ខ្មែរប៉ុស្ដិ៍ Close

កងរាជអាវុធហត្ថគាំទ្រពេញទំហឹងក្នុងកិច្ចសហការជាមួយក្រសួងបរិស្ថាន ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស រក្សាធនធានធម្មជាតិ និងចូលរួមការដាំកូនឈើ!

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 49
កងរាជអាវុធហត្ថគាំទ្រពេញទំហឹងក្នុងកិច្ចសហការជាមួយក្រសួងបរិស្ថាន ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស រក្សាធនធានធម្មជាតិ និងចូលរួមការដាំកូនឈើ! កងរាជអាវុធហត្ថគាំទ្រពេញទំហឹងក្នុងកិច្ចសហការជាមួយក្រសួងបរិស្ថាន ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស រក្សាធនធានធម្មជាតិ និងចូលរួមការដាំកូនឈើ!

ភ្នំពេញ៖ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានកិច្ចប្រជុំពិភាក្សាការងារ ក្រោមការដឹកនាំរបស់ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។
កិច្ចប្រជុំនេះ បានពិភាក្សាអំពីសភាពការណ៍នៃបទល្មើស វិធានការអនុវត្ត ដើម្បីប្រសិទ្ធភាពការងារ ក្រសួងបរិស្ថានជាមួយកងរាជអាវុធហត្ថ បានឯកភាពធ្វើការរៀបចំនីតិវិធីប្រតិបត្តិស្ដង់ដា “SOP” សម្រាប់ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ រក្សាគង់វង្សនូវព្រៃឈើ សត្វព្រៃ ។ល។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចជាគោលការណ៍ គឺចំពោះមុខរក្សាគ្រប់យន្តការដែលមានស្រាប់ និងពង្រឹងការអនុវត្តរាល់សារាចរណែនាំរបស់រាជរដ្ឋាភិបាលជាធរមាន ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ កងរាជអាវុធហត្ថបានត្រៀមកម្លាំង មធ្យោបាយ សម្រាប់អន្តរាគមន៍តាមការស្នើសុំពីក្រសួងមានសមត្ថកិច្ច និងអាជ្ញាធររាជធានី-ខេត្ត ក្នុងករណីបទល្មើសនោះ មានការលំបាកដែលក្រសួងជំនាញ ឬអាជ្ញាធរដែនដីមិនអាចធ្វើកិច្ចប្រតិបត្តិការបាន ដោយសារខ្វះកម្លាំង ឬមធ្យោបាយ ។ល។
បន្ទាប់ពីកិច្ចពិភាក្សា និងមានការឯកភាពនូវគោលគំនិត គោលជំហររឹងមាំ ក្នុងកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិរួចមក ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន អមដំណើរដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងសហការី បានធ្វើការត្រួតពិនិត្យកម្លាំងកងរាជអាវុធហត្ថ និងគ្រឿងបំពាក់មធ្យោបាយ ដែលត្រៀមសម្រាប់កិច្ចអន្តរាគមន៍ទូទាំងប្រទេស។

 

អត្ថបទទាក់ទង