ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសេដ្ឋកិច្ច និង JICA ចេញសេចក្តីប្រកាសព័ត៌មានរួម ស្តីពីការផ្តល់ហិរញ្ញប្បទានជិត៦០០លានដុល្លារដល់រាជរដ្ឋាភិបាលកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០ ឯកសារ 32
ក្រសួងសេដ្ឋកិច្ច និង JICA ចេញសេចក្តីប្រកាសព័ត៌មានរួម ស្តីពីការផ្តល់ហិរញ្ញប្បទានជិត៦០០លានដុល្លារដល់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសេដ្ឋកិច្ច និង JICA ចេញសេចក្តីប្រកាសព័ត៌មានរួម ស្តីពីការផ្តល់ហិរញ្ញប្បទានជិត៦០០លានដុល្លារដល់រាជរដ្ឋាភិបាលកម្ពុជា

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មានរួមមួយ ស្តីពីពិធីចុះហត្ថលេខា ក្នុងការផ្តល់ហិរញ្ញប្បទានដល់គម្រោងចំនួនប្រាំ ដែលមានទឹកប្រាក់ជិត៦០០លានដុល្លារអាមេរិក។

ពិធីចុះហត្ថលេខាក្នុងការផ្តល់ហិរញ្ញប្បទានដល់គម្រោងចំនួនប្រាំ ក្នុងនោះ លើលិខិតប្តូរសារចំនួនប្រាំ និងលើកិច្ចព្រមព្រៀងឥណទានសម្បទានចំនួនពីរ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក. ការចុះហត្ថលេខារវាង៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក Masahiro MIKAMI ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា លើលិខិតប្តូរសារ (Exchange of Notes) ស្តីពីការផ្តល់ហិរញ្ញប្បទានដល់គម្រោងចំនួនប្រាំ ដែលមានទឹកប្រាក់សរុបប្រមាណ ៣១២.៣៧ លានដុល្លារអាមេរិក។ លិខិតប្តូរសារចំនួន៥នេះរួមមាន៖

១. គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅ (ទឹកប្រាក់ចំនួន ៣ ៤២១ លានយ៉េន ត្រូវជាប្រមាណ ៣០.៧ លានដុល្លារអាមេរិក)

២. គម្រោងសមាហរណកម្មការបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីន (ទឹកប្រាក់ចំនួន១០០០លានយ៉េន ត្រូវជាប្រមាណ ៨.៩៧ លានដុល្លារអាមេរិក )

៣. គម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម តាមរយៈការផ្ដល់រថយន្ត និងសម្ភារៈដល់កម្ពុជា សម្រាប់កិច្ចប្រជុំអាស៊ាន ២០២២ (ទឹកប្រាក់ចំនួន ៣០០ លានយ៉េន ត្រូវជាប្រមាណ២.៧ លានដុល្លារអាមេរិក)

៤. គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ (ពីស្ពានព្រែកក្ដាម – ធ្លាម្អម ខេត្តពោធិ៍សាត់) ដំណាក់កាលទី៣ ដែលមានទឹកប្រាក់ចំនួន ១១ ៧១៥ លានយ៉េន ត្រូវជាប្រមាណ ១០៨ លានដុល្លារអាមេរិក

៥. គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ (ពីធ្លាម្អម ខេត្តពោធិ៍សាត់ – ក្រុងបាត់ដំបង និងពីក្រុងសិរីសោភ័ណ – ក្រុងប៉ោយប៉ែត) ដំណាក់កាលទី ២ ដែលមានទឹកប្រាក់ចំនួន ១៧ ៧០២ លានយ៉េន ត្រូវជាប្រមាណ ១៦២ លានដុល្លារអាមេរិក

ខ. ការចុះហត្ថលេខារវាង៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយលោក SUGANO Yuichi ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា លើកិច្ចព្រមព្រៀងឥណទានសម្បទានចំនួនពីរ ដែលមានទឹកប្រាក់សរុបប្រមាណ ២៧០ លានដុល្លារអាមេរិក។ កិច្ចព្រមព្រៀងឥណទានសម្បទាន ចំនួន ២ នេះ ជាកញ្ចប់ឥណទានសម្រាប់បន្ថែមដល់គម្រោងទាំងពីរ រួមមាន៖

