ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក នៅក្នុងឧស្សាហកម្មដំឡើងយានយន្ត

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 102

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងលើកទឹកចិត្តដល់ក្រុមហ៊ុននានាឱ្យបន្តពិនិត្យមើលសក្តានុពលកម្ពុជាបន្ថែមទៀត ជាពិសេសការនាំចូលសម្ភារៈឧបករណ៍សម្រាប់ដំឡើងយានយន្ត និងសូមពង្រីកលទ្ធភាពប្រើប្រាស់ផលិតផល និងវត្ថុធាតុដើមដែលមានស្រាប់ក្នុងស្រុកខ្មែរ។

សម្តេចធិបតី បានថ្លែងថា ក្រុមហ៊ុនដំឡើងរថយន្តមួយគ្រឿងត្រូវការគ្រឿងបន្លាស់រាប់ពាន់មុខ ដូច្នេះសម្ដេចស្នើឱ្យមានការពិនិត្យមើលការបើកឱកាសដល់ក្រុមហ៊ុនក្នុងស្រុក ឬសិប្បកម្មផ្សេងៗ ដែលផលិតខ្ចៅខ្ចង ពូករថយន្ត និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត សម្រាប់ផ្គត់ផ្គង់ឱ្យក្រុមហ៊ុនខ្នាតយក្ខតូយ៉ូតានេះ ដោយមិនចាំបាច់នាំចូលពីខាងក្រៅប្រទេសនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធរោងចក្រដំឡើងរថយន្តតូយ៉ូតា ដែលមានទុកវិនិយោគ៣៧លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ៕