ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាល មានចក្ខុវិស័យវែងឆ្ងាយលើការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឱ្យកាន់តែប្រសើរឡើង

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 106

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ គឺជំរុញកែប្រែ និងធ្វើទំនើបកម្ម រចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្អែកលើជំនាញ ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ សំដៅរួមចំណែកដល់ការបង្កើតតម្លៃបន្ថែមខ្ពស់។

សម្តេចធិបតី បានថ្លែងបន្តថា វិធានការនេះគឺដើម្បីទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន ការបង្កើតការងារ ការបង្កើនប្រាក់ចំណូលសមស្របនិងជីវភាពកាន់តែប្រសើរឡើង ជូនបងប្អូនប្រជាពលរដ្ឋ។ សម្ដេចបន្តថា រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលប្រមូលផ្តុំសកម្មភាពផលិតគ្រឿងបង្គុំយានយន្ត និងបរិក្ខារអេឡិចត្រូនិក សម្រាប់នាំចេញទៅទីផ្សារក្នុងតំបន់និងសកលលោក ដែលការសម្រេចបានចក្ខុវិស័យនេះ នឹងនាំមកជាផ្លែផ្កាវិជ្ជមានជាច្រើន សម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនឡើងថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធរោងចក្រដំឡើងរថយន្តតូយ៉ូតា ដែលមានទុកវិនិយោគ៣៧លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ៕