ខ្មែរប៉ុស្ដិ៍ Close

ការវិនិយោគរបស់ចិនទៅក្នុងសាកលវិទ្យាល័យឯកជនរបស់ថៃ៖ តម្រូវការដើម្បីរក្សាស្តង់ដា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 55
ការវិនិយោគរបស់ចិនទៅក្នុងសាកលវិទ្យាល័យឯកជនរបស់ថៃ៖ តម្រូវការដើម្បីរក្សាស្តង់ដា និស្សិតនៃសាកលវិទ្យាល័យអន្តរជាតិ Stamford ថតរូបក្នុងពិធីចែកសញ្ញាបត្រលើកទី ២៣ នៅទីក្រុងបាងកក ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២២។ (រូបថត៖ សាកលវិទ្យាល័យអន្តរជាតិ Stamford / Facebook)

មានការបារម្ភជាច្រើនដែលថានិស្សិតចិនដែលកំពុងសិក្សានៅប្រទេសថៃកំពុងត្រូវបានគេកេងចំណេញតាមរយៈការបំប៉ោងថ្លៃសិក្សា និងការធ្វើទីផ្សារមិនស្មោះត្រង់។ នៅឆ្នាំ ២០២១ ស្ថានទូតចិនប្រចាំទីក្រុងបាងកកបានចេញនូវសេចក្តីថ្លែងការណ៍មួយ ដោយបានព្រមាននិស្សិតចិនកុំឱ្យដាក់ពាក្យសុំចូលរៀនយកសញ្ញាបត្រដែលគ្មានការផ្ទៀងផ្ទាត់ច្បាស់លាស់ ដែលដំណើរការដោយមហាវិទ្យាល័យអន្តរជាតិ និងបណ្តាសាកលវិទ្យាឯកជននៅក្នុងប្រទេសថៃ។ ស្ថានទូតចិនដដែលនេះបានប្រាប់ឱ្យនិស្សិតចិនពិនិត្យដោយប្រុងប្រយ័ត្ននូវបណ្តាកម្មវិធីសិក្សាដែលផ្តល់ឱ្យ តាមរយៈទីភ្នាក់ងារអប់រំបរទេស ឬតាមរយៈសាកលវិទ្យាល័យទាំងនោះផ្ទាល់។

បើ​តាម​មន្ត្រី​ស្ថានទូត​ចិនម្នាក់ ​ដែល​បាន​ផ្ដល់បទសម្ភាសកាលពី​ឆ្នាំ ២០១៨ បញ្ហានេះគឺជាក្ដី​កង្វល់ជាច្រើន​ឆ្នាំ​មក​ហើយ។ មន្ត្រី​រូប​នោះ​បាន​និយាយ​ថា និស្សិត​ចិន​ជា​ច្រើន​មាន​ការ​មិន​សប្បាយចិត្ត​ចំពោះ​ការ​ផ្សាយ​ពាណិជ្ជកម្ម​បំភ័ន្ត និងសញ្ញាបត្រ​ដែលគ្មានការទទួលស្គាល់។

ពួកគេបានសម្តែងនូវការមិនពេញចិត្តចំពោះទំនួលខុសត្រូវរបស់សាស្ត្រាចារ្យ, វិធីសាស្ត្រក្នុងការដាក់ចំណាត់ថ្នាក់មិនច្បាស់លាស់ និងថ្លៃសិក្សាខ្ពស់ជ្រុល។ កាលពីឆ្នាំ ២០១៦ លោក Chaiyapruk Serirak រដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំថៃបានបង្ហើបអោយដឹងថា ស្ថាប័នរបស់លោកកំពុងស៊ើបអង្កេតលើការត្អូញត្អែររបស់និស្សិតចិនចំពោះ «កម្មវិធីអប់រំដែលគិតតែពីប្រាក់ចំណេញ» នៅតាមបណ្ដាសាកលវិទ្យាល័យឯកជនមួយចំនួន។

បណ្ដាទីភ្នាក់ងារអប់រំបរទេសគឺជាតួអង្គដ៏សំខាន់ក្នុងការផ្សព្វផ្សាយនូវកម្មវិធីទាំងនេះ និងទទួលចុះឈ្មោះនិស្សិតមកពីប្រទេសចិន។ មន្ត្រីសាកលវិទ្យាល័យឯកជនមួយរូបដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ភ្នាក់ងារទាំងនោះគ្រប់គ្រងការចំណាយលើការងារគ្រប់គ្រងដោយចាត់ចែងពីរបៀបដែលវគ្គសិក្សាទាំងនោះដំណើរការ។

