លោក ហេង សួរ៖ គិតត្រឹមឆ្នាំ២០១៩ ពលករខ្មែរនៅក្រៅប្រទេសមានជាង១.២៨លាននាក់ បានផ្ញើប្រាក់មកកម្ពុជាជិត២,៨០០លានដុល្លារ ក្នុងមួយឆ្នាំ
លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០១៩នេះ ពលករខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេសមាន ចំនួន១,២៨៨,០០០នាក់។ ក្នុងចំណោមពលករទាំងអស់ភាគច្រើន គឺបម្រើការងារនៅប្រទេសថៃ។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ហេង សួរ បានបញ្ជាក់ថា ចំនួនពលករនៅក្នុងឆ្នាំ២០១៩នេះ មានការកើនឡើងប្រមាណ៥ម៉ឺននាក់ បើធៀបនឹងឆ្នាំ២០១៨។
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រូបនេះបានអះអាងទៀតថា ការចេញទៅធ្វើការនៅក្រៅប្រទេសរបស់ពលករកម្ពុជា បានផ្ញើប្រាក់មកក្រុមគ្រួសារនៅក្នុងប្រទេស ជិត២,៨០០លានដុល្លារ ជារៀងរាល់ឆ្នាំ ដែលធ្វើឲ្យកម្រិតជីវភាពរបស់ពួកគេ កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។
លោក ហេង សួរ បានបញ្ជាក់យ៉ាងដូច្នេះថា «ពាក់ព័ន្ធពលករយើងទៅធ្វើការនៅក្រៅប្រទេសនេះ ក្នុងឆ្នាំ២០១៩យើងមានសរុប ចំនួន១,២៨៨,០០០នាក់ ហើយធៀបនឹងឆ្នាំ២០១៨ គឺយើងមាន១,២៣០,០០០នាក់ ចឹងនៅក្នុងឆ្នាំ២០១៩នេះ យើងមានការកើនឡើងប្រមាណជាង៥ម៉ឺននាក់។ តាមរយៈបងប្អូន ដែលធ្វើការនៅក្រៅប្រទេសនេះ យើងឃើញបងប្អូនបានផ្ញើប្រាក់ដែលសល់ពីការចាយវាយជាក់ស្ដែង នៅប្រទេសនោះ មកស្រុកយើងវិញ ប្រហែលជិត២,៨០០លានដុល្លារក្នុងមួយឆ្នាំ»។
លោក ហេង សួរ បានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ ពលករខ្មែរភាគតិចណាស់ ដែលចង់ទៅធ្វើការនៅប្រទេសម៉ាឡេស៉ី ក៏ព្រោះតែលុយនៅប្រទេសនោះ បានចុះថោក ខណៈការងារកាន់តែសម្បូរបែបនៅប្រទេសកម្ពុជា។ លើសពីនេះ រយៈពេល៤ឆ្នាំចុងក្រោយនេះ ប្រាក់បៀវត្សអប្បបរមា នៅប្រទេសកម្ពុជា ខ្ពស់ប្រហាក់ប្រហែលនឹងប្រទេសជិតខាងផងដែរ៕
Fresh News