ខ្មែរប៉ុស្ដិ៍ Close

ក្រសួងបរិស្ថាន​ដឹកនាំ​ក្រុម​អ្នកសារព័ត៌មាន​ជាតិ​និង​អន្តរជាតិ ដើម្បី​ឈ្វេងយល់​ពី​ការបង់ថ្លៃ​សេវាកម្ម​ប្រព័ន្ធ​អេកូ​ឡ​ស៊ី​នៅ​ឧទ្យាន​ជាតិ​ជ័យវរ្ម័ន -​នរោត្តម ភ្នំ​គូលែន ក្នុង​ខេត្តសៀមរាប

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 34
ក្រសួងបរិស្ថាន​ដឹកនាំ​ក្រុម​អ្នកសារព័ត៌មាន​ជាតិ​និង​អន្តរជាតិ ដើម្បី​ឈ្វេងយល់​ពី​ការបង់ថ្លៃ​សេវាកម្ម​ប្រព័ន្ធ​អេកូ​ឡ​ស៊ី​នៅ​ឧទ្យាន​ជាតិ​ជ័យវរ្ម័ន -​នរោត្តម ភ្នំ​គូលែន ក្នុង​ខេត្តសៀមរាប ក្រសួងបរិស្ថាន​ដឹកនាំ​ក្រុម​អ្នកសារព័ត៌មាន​ជាតិ​និង​អន្តរជាតិ ដើម្បី​ឈ្វេងយល់​ពី​ការបង់ថ្លៃ​សេវាកម្ម​ប្រព័ន្ធ​អេកូ​ឡ​ស៊ី​នៅ​ឧទ្យាន​ជាតិ​ជ័យវរ្ម័ន -​នរោត្តម ភ្នំ​គូលែន ក្នុង​ខេត្តសៀមរាប

​ក្រសួងបរិស្ថាន​ដឹកនាំ​ក្រុម​អ្នកសារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ប្រមាណ ៣០ នាក់​មកពី ២០ ស្ថាប័ន ដើម្បី​ឈ្វេងយល់​ពី​ការបង់ថ្លៃ​សេវាកម្ម​ប្រព័ន្ធ​អេកូ​ឡ​ស៊ី​នៅ​ឧទ្យាន​ជាតិ​ជ័យវរ្ម័ន -​នរោត្តម ភ្នំ​គូលែន ក្នុង​ខេត្តសៀមរាប​។ ដំណើរ​ទស្សនកិច្ច​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​នា​ថ្ងៃទី​១៨ ដល់​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ​២០២០ នេះ​មាន​គោលបំណង​សំខាន់​ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ដល់​សាធារណជន​អំពី​ការអនុវត្ត​សាកល្បង​គម្រោង​បង់ថ្លៃ​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី (Payment for Ecosystem Services) ឬ​ហៅ​កាត់​ថា ភី អ៊ី អេស (PES) ដែលជា​យន្តការ ហិរញ្ញវត្ថុ​សំដៅ​ដល់​«​អ្នកប្រើប្រាស់​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​ត្រូវ​បង់ថ្លៃ​ជា​សាច់ប្រាក់ ដល់​អ្នក​ដែល​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី ដើម្បី​ធានា​ដល់​និរន្តរភាព​នៃ​សេវាកម្ម​ដែល​ផលិត​ដោយ​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​តំបន់​ណាមួយ​»​។​

