ខ្មែរប៉ុស្ដិ៍ Close

ក្រសួងបរិស្ថាន ដាក់ចេញវិធានការចំនួន៤ចំណុច ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះឱ្យមានប្រសិទ្ធភាព

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 39
ក្រសួងបរិស្ថាន ដាក់ចេញវិធានការចំនួន៤ចំណុច ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះឱ្យមានប្រសិទ្ធភាព ក្រសួងបរិស្ថាន ដាក់ចេញវិធានការចំនួន៤ចំណុច ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះឱ្យមានប្រសិទ្ធភាព

ក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ជាអាទិភាពលើចីរភាពបរិស្ថាន ដោយមានចែងនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលជាលក្ខខណ្ឌចម្បងមានចែងក្នុងបាវចនា «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព»។

ក្រសួងបរិស្ថាន បានដាក់ចេញវិធានការចម្បងចំនួន៤ ដើម្បីគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះឱ្យមានប្រសិទ្ធភាព និងដើម្បីការអភិវឌ្ឍដោយចីរភាពរួមមាន៖

  1. ក្រសួងបរិស្ថានជំរុញការអនុវត្តច្បាប់ ១០០% និងបញ្ចប់នូវវប្បធម៌អប់រំណែនាំ និងចុះកិច្ចសន្យា ហើយដោះលែងចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។
  2. ក្រសួងបរិស្ថាន សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ជាពិសេសជាមួយអាជ្ញាធរដែនដីឱ្យបានស្អិតរមួត ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ។
  3. សហការជាមួយអង្គភាពប្រឆាំងនឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការបង្រ្កាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក។
  4. ការដាំដើមឈើឱ្យច្រើនជាងការកាប់ដើម្បីរក្សានូវកំណើន ជាពិសេសការជំរុញការដាំស្តាព្រៃឈើ ជាទិសដៅអាទិភាព បង្កើនគម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ ការអភិរក្សជីវចម្រុះដោយចីរភាព។

តាមរយៈនេះក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការថ្ងៃទី១០ តុលា នឹងធ្វើការផ្តល់ និងដាំដើមឈើយ៉ាងតិច ១លានដើម ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៤។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងស្វាគមន៍ និងជំរុញឱ្យគ្រប់អង្គការដៃគូក្នុង និងក្រៅស្រុកទាំងអស់ រួមចំណែកការងារអាទិភាពរបស់ក្រសួង ក្នុងនោះរាប់បញ្ចូលទាំងការដាំឬស្សី ដាំដើមត្នោតឈាន ទៅសម្រេចទិសដៅរួមជួយពង្រីកវិសាលភាពគម្របព្រៃឈើ និងជាពិសេសលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលចង់ចូលរួមចំណែកក្នុងការពារ និងអភិរក្សព្រៃឈើ បង្កើនជីវភាពប្រជាជន និងបានរួមចំណែកដ៏សំខាន់ ក្នុងការដោះស្រាយបញ្ហាសកលលើការប្រែប្រួលអាកាសធាតុ៕

អត្ថបទទាក់ទង