អ្នកនាំពាក្យក្រសួងសុខាភិបាល៖ គ្មានការរុញដាក់គ្នាចំពោះមន្ទីរពេទ្យខ្មែរ-សូវៀត និងទៅវិទ្យាស្ថានប៉ាស្ទ័រនោះទេ ក្នុងការចង់ធ្វើតេស្ដរកមេរោគកូវីដ-១៩
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា គ្មានការរុញច្រានដាក់គ្នាចំពោះមន្ទីរពេទ្យខ្មែរ-សូវៀត និងវិទ្យាស្ថានប៉ាស្ទ័រនោះទេ ចំពោះការទាមទារចង់ធ្វើតេស្តមេរោគកូវីដ-១៩។
ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងថា “មិនមានពិតដូចការលើកឡើងថាគ្រូពេទ្យនៅពេទ្យរុស្ស៊ីរុញអ្នកជំងឺទៅវិទ្យាស្ថានប៉ាស្ទ័រ ហើយប៉ាស្ទ័ររុញមកមន្ទីររុស្ស៊ីនោះទេចំពោះករណីនេះ។ ក្នុងករណីបើមានការសង្ស័យឆ្លងជំងឺកូវីដ-១៩ទើបក្រុមគ្រូពេទ្យយកវត្ថុសំណាកទៅពិនិត្យ មិនមែនចេះតែទាមទារថាខ្ញុំត្រូវតែធ្វើតេស្តជាចាំបាច់នោះទេ”។ លោកជំទាវបានបន្ដថា ការធ្វើតេស្តរកមេរោគកូវីដ-១៩ ទាល់តែអ្នកនោះទៅជួបក្រុមគ្រូពេទ្យ ហើយគាត់រកឃើញថាភាពសង្ស័យច្រើនទើបគេធ្វើតេស្ត។ លោកជំទាវបានលើកឡើងថា ការធ្វើតេស្តរកមេរោគនេះ មិនមែនធ្វើតេស្តដូចជាការបូមឈាមធ្វើតេស្តនោះទេ គឺត្រូវមានការការពារ ការស្លៀកពាក់ឱ្យបានត្រឹមត្រូវ ព្រោះថាត្រូវគិតពីការចម្លងរោគនៅមន្ទីរពេទ្យផងដែរ។
លោកជំទាវបានបញ្ជាក់បន្ថែមថា “ចំណុចនេះ យើងទាមទារពេលវេលាមួយ ហើយប្រសិនបើមានករណីជាគ្រុនផ្តាយសាយធម្មតា ឬជាជំងឺរលាកកំពង់ក ធម្មតា អីច្ចឹងក្រុមគ្រូពេទ្យនឹងព្យាបាលសិន ពិសេសនោះបុគ្គលកុំមានការភ័យស្លន់ស្លោរ ហើយការគិតគូរពីសុខភាពជាការត្រឹមត្រូវ”។ លោកជំទាវរដ្ឋលេខាធិការបានអះអាងថា ជំងឺកូវីដ-១៩ មិនមែន កើកភ្លាមស្លាប់ ឬដួលភ្លាមនោះទេ គឺទាល់តែយើងទៅប៉ះផ្ទាល់ជាមួយអ្នកចម្លង ឬធ្វើដំណើរទៅកាន់កន្លែងណាផ្ទុះជំងឺកូវីដ-១៩នេះ ហើយត្រឡប់មកវិញមានអាការៈមិនស្រួល នោះស្ថិតក្នុងការសង្ស័យខ្ពស់។ ដោយឡែកបើគ្រាន់តែយើងនៅម្នាក់ឯង ហើយមានការអនាម័យខ្ពស់ យើងកុំមានការភ័យខ្លាចនោះទេគឺត្រូវទៅពិគ្រោះជាមួយកគ្រូពេទ្យ ហើយធ្វើការព្យាបាលជាធម្មតា ។
លោកជំទាវបានបន្ថែមថា ចំពោះព័ត៌មានទាក់ទងនឹងករណីថាមន្ទីរពេទ្យរុញដាក់គ្នាក្នុងការពិនិត្យនោះ គឺគ្រូពេទ្យបានពន្យល់រួចតែគាត់មិនស្តាប់ ដោយចង់ធ្វើការតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ តែម្តងនោះគឺខុសពីនីតិវិធីហើយដែល នៅវិទ្យាស្ថានប៉ាស្ទ័រធ្វើតេស្តត្រូវការការពារបានត្រឹមត្រូវ។ លោកជំទាវបានបន្ថែមទៀតថា បើអ្នកមិនទាន់ចាំបាច់ធ្វើតេស្តគួរកុំធ្វើ ហើយត្រូវធ្វើការអនាម័យដោយខ្លួនជាការសំខាន់។ ករណីនេះ ក្រសួងសុខាភិបាលធ្លាប់មានហើយ គឺករណីគាត់ក្តៅខ្លួនហើយ គាត់មានការភ័យខ្លាំង តែគាត់ត្រូវបានព្យាបាលជា។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានស្នើទៅកាន់ខាងសាកលវិទ្យាល័យភ្នំពេញធ្វើការប្រាប់ព័ត៌មានពីដំណើរការដំបូង ដូចជាទៅជួបគ្រូពេទ្យណា នៅកន្លែងណា ស្ថានភាពបែបណា ជាការប្រញាប់ ហើយបើសិនជាគ្រូពេទ្យមានកំហុសខុសឆ្គងសុំមានការអធ្យាស្រ័យផងដែរ៕
ដោយ ក្រសួងព័ត៌មាន