ខ្មែរប៉ុស្ដិ៍ Close

រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រដ្ឋឱ្យក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប សម្រាប់គម្រោងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម ៧០០មេហ្គាវ៉ាត់ នៅខេត្តកោះកុង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 32
រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រដ្ឋឱ្យក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប សម្រាប់គម្រោងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម ៧០០មេហ្គាវ៉ាត់ នៅខេត្តកោះកុង រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រដ្ឋឱ្យក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប សម្រាប់គម្រោងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម ៧០០មេហ្គាវ៉ាត់ នៅខេត្តកោះកុង

សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ៊ិនវេសម៉ិន គ្រុប ឯ.ក សម្រាប់គម្រោង វិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ នៅខេត្តកោះកុង ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុងហើយ ក្នុងកិច្ចប្រជុំវិសាមញ្ញរដ្ឋសភា នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ ក្រោមសំឡេងគាំទ្រ១០៩នាក់។

កិច្ចប្រជុំវិសាមញ្ញនេះ បានធ្វើឡើងនៅវិមានរដ្ឋសភា ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីតំណាងរាស្រ្ត១០៩រូប ក្នុងនោះមានសេចក្តីព្រាងច្បាប់ចំនួន៣ ពាក់ព័ន្ធនឹងវិស័យធុរកិច្ច ត្រូវបានរដ្ឋសភា លើកមកពិភាក្សា និងអនុម័ត។

សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ៊ិនវេសម៉ិន គ្រុប ឯ.ក សម្រាប់គម្រោង វិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ ខេត្តកោះកុង គឺជារបៀបវារៈសំខាន់ទី១ ដែលទទួលបានការអនុម័តមុនគេបង្អស់។

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ៉ិនវេសមិន គ្រុប ឯ.ក ទទួលបានសម្បទានអនុវត្តគម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មនាំចូល អនុភាព៧០០មេហ្គាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុង ដោយភ្ជាប់នឹងលក្ខខណ្ឌគន្លឹះសំខាន់ៗមួយចំនួន ដូចជា៖

* ទំហំការងារដែលក្រុមហ៊ុនត្រូវសាងសង់រួមមាន៖
– សាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មនាំចូល អនុភាព៧០០មេហ្គាវ៉ាត់
– សាងសង់ប្រព័ន្ធតភ្ជាប់អគ្គិសនី តង់ស្យុង២៣០គីឡូវ៉ុល ប្រវែង៥០គីឡូម៉ែត្រ តភ្ជាប់ពីរោងចក្រអនុស្ថានីយបុទុមសាគររបស់អគ្គិសនីកម្ពុជាផង
– សាងសង់ស្ពានដឹកជញ្ជូនធ្យូងថ្ម មាន២កំណាត់ ប្រវែងសរុប៦គីឡូម៉ែត្រ និងកន្លែងស្តុកធ្យូងថ្ម
– ផ្លូវចូលទីតាំងគម្រោង ប្រវែង៤០គីឡូម៉ែត្រ
– អនុស្ថានីយអគ្គិសនីរបស់រោងចក្រ
– បន្ថែមបរិក្ខាសម្រាប់បញ្ចេញថាមពលទៅឱ្យអ្នកប្រើប្រាស់ក្នុងតំបន់ រួមមានប្រជាពលរដ្ឋ និងរោងចក្រ សហគ្រាស ឬតំបន់ឧស្សាហកម្ម ដែលអាចនឹងកើតមាននៅពេលអនាគត។

រោងចក្រនេះមាន អនុភាពដំឡើង៧០០មេហ្គាវ៉ាត់ អនុភាពសុទ្ធ ៦៨០មេហ្គាវ៉ាត់។ អគ្គិសនីកម្ពុជាធានាទិញថាមពលពីគម្រោង៨០% ក្នុង១ឆ្នាំ។ ទុនវិនិយោគសរុប ១៣៤៤,២០លានដុល្លារអាមេរិក ក្នុងនោះមានទុនផ្ទាល់៣០ភាគរយ និងកម្ចីពីធនាគារ៧០ភាគរយ។

