?
ហេតុដូច្នេះ សារជាថ្មីម្ដងទៀត ខ្ញុំសូមអង្វរ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយល់ថា ការឆ្លងជំងឺកូវីដ វាមិនមែនប៉ះពាល់តែសុខភាព និងជីវភាពរបស់បងប្អូនម្នាក់ឯងនោះទេ គឺវាប៉ះពាល់សុខភាព និងជីវភាពរបស់សង្គមជាតិយើងទាំងមូល។
សូមប្រជាពលរដ្ឋខ្មែរយើង ជាពិសេសបងប្អូនកម្មករនិយោជិត មេត្តារួមគ្នាធ្វើជាពលរដ្ឋល្អ ពលរដ្ឋដែលមានការទទួលខុសត្រូវចំពោះខ្លួនឯងផង និងសង្គមខ្លួនឯងផង។
សូមរួមគ្នាកម្ចាត់កូវីដឲ្យបានលឿន ដើម្បីយើងអាចបើកដំណើរការសកម្មភាពសេដ្ឋកិច្ចយើងឡើងវិញ។ ដើម្បីយើងមានជីវភាពធូរធារឡើងវិញ។
សូមបងប្អូនកម្មករនិយោជិត អ្នកសារព័ត៌មាន អ្នកសិល្បៈ លោកគ្រូអ្នកគ្រូ សិស្ស និស្សិត បញ្ញវន្ត ព្រះសង្ឃ និងសាសនិកជនគ្រប់សាសនា មេត្តារួមគ្នាជាសំឡេងតែមួយជាមួយរាជរដ្ឋាភិបាល ប្តេជ្ញាប្រយុទ្ធប្រឆាំងជំងឺកូវីដឲ្យចេញផុតពីទឹកដីកម្ពុជាយើង ដើម្បីបងប្អូន កូនចៅយើង សង្គមជាតិយើងវិលមករកភាពប្រក្រតីវិញ។
យើងនាំគ្នាលះបង់ការឈប់សម្រាកបុណ្យចូលឆ្នាំនេះ ៤ថ្ងៃ ដើម្បីយើងយកមកវិញនូវប្រក្រតីភាព សេរីភាព សុភមង្គល និងចំណូលជូនគ្រួសារយើងវិញ។ ខ្ញុំជឿថាយើងអាចធ្វើបាន។ ខ្ញុំជឿថាជាមួយសំឡេងតែមួយ បងប្អូនប្រជាពលរដ្ឋយើងនឹងសុខចិត្តបន្តការងារធម្មតាជាក់ជាពុំខាន។
តើបងប្អូនជ្រើសរើសជម្រើសមួយណា រវាង ទី១ «ការបន្តធ្វើការងារធម្មតាចំនួន ៤ថ្ងៃ» និងទី២ «ការបិទភូមិឃុំ ស្រុក ខេត្ត និងប្រទេសជាតិ ១ខែ ហើយពិបាកវេទនារាប់ឆ្នាំ»?
ដោយ៖ លោក ហេង សួរ