សៀមរាបរៀបចំកម្មវិធីសប្បុរសធម៌ដើម្បីជួយទ្រទ្រង់មន្ទីរពេទ្យនៅទីក្រុងវូហាន
នៅមហោស្រពអាណាចក្រអង្គរ សហការជាមួយការិយាល័យកុងស៊ុលចិនប្រចាំនៅខេត្តសៀមរាប និងរដ្ឋបាលខេត្តសៀមរាប បានរៀបចំធ្វើកម្មវិធីសម្តែងសិល្បៈសប្បុរសធម៌មួយ កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងគោលបំណងកៀងគរប្រមូលថវិកាពីសប្បុរជនដើម្បីជួយដល់ប្រជាជនក្រុងវូហាន ខេត្តហឺប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបាននិងកំពុងឆ្លងជំងឺCovid-19។
លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា បន្ទាប់ពីផ្ទុះជំងឺកូរ៉ូណា ឬCovid-19 មក ទីក្រុងវូហានត្រូវបានបិទទាំងស្រុង ទាំងទីផ្សារ ជំនួញ ភោជនីយដ្ឋាន រោងចក្រ សាលារៀន កន្លែងកំសាន្តនានា ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរាតត្បាតនៃមេរោគដ៏សាហាវនេះ។ ប៉ុន្តែទោះបីរដ្ឋបាលប្រជាជនក្រុងវូហាន ក៏ដូចជា រដ្ឋាភិបាលប្រជាជនចិនបានចាត់វិធានការតឹងរ៉ឹងយ៉ាងណាក្តីក៏ជំងឺCovid-19នេះ នៅតែអាចបន្តឆ្លងរាតត្បាតពាសពេញទីក្រុងទាំងមូល។ កត្តាទាំងនេះ ក្រុងវូហាន មានកង្វះខាតថវិកា សម្ភារៈបរិក្ខារពេទ្យ ថ្នាំសង្កូវ ម៉ាស សំលៀកបំពាក់ វ៉ែនតា សម្រាប់ប្រយុទ្ធប្រឆាំង នឹងជំងឺនេះ ហើយទីក្រុងវូហានកំពុងត្រូវការសម្ភារៈទាំងនេះ ជាបន្ទាន់ដើម្បីយកទៅព្យាបាលអ្នកជំងឺ Covid-19 ដែលកំពុងសម្រាកព្យាបាលជម្ងឺ ក៏ដូចជាទប់ស្កាត់ការរាតត្បាតនៃមេរោគនេះ។
ដូច្នេះដើម្បីចូលរួមចំណែកដោះស្រាយទុក្ខលំបាកដល់ប្រជាជនក្រុងវូហានទាមទារឱ្យមានការចូលរួមពីមិត្តភក្តិ បងប្អូន និងមហាជនទូទៅពីគ្រប់មជ្ឈដ្ឋានទាំងសហគមន៍ជាតិ-អន្តរជាតិ ក្នុងការបរិច្ចាគធនធានផ្ទាល់ខ្លួនក្នុងសកម្មភាពមនុស្សធម៌។ លោកបន្តថា កន្លងមកនេះរដ្ឋបាលខេត្តសៀមរាប បានផ្តល់ម៉ាសការពារចំនួន១២០ពាន់៤០០ម៉ាសជូនដល់ខេត្ត-ក្រុងសម្ព័ន្ធមេត្រីភាពក្នុងនោះ ខេត្តយូណាន ចំនួន២០ពាន់៤៥០ម៉ាស ក្រុងណានជីងចំនួន២០ពាន់៤៥០ម៉ាស ក្រុងឆុងឈីងចំនួន៦៤ពាន់៥០០ម៉ាស និងក្រុងលីសួយចំនួន១៥ពាន់ម៉ាស។
ទន្ទឹមនឹងនេះដែរ ដើម្បីចូលរួមកាត់បន្ថយការលំបាករបស់មិត្តចិន លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រកាសផ្តល់ម៉ាសចំនួន៣០០ពាន់ម៉ាស និងសំលៀកបំពាក់ការពារការឆ្លងជំងឺCovid-19 ជូនដល់ក្រសួងការពារជាតិចិនផងដែរ។ សម្រាប់ខេត្តសៀមរាបនៅពេលនេះ គឺមហោស្រពអាណាចក្រអង្គរ សហការជាមួយការិយាល័យកុងស៊ុលចិនប្រចាំនៅខេត្តសៀមរាប និងរដ្ឋបាលខេត្តសៀមរាប បានរៀបចំធ្វើកម្មវិធីសម្តែងសិល្បៈសប្បុរសធម៌មួយ ក្នុងគោលបំណងកៀងគរថវិកាពីសប្បុរជនដើម្បីជួយដល់ប្រជាជនក្រុងវូហាន ដែលបាននិងកំពុងឆ្លងជម្ងឺ Covid-19។ ក្នុងកម្មវិធីនេះប្រមូលថវិកាបានសរុបចំនួន៥២ពាន់៥០១ដុល្លា ម៉ាសចំនួន១ពាន់ និងអាកុលសម្លាប់មេរោគ៣៥០គីឡូក្រាម។
ក្នុងនោះលោក លីវ ជឺជា ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប បានថ្លែងអំណរគុណចំពោះកម្ពុជា ជាពិសេសរដ្ឋបាលខេត្តសៀមរាប កាកបាទក្រហមសាខាខេត្តសៀមរាប និងប្រជាពលរដ្ឋនៅខេត្តសៀមរាប ដែលបានផ្តល់ថវិកាជួយដល់ប្រជាជនក្រុងវូហាន ដែលបាននិងកំពុងឆ្លងជម្ងឺ Covid-19 ។ បើទោះបីប្រជាជនកម្ពុជានៅក្នុងខេត្តសៀមរាបនេះ មិនមែនជាប្រជាជនអ្នកមានក៏ដោយ ប៉ុន្តែទឹកចិត្តមនុស្សធម៌ និង មិត្តភាពរបស់ពួកគាត់ពិតជាមានទំហំធំណាស់៕