រដ្ឋមន្ត្រីការបរទេសជប៉ុន ផ្ញើសារជូនពលរដ្ឋកម្ពុជាក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា
(ភ្នំពេញ)៖ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងអញ្ជើញមកដល់ប្រទេសកម្ពុជានាល្ងាចថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២០នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយ:ពេល៣ថ្ងៃ (ចាប់ពីថ្ងៃទី២១ ដល់ ២៣ ខែសីហា)។
ដំណើរពំពេញទស្សនកិច្ចនៅកម្ពុជានេះ នាថ្ងៃទី២២ ខែសីហា លោករដ្ឋមន្រ្តី នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ម៉ោង១០៖៤៥ព្រឹក នៅវិមានសន្តិភាព និងរសៀលម៉ោង៣៖០០នាទី ជួបប្រជុំទ្វេភាគីជាមួយ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នៅទីស្តីការក្រសួងនាថ្ងៃទី២២ ខែសីហា។
ជាមួយដំណើរទស្សនកិច្ចនៅកម្ពុជានេះ លោករដ្ឋមន្ត្រីការបរទេសជប៉ុន បានសារមួយជូនពលរដ្ឋកម្ពុជាផងដែរ។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃសាររបស់លោក ម៉ូតេហ្គី តូស៊ីមីត្សឹ៖
ជំរាបសួរប្រជាជនកម្ពុជាជាទីរាប់អាន!
ថ្ងៃនេះខ្ញុំបានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាជាលើកដំបូង ក្រោយពីខ្ញុំបានទទួលដំណែងជារដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន។ កន្លងមកនេះ ខ្ញុំធ្លាប់បានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាប៉ុន្មានលើករួចមកហើយ ហើយអ្វីដែលដិតជាប់នៅក្នុងចិត្តរបស់ខ្ញុំមិនអាចបំភ្លេចបាននោះ គឺសម្រស់ថ្ងៃលិចមើលពីប្រាសាទអង្គរវត្ត។
កាលពីឆ្នាំ២០១៤ ក្នុងនាមជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ខ្ញុំបានមកធ្វើទស្សនកិច្ចនៅកម្ពុជា ជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនជប៉ុនជាច្រើន ដើម្បីជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ចផងដែរ។ ក្រោយសង្គ្រាមស៊ីវិលនៅកម្ពុជា ប្រទេសជប៉ុនបានរួមដំណើរជួយគាំទ្រដល់ដំណើរការស្វែងរកសន្តិភាព ការស្តារឡើងវិញក៏ដូចជាការអភិវឌ្ឍជាបន្តបន្ទាប់របស់ប្រទេសកម្ពុជា ដែលនេះគឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាពនៃប្រទេសទាំងពីរ ហើយទំនាក់ទំនងនេះមានភាពស៊ីជម្រៅថែមទៀតក្នុងវិស័យផ្សេងៗដូចជា នយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និងការផ្លាស់ប្តូរធនធានមនុស្សជាដើម។ បើប្រៀបធៀបជាមួយឆ្នាំ២០១៤ ដែលខ្ញុំបានធ្វើដំណើរទស្សនកិច្ចលើកមុន ចំនួនប្រជាជនជប៉ុននៅកម្ពុជាបានកើនឡើង២.២ដង (ពី១,៧៩៣នាក់ ដល់៣,៩៣៤នាក់) រីឯក្រុមហ៊ុនជប៉ុនកើន២.៧ដង (ពី១៤២ក្រុមហ៊ុន ដល់៣៨៨ក្រុមហ៊ុន)។
ចំណែកឯពាណិជ្ជកម្មទ្វេភាគីកើន២.៣ដង (ពី១០០លានដុល្លាអាមេរិករហូត ដល់២៣០លានដុល្លាអាមេរិក)។ ប្រជាជនកម្ពុជាដែលកំពុងរស់នៅប្រទេសជប៉ុនកើន៤.៣ដង (ពី៣,៤៣៦នាក់ ដល់១៥,០២០នាក់)។ ប្រទេសកម្ពុជាស្ថិតនៅទីកណ្តាលនៃច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង ដែលតភ្ជាប់តំបន់មេគង្គ និងពាក់កណ្តាលនៃចំនួនប្រជាជន ជាយុវជនវ័យក្មេង និងស្វាហាប់អាយុក្រោម២៥ឆ្នាំ ដែលនេះជាសក្តានុពលធ្វើឲ្យទំនាក់ទំនងទ្វេភាគីមានភាពកាន់តែស៊ីជម្រៅថែមទៀត។
