ប្រព័ន្ធសុខាភិបាលចិនបច្ចុប្បន្នមានការជឿនលឿនខ្លាំង បើធៀបនឹង ១០ឆ្នាំមុន
មេរោគកូរ៉ូណាថ្មីដែលផ្ទុះចេញពីទីក្រុងវូហាន ប្រទេសចិនកំពុងបន្តជាបច្ចុប្បន្នភាព និងជាក្តីបារម្ភនៅទូទាំងពិភពលោក។ គិតត្រឹមថ្ងៃពុធ ទី២៩ មករា មេរោគផ្លូវដង្ហើមមួយនេះបានសម្លាប់ជនជាតិចិនជាង ១៣០នាក់ និងមានអ្នកឈឺជិត ៦ ០០០នាក់។ ក្រៅពីនៅចិន ចំនួនអ្នកផ្ទុកមេរោគកូរ៉ូណាថ្មីក៏កំពុងកើនឡើងនៅក្នុងប្រទេសមួយចំនួនក្នុងលោកដែរ។ អ្វីដែលថ្មី និងគួរឲ្យព្រួយបារម្ភ គឺករណីអ្នកឆ្លងមេរោគពីចិន ហើយឆ្លងបន្តទៅអ្នកនៅក្នុងស្រុកដែលទើបកើតមាននៅក្នុងប្រទេសជប៉ុន និងអាល្លឺម៉ង់។ កំណត់សម្គាល់មួយទៀត ចំនួនអ្នកឆ្លងមេរោគកូរ៉ូណាថ្មីនៅក្នុងប្រទេសចិនបានកើនលើសចំនួនអ្នកឆ្លងជំងឺសារស៍កាលពីជិត ២០ឆ្នាំមុនទៅទៀត។ តែអត្រានៃអ្នកស្លាប់ដោយជំងឺកូរ៉ូណាថ្មីនៅទាបជាងឆ្ងាយណាស់ បើធៀបនឹងជំងឺសារស៍។ ទោះជាយ៉ាងនេះក្តី លោកហ្សាក់គី ម៉ាតុនណា សាស្រ្តាចារ្យសកលវិទ្យាល័យជនជាតិបារាំង និងតែងសហការណ៍ជាមួយក្រសួងសុខាភិបាលចិនបានបញ្ជាក់ថា គេត្រូវមានជំនឿលើប្រព័ន្ធសុខាភិបាលចិនបច្ចុប្បន្នដែលមានការជឿនលឿនខ្លាំងណាស់ បើធៀបនឹង ១០ឆ្នាំមុន។
« តាំងពីប្រមាណជា ១០ឆ្នាំកន្លងទៅនេះ ប្រព័ន្ធរៀបចំ ចាត់ចែងរបស់ចិនមានការវិវឌ្ឍគួរឱ្យកត់សម្គាល់ខ្លាំងណាស់។ អភិបាលកិច្ចមានភាពប្រសើរឡើងគួរឱ្យចាប់អារម្មណ៍។ ប្រព័ន្ធសុខាភិបាលចិនសព្វថ្ងៃមានប្រសិទ្ធិភាពខ្ពស់ បើធៀបនឹងប្រព័ន្ធសុខាភិបាលចិនកាលពី ១០ ឬ ១៥ឆ្នាំមុន។ នៅក្នុងគ្រប់វិស័យទាំងអស់ ចិនមានហេដ្ឋារចនាសម្ព័ន្ធ និងអគារដែលមានលក្ខណៈស្តង់ដារអន្តរជាតិ បូករួមទាំងចំណេះដឹងផង។
ដូចគ្នាអ៊ីចឹងដែរនៅតាមសកលវិទ្យាល័យក៏មានកម្រិតប្រសើរ ហើយខ្ញុំគិតថា តាមយោបល់របស់ខ្ញុំ គឺទាំងអស់នេះហើយដែលជាកម្លាំងរបស់ចិនធ្វើឲ្យចិនខ្លាំង។ ដូចយើងឃើញស្រាប់ហើយប្រឈមនឹងមេរោគកូរ៉ូណាថ្មីពេលនេះ ចិនបានខ្នះខ្នែង ដុតដៃដុតជើងចាត់វិធានការទប់ស្កាត់។ បន្ទាប់មក គេក៏មិនត្រូវភ្លេចនិយាយទេថា ចិនមិនមែនជាប្រទេសឯកោទេ។ ចិនមានទំនាក់ទំនងជាមួយស្ថាប័នបរទេសផ្សេងៗ ដូចយ៉ាងជាមួយអង្គការសុខភាពពិភពលោក និងជាមួយវិទ្យាស្ថានប៉ាស្ទ័រ។ល។
ដូច្នេះ ខ្ញុំពិតជាទុកចិត្តលើចិនដែលអាចជំនះលើមេរោគកូរ៉ូណាថ្មីនេះ តែនឹងប្រើពេលយូរ »៕
RFI