ជាឧទាហរណ៍: ពួកគេនឹងកំណត់ពេលឈប់សម្រាកប្រចាំឆមាសនៅអំឡុងបុណ្យចូលឆ្នាំចិន ឬរៀបចំវគ្គសិក្សាដែលមានរយៈពេល ៣០ ថ្ងៃ ដើម្បីទទួលយកសាស្ត្រាចារ្យជាជនជាតិចិនដែលចូលមកប្រទេសថៃដោយប្រើទិដ្ឋាការទេសចរណ៍។ វិធានការនេះនឹងជួយកាត់បន្ថយការចំណាយលើការងារគ្រប់គ្រង។

អាជ្ញាធរថៃមិនអាចកំណត់ស្តង់ដារនៃកម្មវិធីសិក្សារបស់សាកលវិទ្យាល័យឯកជនទាំងនេះបានទេ។ បើតាមទ្រឹស្ដី ក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ និងនវានុវត្តន៍ (Ministry of Higher Education, Science and Innovation – MHESI) និងជាអគ្គនាយកដ្ឋានគ្រប់គ្រងការលើកកម្ពស់គុណភាពអប់រំកម្រិតឧត្តមសិក្សា (Quality Enhancement on Higher Education Management Division) គឺជាស្ថាប័នទទួលបន្ទុកត្រួតពិនិត្យនិងធានានូវការវាយតម្លៃគុណភាពអប់រំនៅតាមសាកលវិទ្យាល័យរដ្ឋ និងឯកជនទាំងអស់នៅក្នុងប្រទេសថៃ។

ទោះជាយ៉ាងណាក៏ដោយ ការវាយតម្លៃគុណភាពអប់រំនៅក្នុងប្រទេសថៃ មានទំនោរសង្កត់ធ្ងន់ទៅលើរបាយការណ៍ជាលាយលក្ខណ៍អក្សរ ជាជាងទៅលើការអនុវត្តជាក់ស្តែង។ ប្រការនេះច្រើនតែបណ្តាលឱ្យមានការគ្រប់គ្រងគុណភាពអប់រំមិនបានគ្រប់ជ្រុងជ្រោយ។ ការ​ត្អូញត្អែរ​ដែល​បានលើកឡើងពីខាងដើម គឺជាការគូសបញ្ជាក់អំពី​គុណភាពអប់រំដែល​ឱនថយនៃកម្រិត​ឧត្តម​សិក្សា​នៅក្នុងប្រទេសថៃ។

ទន្ទឹមនឹងការកើនឡើងនៃចំនួននិស្សិតចិននៅក្នុងប្រទេសថៃ ក៏មានផងដែរការពិភាក្សាទាក់ទងនឹងការទិញយកសាកលវិទ្យាល័យឯកជនមួយចំនួនដោយភាគីចិនចាប់តាំងពីឆ្នាំ ២០១៩ មក។ កាលពីខែធ្នូ ឆ្នាំ ២០២២ អនុរដ្ឋលេខាធិការប្រចាំការនៃក្រសួង MHESI លោក Supachai Patumnakul បានបង្ហើបឱ្យដឹងថា មានសាកលវិទ្យាល័យឯកជនចំនួន ៣ គឺសាកលវិទ្យាល័យ Krirk, សាកលវិទ្យាល័យ International Stamford (ISU) និងសាកលវិទ្យាល័យ Metharath (អតីត សាកលវិទ្យាល័យថាក់ស៊ីន) មានម្ចាស់ជាជនជាតិចិន។

លោក Supachai បានបញ្ជាក់អំពីភាពស្របច្បាប់នៃសាកលវិទ្យាល័យទាំងនេះ ដោយយោងទៅលើច្បាប់ធុរកិច្ចបរទេស (ឆ្នាំ ១៩៩៩) ដោយបានបញ្ជាក់ថាភាពជាម្ចាស់របស់បរទេសលើសាកលវិទ្យាល័យនានាអាចត្រូវបានអនុញ្ញាត ដរាបណាមានជនជាតិថៃកាន់ភាគហ៊ុនច្រើនជាង ៥០% នៃស្ថាប័ននោះ។ ដូច្នេះសាកលវិទ្យាល័យទាំងនេះមិនមានទំនាស់ផ្លូវច្បាប់នោះទេ។

ប្រភព​មួយចំនួនបាន​លើក​ឡើង​ថាមានសាកលវិទ្យាល័យ​ឯកជន​ជាង ១០ កំពុង​ពិភាក្សា​អំពីការលក់ភាគហ៊ុនទៅឱ្យពាណិជ្ជករ​ចិន។ មានកត្តាចំនួន៣ ដែលរួមចំណែកដល់ចំណាប់អារម្មណ៍របស់អ្នកវិនិយោគចិនទៅលើស្តង់ដាសាកលវិទ្យាល័យឯកជនរបស់ថៃ។

