ក្រុមហ៊ុនជប៉ុនចំនួន១៣៧ គម្រោង បានចុះបញ្ជីគម្រោងវិនិយោគទុន លើគ្រប់វិស័យនៅកម្ពុជា
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ក្នុងក្របខណ្ឌនៃការវិនិយោគផ្ទាល់ពីជប៉ុន ផ្អែកតាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតពីឆ្នាំ១៩៩៤ រហូតដល់ត្រីមាសទី១ ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជី គម្រោងវិនិយោគរបស់ក្រុមហ៊ុនជប៉ុនចំនួន១៣៧គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ២,៥ពាន់លានដុល្លារអាមេរិក ដែលផ្ដោតសំខាន់លើផ្នែកផលិតគ្រឿងបង្គុំអគ្គិសនី និងអេឡិកត្រូនិក គ្រឿងបង្គុំរថយន្ត និងសម្ភារៈបរិក្ខារបច្ចេកទេស កសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។
លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ នៅក្នុងសិក្ខាសាលាស្ដីអំពីបរិយាកាសវិនិយោគនៅកម្ពុជា ដែលសិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗរបស់ប្រទេសជប៉ុន មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងមានការចូលរួមពីអ្នកវិនិយោគិនសំខាន់ៗជាច្រើនរូបផងដែរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ក្រៅពីគម្រោងវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាខាងលើ ក៏មានវត្តមាននៃសកម្មភាពធុរកិច្ចជប៉ុនទាំងធំ ទាំងតូច ចំនួនប្រមាណ១.៧០០ក្រុមហ៊ុន ដែលមានសកម្មភាពក្នុងវិស័យជាច្រើនដូចជាវិស័យធនាគារ អាកាសចរណ៍ ភោជនីយដ្ឋាន ជាដើម។
ចំពោះវិស័យធនាគារ បច្ចុប្បន្នមានធនាគារដែលមានភាគហ៊ុនជប៉ុនចំនួន ៦ កំពុងមានប្រតិបត្តិការនៅកម្ពុជា ក្នុងនោះធនាគារមីហ្ស៊ូហូជាធនាគារជប៉ុនលំដាប់អន្តរជាតិដំបូងគេបង្អស់ដែលបានទទួលអាជ្ញាប័ណ្ណធនាគារពាណិជ្ជនៅកម្ពុជាកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧។
ចំណែកវិស័យទេសចរណ៍ ក្នុងត្រីមាសទី១ ឆ្នាំ២០១៩ កម្ពុជា បានស្វាគមន៍ភ្ញៀវទេសចរណ៍ជប៉ុនប្រមាណជាង៦ម៉ឺននាក់ ដែលតួលេខនេះមានការកើនឡើងប្រមាណ២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។ កំណើននៃប្រជាជនកម្ពុជាមកប្រទេសជប៉ុនក៏មានចំនួនកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ នេះបើយោងតាមព័ត៌មានដែលយើងទទួលបានពីស្ថានទូតជប៉ុនប្រចាំកម្ពុជា គឺបើធៀបនឹងឆ្នាំ២០១៧ នៅឆ្នាំ២០១៨កន្លងទៅកំណើននៃការផ្តល់ទិដ្ឋាការដល់ប្រជាជនកម្ពុជាមានការកើនឡើងប្រមាណ ៣៤%៕