សហគមន៍អន្តរជាតិ កំពុងប្រឈមជាមួយការរីករាលដាលនៃជម្ងឺកូវីដ-១៩នៅទូទាំងពិភពលោក។ ខ្ញុំសូមកោតសរសើរ ដល់ប្រទេសកម្ពុជាដែលកំពុងគ្រប់គ្រងបាននូវការឆ្លងរាលដាលនេះ ដោយកិច្ចខិតខំប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងកិច្ចសហការរបស់ប្រជាជន។
ប្រទេសជប៉ុន បាននាំមុខក្នុងសហគមន៍អន្តរជាតិជួយដល់ប្រទេសដែលមានប្រព័ន្ធសុខាភិបាលមានកម្រិត ដើម្បីទប់ទល់នឹងកូវីដ-១៩។ ចំពោះប្រទេសកម្ពុជា ប្រទេសជប៉ុនកំពុងចូលរួមចំណែកតាមរយៈការផ្តល់សម្ភារៈពេទ្យ (អាវពេទ្យសម្រាប់ការពារ និងស្រោមដៃជាដើម) នៅខែកុម្ភៈកន្លងមកនេះ និងការផ្តល់បរិក្ខារវេជ្ជសាស្រ្ត និងកែលម្អមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្នុងទឹកប្រាក់ប្រមាណ៤,២០០លានយ៉េន ព្រមទាំងជំនួយបច្ចេកទេសតាម និងសម្ភារៈផ្សេងៗក្នុងទឹកប្រាក់ប្រមាណ១ពាន់លានយ៉េន តាមរយៈអង្គការអន្តរជាតិផងដែរ។
ចំណែកនៅក្នុងវិស័យឯកជន ក្រុមហ៊ុនជប៉ុនកំពុងសហការក្នុងការផ្តល់កម្មវិធីអប់រំជា App និងកម្មវិធីសិក្សាតាមប្រព័ន្ធអ៊ីនធើណែត រួមទាំងអង្គការក្រៅរដ្ឋាភិបាលជប៉ុនក៏បានកំពុងផ្សព្វផ្សាយនូវវិធានការបង្ការការឆ្លងមេរោគ ក៏ដូចជាគាំទ្រដល់កុមារដែលមិនអាចចូលរៀន ដោយសារការបិទសាលារៀន។ ជាមួយគ្នានេះ ក៏មានវេជ្ជបណ្ឌិតជនជាតិជប៉ុនមួយចំនួន បានធ្វើដំណើរចូលក្នុងប្រទេសកម្ពុជា ដើម្បីបំពេញការងារការវះកាត់បន្ទាន់ និងព្យាបាលជម្ងឺជូនប្រជាជនកម្ពុជាផងដែរ។
ចំណាត់ការលើវិធានការកូវីដ-១៩ទាំងនេះ ក៏បានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពរឹងមាំផងដែរ។ ដើម្បីពង្រឹងទំនាក់ទំនងនេះបន្ថែមទៀត យើងនឹងបន្តកិច្ចពិភាក្សាជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីបើកឡើងវិញនូវការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនក្នុងវិស័យធុរកិច្ចតាមលក្ខណៈសមស្របនឹងការការពារការឆ្លងរាលដាលសារជាថ្មីនៃកូវីដ-១៩។ ម៉្យាងវិញទៀត ខ្ញុំក៏មានបំណងជម្រុញនូវសាមគ្គីភាពឆ្ពោះទៅរកការស្តារសេដ្ឋកិច្ច និងការអភិវឌ្ឍក្រោយពេលដែលការ រីករាលដាលកូវីដ-១៩នេះត្រូវបានបញ្ចប់ផងដែរ។
កាលពីខែមករាឆ្នាំនេះ ខ្ញុំបានជួបជាមួយយុវជនកម្ពុជាដែលមានចំណាប់អារម្មណ៍លើនយោបាយចំនួន១០រូប ដែលបានមកធ្វើទស្សនាកិច្ច នៅប្រទេសជប៉ុន ហើយពួកគាត់ទាំងអស់គ្នាបានសម្តែងចេញនូវស្មារតីចង់អភិវិឌ្ឍប្រទេសរបស់ខ្លួនខ្លាំងណាស់។ ប្រទេសកម្ពុជាមានធនធានមនុស្សប្រៀបដូចជាកំពូលនៃប្រាសាទអង្គរវត្ត និងប្រាសាទអង្គរធំ ដែលត្រូវបានទ្រដោយថ្មរឹងមាំដាក់បន្តុបលើគ្នាជាច្រើនដើម្បីឲ្យខ្ពស់។ ម៉្យាងវិញទៀត ដូចគ្នានឹងយុគសម័យអង្គរដែលបានរីកចម្រើនលូតលាស់ដោយការរួមរស់ជាមួយគ្នា និងការលាយបញ្ចូលគ្នារវាងសាសនាហិណ្ឌូ និងព្រះពុទ្ធសាសនា ប្រទេសកម្ពុជាមានប្រវត្តិ និងប្រពៃណីទទួលយកវប្បធម៌ គំនិតខុសៗគ្នា និងធនធានមនុស្សផ្សេងៗគ្នាផងដែរ។ ប្រទេសជប៉ុននឹងបន្តផ្តល់ការគាំទ្រដើម្បីឲ្យប្រទេសកម្ពុជាអាចដើរលើមាគ៌ាសំដៅទៅរកទិសដៅនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យរបស់ខ្លួន ដោយបញ្ចូលកម្លាំងយុវជនជាសសរទ្រូង។
ខ្ញុំទន្ទឹងរង់ចាំនឹងជួបពិភាក្សាយ៉ាងស្មោះអស់ពីចិត្តជាមួយសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស ដើម្បីបន្តភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសយើងទាំងពីរកាន់ តែរីកចម្រើនថែមទៀត៕