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បាន​គូសបញ្ជាក់​ពី​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​ក្រុម​អ្នកសារព័ត៌មាន នេះ​ថា​គឺ​ដើម្បីឱ្យ​ការអនុវត្ត​សាកល្បង​ការបង់ថ្លៃ​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​អាច​ប្រព្រឹត្តទៅបាន ចាំបាច់​ត្រូវមាន​ការផ្សព្វផ្សាយ​ឱ្យ​សាធារណជន និង​អ្នកពាក់ព័ន្ធ​បាន​យល់ដឹង​អំពី​៖ ១)​សារៈសំខាន់​នៃ​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​នរោត្តម​ភ្នំ​គូលែន ២)​គោលបំណង​នៃ​ការអនុវត្ត PES ៣)​យន្តការ​នៃ​ការអនុវត្ត​PES ៤)​ថវិកា​ប៉ាន់ស្មាន​ពី​ការអនុវត្ត PES និង​
៥)​ការប្រើប្រាស់​ថវិកា​ដែល​ប្រមូលបាន​ពី​ការអនុវត្ត PES​។ ឯកឧត្តម​រដ្ឋលេខាធិកា​រ​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា​បានប្រគល់​ភារកិច្ច​ដល់​ក្រសួងបរិស្ថាន​ពិនិត្យ​និង​សិក្សា​អនុវត្ត​សាកល្បង​ការបង់ថ្លៃ​សេវា​ប្រព័ន្ធ​អេកូឡូស៊ី​នេះ​ជាមួយ​អ្នកពាក់ព័ន្ធ និង​រៀបចំ​គោល នយោបាយ​នៃ​ការបង់ថ្លៃ​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​នេះ​ដើម្បី​រាជរដ្ឋាភិបាល​ពិនិត្យ​និង​សម្រេច​។ ឯកឧត្តម​រដ្ឋលេខាធិកា​រ​បាន​ពន្យល់ថា ប្រព័ន្ធ​អេកូឡូស៊ី សំដៅ​ដល់​អន្តរ​ទំនាក់ទំនង​រវាង​ភាវៈ​មានជីវិត និង​មជ្ឈដ្ឋាន ឬ​ទីជម្រក​ដែល​ពួកវា​រស់នៅ ហើយ​លំហូរ​នៃ​អន្តរ​ទំនាក់ទំនង​នេះ​បង្កើតបានជា​ប្រយោជន៍​ជាច្រើន​សម្រាប់​មនុស្ស ដែល​យើង​ហៅថា “​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​” ហើយ​ចាំបាច់​បំផុត​ត្រូវការ​ការពារ​និង​អភិរក្ស​ឱ្យបាន​គង់វង្ស​ដូចជា​ការពារ​ប្រភពទឹក​ក្រោម​ដី​សម្រាប់​ការប្រើប្រាស់​យូរអង្វែង​។ ទឹក​គឺជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ភពផែនដី​។ បើ​គ្មាន​ទឹក នោះ​មនុស្ស​សត្វ រុក្ខជាតិ​នឹង​ស្លាប់​។

​ឯកឧត្តម នេត្រ ភក្ត្រា បាន​បន្ថែមថា ការកើនឡើង​នៃ​ចំនួន​មនុស្ស នៅលើ​ពិភពលោក បាន​បង្កើត​នូវ​សេចក្តីត្រូវការ​សេវា​ប្រព័ន្ធ​អេកូឡូស៊ី តែ​ការផ្គត់ផ្គង់​របស់​សេវា​ប្រព័ន្ធ​អេកូឡូស៊ី​នេះ​មានការ​ថយចុះ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ព្រោះ​មនុស្ស​ភ្លេច​គិតថា​មនុស្ស​យើង​មាន​ទំនាក់ទំនង​ទៅនឹង​ធម្មជាតិ ហើយ​យើង​ក៏​មិនបាន​យកចិត្តទុកដាក់​ដល់​សុខភាព​នៃ​ប្រព័ន្ធ​អេកូឡូស៊ី ដែល​បានផ្តល់​សេវា​និង​ផលប្រយោជន៍​ដល់​យើង​ដែរ​។ ថវិកា​របស់​រដ្ឋាភិបាល​សម្រាប់​គាំទ្រ​កិច្ចការពារ​ប្រព័ន្ធ​អេកូឡូស៊ី​នៅមានកម្រិត​កំណត់ ដូច្នេះ​យើង​ត្រូវ​ចូលរួម​បង់ថ្លៃ​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​ពី​អ្នក​ដែល​បាន​ប្រើប្រាស់​វា ជា​ប្រយោជន៍​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន​បាន​មានប្រសាសន៍ថា​៖«​យើងទាំងអស់គ្នា​ចាំបាច់​ត្រូវ​ឈ្វេងយល់​ឱ្យបាន​ច្បាស់លាស់​ពី​គម្រោង​បង់ថ្លៃ​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​នេះ​ព្រោះ​វា​មាន​តួនាទី​ចាំបាច់​ក្នុងការ​ចូលរួម​ការពា​រ​ប្រព័ន្ធ​អេកូឡូស៊ី​ដែលមាន​។ តាមរយៈ​ការផ្សព្វផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន យើងខ្ញុំ​សង្ឃឹម​និង​ជឿជាក់ថា សាធារណជន​នឹង​យល់​កាន់តែច្បាស់​ពី​សារៈសំខាន់​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​ភពផែនដី​ជា ពិសេស​សម្រាប់​មនុស្ស ហើយ​អ្នកពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ប្រព័ន្ធ​អេកូឡូស៊ី​នឹងចូលរួម​អនុវត្ត​គម្រោង​សាកល្បង​នេះ​ឱ្យបាន​ជោគជ័យ​»៕

អត្ថបទទាក់ទង