១. គម្រោងធ្វើឱ្យប្រសើរឡើង នូវកំណាត់ផ្លូវជាតិលេខ៥ (ពីស្ពានព្រែកក្ដាម – ធ្លាម្អម ខេត្តពោធិ៍សាត់)ដំណាក់កាលទី៣ ដែលមានទឹកប្រាក់ចំនួន ១១ ៧១៥ លានយ៉េន ត្រូវជាប្រមាណ ១០៨ លានដុល្លារអាមេរិក

២. គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ (ពីធ្លាម្អម ខេត្តពោធិ៍សាត់ – ក្រុងបាត់ដំបង និងពីក្រុងសិរីសោភ័ណ – ក្រុងប៉ោយប៉ែត) ដំណាក់កាលទី ២ ដែលមានទឹកប្រាក់ចំនួន ១៧ ៧០២ លានយ៉េន ត្រូវជាប្រមាណ ១៦២ លានដុល្លារអាមេរិក

ជារួម គម្រោងធ្វើឲ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ (ពីស្ពានព្រែកក្តាម-ក្រុងប៉ោយប៉ែត) ក្នុងក្របខ័ណ្ឌឥណទានសម្បទានជប៉ុន មានប្រវែងសរុប ៣៦៦ គម បានបែងចែកជា៣ផ្នែកធំៗគឺ៖

១. ភាគខាងជើង (ពីក្រុងបាត់ដំបង – ក្រុងសិរីសោភ័ណ) កំណាត់ផ្លូវមានប្រវែងសរុប ៨៤.៧៤គម ក្នុងនោះ ផ្លូវមេមានប្រវែង ៥១.៤៨ គម និងផ្លូវវាងក្រុងបាត់ដំបង មានប្រវែង ២៣.៩២គម និងផ្លូវវាងក្រុងសិរីសោភ័ណ មានប្រវែង ៩.៣៤ គម។

២. ភាគខាងត្បូង (ពីស្ពានព្រែកក្តាម – ធ្លាម្អម ខេត្តពោធិ៍សាត់) កំណាត់ផ្លូវមានប្រវែងសរុប១៣៥.២៤គម ក្នុងនោះផ្លូវមេមានប្រវែង ១១៧.៩៧គម និងផ្លូវវាងពីរខ្សែគឺ ផ្លូវវាងក្រុងឧត្តុង្គ មានប្រវែង៥.២ គម និងផ្លូវវាងក្រុងកំពង់ឆ្នាំង មានប្រវែង១២.០៧ គម។

៣. ភាគកណ្តាល (ពីធ្លាម្អម ខេត្តពោធិ៍សាត់-ក្រុងបាត់ដំបង និងពីក្រុងសិរីសោភ័ណ-ក្រុងប៉ោយប៉ែត) កំណាត់ផ្លូវមានប្រវែងសរុប១៤៦.០៤គម ក្នុងនោះពីធ្លាម្អម ខេត្តពោធិ៍សាត់ ទៅក្រុងបាត់ដំបង មានប្រវែង៩៩.២១គម ជាផ្លូវ៤គន្លង, ផ្លូវវាងក្រុងពោធិ៍សាត់១១.៦៩គម និងកំណាត់ផ្លូវពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត មានប្រវែង ៣៥,១៤ គម។

ដោយហេតុថា តម្រូវការហិរញ្ញប្បទានសម្រាប់ផ្នែកនីមួយៗមានតម្រូវការធំ ដូចនេះ ការផ្តល់ឥណទានសម្រាប់ផ្នែកនីមួយៗ បានធ្វើឡើងជាដំណាក់កាលៗ ទៅតាមការវិវឌ្ឍនៃការរៀបចំអនុវត្តគម្រោង។ ជារួមកំណាត់ផ្លូវជាតិលេខ៥ (ពីស្ពានព្រែកក្តាម-ក្រុងប៉ោយប៉ែត) ដែលមានប្រវែងសរុបចំនួន ៣៦៦ គម មានតម្រូវការឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន សរុបប្រមាណ៨៤០លានដុល្លារអាមេរិក៕

Fresh News

អត្ថបទទាក់ទង