ទី១-តម្រូវការខ្ពស់ខាងវិស័យអប់រំនៅក្នុងប្រទេសចិន បានបង្កឱ្យមានការប្រកួតប្រជែងយ៉ាងខ្លាំងដើម្បីអាចចូលរៀននៅសកលវិទ្យាល័យក្នុងប្រទេសចិនបាន។ ដូច្នេះហើយការបង្កើនចំនួនគ្រឹះស្ថានឧត្តមសិក្សានៅបរទេសនឹងជួយសម្រួលដល់តម្រូវការនេះ។

ទី២-ដោយសារ​តែចំនួន​ប្រជាជន​នៅក្នុង​ស្រុកថយចុះ និង​ការ​រីក​ចម្រើន​យឺតខាងផ្នែក​បច្ចេកវិទ្យា ទើបធ្វើឱ្យស្ថាប័ន​ឧត្តមសិក្សា​នៅក្នុង​ប្រទេស​ថៃ​ប្រឈម​នឹង​ការ​ថយចុះសិស្សចូលរៀន។ កត្តានេះបានបង្កនូវផលប៉ះពាល់ដល់សាកលវិទ្យាល័យឯកជនរបស់ថៃ ច្រើនជាងសាកលវិទ្យាល័យរដ្ឋ ដោយសារតែពួកគេគិតថ្លៃសិក្សាខ្ពស់ខ្លាំង និងមានកេរ្តិ៍ឈ្មោះទាបជាងសាកលវិទ្យាល័យរដ្ឋ ដូច្នេះហើយ វិនិយោគិនចិនគឺជាដំណោះស្រាយហិរញ្ញវត្ថុចំពោះបញ្ហានេះ។

ទី៣-គឺការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងថៃនិងចិន តាមរយៈគម្រោងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (Eastern Economic Corridor – EEC) ដែលធ្វើឱ្យថៃក្លាយជាបេក្ខភាពដ៏ល្អឥតខ្ចោះក្នុងការវិនិយោគ។

ជាមួយនឹងការពង្រីកសហកម្មសិទ្ធិករចិននៅតាមបណ្ដាសាកលវិទ្យាល័យនៅថៃ ក្តីកង្វល់របស់និស្សិតចិនទាក់ទងនឹងគុណភាពអប់រំ គួរតែត្រូវបានដោះស្រាយ។ អាជ្ញាធរ​ថៃចាំបាច់ត្រូវខិតខំសម្រេច​ឱ្យបាន​នូវ​ស្តង់ដារ​អប់រំ​ស្របតាមក្ដី​ស្រមៃ​របស់ខ្លួន ទន្ទឹមនឹងការ​រក្សាឱ្យបាន​ល្អនូវ​តុល្យភាព​រវាង​ការ​វិនិយោគនិង​គុណភាព​អប់រំនៅ​ក្នុង​ប្រទេស​។

ក្នុងរយៈពេលខ្លី ការិយាល័យនៃគណៈកម្មការឧត្តមសិក្សាថៃ (Office of Higher Education Commission) គួរតែបង្កើតសេចក្ដីព្រាងច្បាប់ជាក់លាក់មួយចំនួនសម្រាប់កម្មវិធីសិក្សាអន្តរជាតិ។ សេចក្ដីព្រាងច្បាប់ទាំងនេះនឹងគ្របដណ្តប់លើផ្នែកមួយចំនួនដូចជា ជំនាញសិក្សា, ការផ្សព្វផ្សាយពាណិជ្ជកម្មកម្មវិធីសិក្សា, ការគ្រប់គ្រងថ្នាក់រៀននិងសវនកម្មហិរញ្ញវត្ថុ។

សម្រាប់រយៈពេលវែងវិញ ទីភ្នាក់ងារថ្មីមួយគួរតែត្រូវបានបង្កើតឡើងដើម្បីរក្សាឱ្យបានខ្ជាប់ខ្ជួននូវគុណភាពនៃកម្មវិធីសិក្សាអន្តរជាតិដែលបានចុះបញ្ជី។ ក្នុងករណីវគ្គសិក្សាទាំងឡាយណាដែលមិនបានឆ្លងកាត់ការវាយតម្លៃគុណភាពអប់រំ អាជ្ញធរថៃត្រូវចាត់វិធានការចុះបិទ និងត្រួតពិនិត្យឱ្យបានតឹងតែងបំផុតពីសំណាក់ការិយាល័យថ្មីដែលបានបង្កើតឡើងនោះ។