ការដាកឱ្យដំណើរការរោងចក្រអគ្គិសនី ត្រូវស្របតាមផែនការមេអភិវឌ្ឍវិស័យអគ្គិសនី ដោយម៉ាស៊ីនទី១ អនុភាព ៣៥០មេហ្គាវ៉ាត់ ត្រូវដាក់ឱ្យដំណើរការនៅឆ្នាំ២០២៣ និងម៉ាស៊ីនទី២ អនុភាព៣៥០មេហ្គាវ៉ាត់ ត្រូវដាក់ឱ្យដំណើរការនៅឆ្នាំ២០២៤។ រយៈពេលសម្បទាន៣៨ឆ្នាំ ក្នុងនោះរយៈពេលសាងសង់៣ឆ្នាំ និងរយៈពេលធ្វើអាជីវកម្ម៣៥ឆ្នាំ ចំណែកថ្លៃលក់អគ្គិសនី ០,០៧២៩២ដុល្លារអាមេរិក ក្នុង១គីឡូវ៉ាត់ម៉ោង។

សម្រាប់គម្រោងផលិតរោងចក្រអគ្គិសនីនេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការលើកទឹកចិត្តមួយចំនួនដូចជា៖
* លើកលែងពន្ធនាំចូលគ្រឿងចក្រ គ្រឿងម៉ាស៊ីន បរិក្ខាឧបករណ៍ និងសម្ភារៈនានា នៃគម្រោងក្នុងរយៈពេលសាងសង់
* អាករលើតម្លៃបន្ថែម (VAT) និងអាករពិសេស ជាបន្ទុករបស់រដ្ឋ
* លើកលែងពន្ធលើប្រាក់ចំណូលរយៈពេលល៩ឆ្នាំ គិតចាប់ពីថ្ងៃប្រតិបត្តិការអាជីវកម្មដំបូង
* លើកលែងថ្លៃសួយសារ និងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងៗ លើការប្រើប្រាស់ទឹក និងធនធានសំណង់ (ថ្ម គ្រួស ខ្សាច់ សាច់ដី) សម្រាប់ការសាងសង់គម្រោង។

ប៉ុន្តែទោះជាយ៉ាងនេះក្តី ក្រុមហ៊ុនត្រូវធ្វើការបោសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅលើទីតាំងដែលចាំបាច់។ ក្រុមហ៊ុនត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពនូវវិធានការបង្ការ និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ ក្រុមហ៊ុនក៏ត្រូវផ្តល់ថវិកាទ្រទ្រង់កាត់បន្ថយផលប៉ះពាល់បរិស្ថាន ហើយក្រុមហ៊ុនត្រូវឧបត្ថម្ភអគ្គសិនីកម្ពុជា សម្រាប់កម្មវិធីបណ្តុះបណ្តាលធនធានមនុស្ស និងបង្កើនសមត្ថភាពក្នុងវិស័យថាមពលកម្ពុជាជាដើម។

សម្រាប់គម្រោងនេះ រដ្ឋទទួលចំណូលពន្ធ ដែលរួមមានពន្ធលើប្រាក់ចំណូលពន្ធ មុនបង់មុនលើការបែងចែកភាគលាភ និងពន្ធកាត់ទុកលើការប្រាក់ សរុបចំនួន៧៤៦ ២៦៨ ២៥០ដុល្លារ ក្នុងរយៈពេលសម្បទាន៣៨ឆ្នាំ ឬជាមធ្យម ១៩ ៦៣៨ ៦៣៨ដុល្លារ ក្នុង១ឆ្នាំ។ ក្នុងករណីអាករលើតម្លៃបន្ថែម (VAT) ត្រូវបានក់ឱ្យអនុវត្តលើថ្លៃលក់ថាមពលអគ្គិសនី រដ្ឋនឹងទទួលបានចំណូលពីអាករនេះ សរុបចំនួន ១ ២១៦ ២៣៥ ៥៩៧ដុល្លារអាមេរិក ក្នុងរយៈពេលអាជីវកម្ម៣៥ឆ្នាំ។ ចំណូលពន្ធនេះ មិនទាន់គិតបញ្ចូលចំណូលពន្ធមួយចំនួនទៀតដូចជា ពន្ធលើប្រាក់បៀវត្ស ពន្ធកាត់ទុកលើការជួលនានា និងចំណូលពន្ធមួយចំនួនទៀត៕

Fresh News