ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា នឹងទទួលបានភ្ញៀវទេសចរពីគ្រប់ទិសទី ពិសេសពីវៀតណាមកាន់តែច្រើនថែមទៀត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 38
កម្ពុជា នឹងទទួលបានភ្ញៀវទេសចរពីគ្រប់ទិសទី ពិសេសពីវៀតណាមកាន់តែច្រើនថែមទៀត កម្ពុជា នឹងទទួលបានភ្ញៀវទេសចរពីគ្រប់ទិសទី ពិសេសពីវៀតណាមកាន់តែច្រើនថែមទៀត

នាឱកាសដែលសាធារណរដ្ឋសង្គមនិយមវៀតណាម រៀបចំពិព័រណ៍ ITE-HCMC លើកទី១៥ នៅទីក្រុងហូជីមិញ ក្រសួងទេសចរណ៍កម្ពុជា បានរៀបចំពិធីលៀង សាយភោជន៍ «រាត្រីកម្ពុជា-Cambodia Night ឆ្នាំ២០១៩» យ៉ាងអធិកអធមនៅកណ្ដាលក្រុងហូជីមិញ ដើម្បីបង្កើននូវការផ្សព្វផ្សាយពីគោលដៅ និងសក្ដានុពលទេសចរណ៍របស់កម្ពុជា ទៅកាន់ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ ភ្ញៀវទេសចរ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ផងដែរ។

រាត្រីកម្ពុជា ឬ Cambodia Night ឆ្នាំ២០១៩នេះ ត្រូវបានរៀបចំឡើងនៅសណ្ឋាគារ Rex នារាត្រីថ្ងៃទី០៥ ខែកញ្ញា ក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ក្នុងនោះក៏មានការចូលរួមពីលោកស្រី Phan Thi Thang អនុប្រធានក្រុមប្រឹក្សាប្រជាជនក្រុងហូជីមិញ លោក U Myint Htwe អគ្គនាយករងនៃក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា កញ្ញា Sengsoda Vanphanoukvong អនុប្រធាននាយកដ្ឋានទីផ្សារ នៃក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ ព្រមទាំងមន្ត្រីរដ្ឋការ តំណាងក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ និងបណ្ដាភ្ញៀវកិត្តិយសជាច្រើនកុះករ។

ថ្លែងទៅកាន់ភ្ញៀវកិត្តិយសដែលចូលរួមក្នុងកម្មវិធីរាត្រីកម្ពុជានោះ លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា នៅក្នុងការរៀបចំពិព័រណ៍ ITE-HCMC ឆ្នាំ២០១៩នេះ ជាឆ្នាំទី១៥ហើយ ដែលក្រសួងទេសចរណ៍កម្ពុជា បានចូលរួមសហការគាំទ្រ ដោយបាននាំយកអ្នកទិញ និងអ្នកលក់កាន់តែច្រើនមកជួបជុំគ្នា និងផ្គូរផ្គងដៃគូធុរកិច្ចជាមួយគ្នា សំដៅជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍របស់ប្រទេសទាំងពីរ ឱ្យកាន់តែទូលំទូលាយជាសកល។ លោក ថោង ខុន បានថ្លែងទៀតថា ក្រៅពីសក្តានុពលនៃទេសចរណ៍វប្បធម៌ និងធម្មជាតិដ៏សម្បូរបែប កម្ពុជាមានឆ្នេរសមុទ្រប្រវែង ៤៤០គីឡូម៉ែត្រ និងមានមោទនភាព ដែលបានក្លាយជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតជាងគេលើពិភពលោកដូចវៀតណាមផងដែរ ដែលសក្តិសមនឹងការប្រសិទ្ធនាមថា «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ» ហើយរាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយជាតិស្តីពី អេកូទេសចរណ៍ ដើម្បីជំរុញវិស័យអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ សំដៅទាក់ទាញទេសចរក្នុងតំបន់។

លោករដ្ឋមន្ត្រី ថោង ខុន បានអះអាងថា កម្ពុជានឹងទទួលបានវិនិយោគិន និងទេសចរពីគ្រប់ទិសទី ពិសេសទេសចរវៀតណាមកាន់តែច្រើនថែមទៀត ព្រោះយើងមានផលិតផលទេសចរណ៍ថ្មីៗជាច្រើនកំពុងរង់ចាំ។ ឆ្លៀតក្នុងឱកាសនោះ លោក ថោង ខុន បានអញ្ជើញវិនិយោគិន និងភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ជាពិសេសជនជាតិវៀតណាមទៅវិនិយោគ និងទស្សនានៅកម្ពុជា ដើម្បីស្វែងយល់នូវបទពិសោធន៍ថ្មីៗ ដោយកម្ពុជានឹងរៀបចំពិព័រណ៍ទេសចរណ៍ «កម្ពុជាអន្តរជាតិលើកទី៣ (Cambodia Travel Mart-CTM 2019)» ពីថ្ងៃទី១១-១៣ ខែតុលា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ក៏ដូចជាព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ពីថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ និងបុណ្យសមុទ្រពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្តកំពតជិតកោះភូគួក របស់វៀតណាម។

លោករដ្ឋមន្រ្តី បានបន្តថា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនលើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍។ លោកបានបន្តថា វៀតណាម និងកម្ពុជា ក៏មានកំណើនពាណិជ្ជកម្មតាមបណ្តោយព្រំដែន និងទេសចរណ៍ផងដែរ។ កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈការអនុវត្តកិច្ចសហប្រតិបត្តិការទ្វេភាគី ស្តីពីកិច្ចសហការផ្សព្វផ្សាយរួមគ្នា «ប្រទេសពីរ គោលដៅតែមួយ» ដែលជាផ្នែកមួយនៃផែនការយុទ្ធសាស្រ្តសម្រេចបាននូវការទទួលបានភ្ញៀវទេសចរវៀតណាមចំនួន ១លាននាក់ មកកម្ពុជា និងភ្ញៀវទេសចរកម្ពុជា ៥០ម៉ឺននាក់ មកប្រទេសវៀតណាម នៅឆ្នាំ២០២០៕

អត្ថបទទាក់ទង