ដូចគ្នានេះដែរ ក្រសួង MHESI គួរតែបញ្ចូលបច្ចេកវិទ្យាទៅក្នុងដំណើរការធានាគុណភាពអប់រំដើម្បីឱ្យមានតម្លាភាព និងភាពជឿជាក់បានចំពោះកម្មវិធីសិក្សា។ ជាឧទាហរណ៍: ការស្ទង់មតិឌីជីថលមួយគួរតែត្រូវបានប្រើប្រាស់ដើម្បីវាយតម្លៃគ្រឹះស្ថានឧត្តមសិក្សាឱ្យបានច្រើនជាងនេះ។

ប្រការនេះនឹងផ្តល់លទ្ធភាពឱ្យសិស្សានុសិស្ស ក៏ដូចជានិស្សិតបញ្ចប់ការសិក្សា មានការពេញចិត្តជាមួយនិងកម្មវិធីសិក្សា។ វាក៏អាចត្រូវបានគេប្រើប្រាស់ដើម្បីតាមដានការយល់ឃើញរបស់និយោជកចំពោះសមត្ថភាពរបស់និស្សិតក្រោយបញ្ចប់ការសិក្សា នៅក្នុងការអនុវត្តការងារជាក់ស្ដែងរបស់ពួកគេផងដែរ។

ដើម្បីធានាបាននូវគុណភាពរបស់និស្សិតដែលបានបញ្ចប់ការសិក្សា រដ្ឋាភិបាលថៃគួរតែពិនិត្យឡើងវិញនូវគោលនយោបាយរបស់ខ្លួនក្នុងរយៈពេលមធ្យមទៅវែង ដើម្បីសង្កត់ធ្ងន់កាន់តែខ្លាំងទៅលើការធ្វើអន្តរជាតូប
នីយកម្មនៃការអប់រំកម្រិតឧត្តមសិក្សារបស់ថៃ។ ជាឧទាហរណ៍: វិស័យសេវាកម្មអប់រំគួរតែត្រូវបានធ្វើសេរីភាវូបនីយកម្មដើម្បីជួយសម្រួលដល់ការវិនិយោគរបស់សាកលវិទ្យាល័យបរទេសនៅក្នុងសាកលវិទ្យាល័យរបស់ថៃ។

ប្រការនេះអាចធ្វើទៅបានដោយការបង្កើតបទប្បញ្ញត្តិជាក់លាក់មួយស្ដីអំពីការវិនិយោគបរទេសនៅក្នុងគ្រឹះស្ថានឧត្តមសិក្សា ដូចជាការលុបចោលប្រព័ន្ធកូតាជនបរទេស (ដែលបច្ចុប្បន្ន ក្រុមហ៊ុនបរទេសមួយតម្រូវឱ្យមានជនជាតិថៃ ៤ នាក់ ក្នុងជនបរទេសម្នាក់)។ វិធានការនេះនឹងទាក់ទាញសាកលវិទ្យាល័យបរទេសទាំងឡាយណាដែលមានស្តង់ដារអន្តរជាតិ មានកម្មវិធីសិក្សាកម្រិតខ្ពស់ និងមានបុគ្គលិកដែលមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ដែលនឹងលើកកម្ពស់កម្រិតនៃការប្រកួតប្រជែង និងគុណភាពនៃការអប់រំរបស់ថៃ។

ទន្ទឹមនឹងនោះ រដ្ឋាភិបាលថៃគួរតែផ្ដល់នូវការឧបត្ថម្ភធនដល់ស្ថាប័នទាំងឡាយណាដែលមានសក្តានុពលដើម្បីបង្កើតឱ្យមានបរិស្ថាននិងហេដ្ឋារចនាសម្ព័ន្ធអប់រំដែលមានលក្ខណៈអន្តរជាតិ។ ពួកគេគួរតែជួយសម្រួលដល់ប្រព័ន្ធទទួលស្គាល់ការផ្ទេរក្រេឌីតឆ្លងសាលា រវាងសាកលនវិទ្យាល័យបរទេសនិងសាកលវិទ្យាល័យនៅក្នុងប្រទេសថៃ។

ភាពរឹងមាំនិងភាពហ្មត់ចត់នៃបណ្តាភ្នាក់ងាររបស់រដ្ឋាភិបាលថៃគឺជាកត្តាចាំបាច់បំផុតដើម្បីរក្សាកិត្តិសព្ទនៃប្រព័ន្ធអប់រំរបស់ថៃ៕

Fulcrum