ខ្មែរប៉ុស្ដិ៍ Close

    ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា មានគុណភាពល្អប្រសើរដដែល

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1810

    នៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០២០នេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងឱ្យដឹងថា យោងតាមលទ្ធផលនៃការពិនិត្យតាមដានគុណភាពខ្យល់ របស់ក្រសួងបរិស្ថាន ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា មានគុណភាពល្អប្រសើរដដែល។

    លោកបានឱ្យដឹងថា «កំហាប់ភាគល្អិតនិចល នៅក្នុងខ្យល់ PM2.5 មានកម្រិតនៅក្នុងរង្វង់ស្តង់ដារកម្រិត៥០ ដែលបង្ហាញថា គុណភាពខ្យល់ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជាមានគុណភាពល្អប្រសើរ។ ស្ថានភាពគុណភាពល្អប្រសើរវិលមករកសភាពដើមវិញនេះ តាំងពីថ្ងៃសៅរ៍ ក្រោយពីមានមានការកើនឡើងហួសកម្រិតស្តង់ដារកាលពីថ្ងៃទី១៧ ខែមករា កន្លងទៅ។ មន្ទីរជំនាញក្រសួងបរិស្ថាន បន្តតាមដានជាប្រចាំស្ថានភាពគុណភាពខ្យល់ និងបន្តផ្តល់ព័ត៌មានជាប្រចាំ ដល់សាធារណជន»។

    លោកបានបញ្ជាក់ថា ការកើនឡើងកំហាប់ភាគល្អិតនិចល PM2.5 ក្នុងខ្យល់នេះមិនមែនមាននៅតែម្ពុជាទេ ប៉ុន្តែនិន្នាការនៃកំណើននេះមាន នៅក្នុងបណ្តាប្រទេសផ្សេងទៀត នៅក្នុងតំបន់ដោយសារតែអាកាសធាតុ នៃអនុតំបន់ទន្លេមេគង្គមានភាពស្ងួតហួតហែង។

    លោកបានឱ្យដឹងទៀតថា ប្រភព និងសកម្មភាពសំខាន់ៗដែលជា ហេតុបង្កឱ្យមានកំហាប់ភាគល្អិតនិចល PM2.5 មានការកើនឡើងនេះមានជាអាទិ៍ការបញ្ចេញផ្សែង ពីរោងចក្រឧស្សាហកម្ម ពីយានយន្តប្រើប្រាស់ប្រេងម៉ាសូត និងពីចំហេះឥន្ធនៈ ផ្សេងទៀត ភ្លើងឆេះព្រៃ ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំរាម ការដុតសំណល់រឹងនៅតាមទីចំហ និងទីលានចាក់សំណល់ ការដ្ឋានសំណង់ជាដើម៕

    អត្ថបទទាក់ទង