ខ្មែរប៉ុស្ដិ៍ Close

ដោយ៖សូ សែនឬទ្ធា | 2 ម៉ោងមុន ព័ត៌មានទូទៅ 38

ឯកឧត្តម វង្សី វិស្សុត​ ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ

(កំពង់ធំ)៖ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ​អញ្ជើញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ​ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ និងប្រតិភូអមដំណើរជាច្រើនរូប។

គម្រោងសាងសង់នេះ គឺជាគំនិតផ្តួចផ្តើមរបស់ឯកឧត្ដមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងទទួលបានការផ្តល់កិត្តិយសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពង់បំផុតពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់​កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។ គម្រោងសាងសង់នេះ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីសំណាក់​ថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំគ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តតាមប្រសាសន៍ណែនាំ​ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស គឺ «គណបក្ស​ប្រជាជន​កម្ពុជា​ នឹងនៅជាមួយ​ប្រជាពលរដ្ឋ​ និង​បម្រើប្រជាពលរដ្ឋក្នុង​រយៈពេលយូរ​អង្វែងតទៅទៀត ដោយឈរលើមូលដ្ឋាន​ធំៗពីរ ទី១).​ ប្រជាពលរដ្ឋ​នៅតែឱ្យតម្លៃ​ទៅលើសច្ចភាព​ និង​ការខិតខំប្រឹង​ប្រែងរបស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែលជាអ្នកធ្វើពិតប្រាកដ​ និង ​ទី២).​ គណបក្ស​ប្រជាជន​កម្ពុជា​ នឹងមិនបោះបង់ចោល​នូវ​បុព្វហេតុ​របស់ខ្លួន​ក្នុង​ការ​បម្រើ​ជាតិ​ និង​ប្រជាជន​​» ហើយមូលដ្ឋានទាំង​ពីរ​នេះ​ ធានា​នូវ​ការ​ដឹកនាំ​យូរអង្វែង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។

គម្រោងសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំនេះ គឺដើម្បីជំនួសទីស្នាក់ការគណបក្សខេត្តកំពង់ធំបច្ចុប្បន្នដែលមានសភាពតូចចង្អៀត និងមិនអាចឆ្លើយតបបានទៅនឹងការងារគណបក្ស ដូចនេះ ឯកឧត្តម វង្សី វិស្សុត និងក្រុមការងារបានឯកភាពគ្នាជាឯកច្ឆន្ទ ធ្វើការសាងសង់ទីស្នាក់ការគណបក្សខេត្តថ្មី ដើម្បីឱ្យមានភាពស័ក្តិសម និងមានមុខងារគ្រប់គ្រាន់អាចឆ្លើយតបបានទៅនឹងតម្រូវការចាំបាច់នៃការងារប្រកបដោយប្រសិទ្ធភាព។ គម្រោងសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំថ្មីនេះ ត្រូវបានគិតគូរគ្រប់ជ្រុងជ្រោយ ដោយរចនាប្លង់តាមរចនាបទខ្មែរ ដើម្បីឱ្យមានភាពស័ក្តិសម និងមានពហុមុខងារគ្រប់គ្រាន់ឆ្លើយតបនឹងតម្រូវការនៃការងារប្រកបដោយប្រសិទ្ធភាព ដែលរួមមាន អគារចំនួន៦ អគារសាលប្រជុំ, អគាររដ្ឋបាល,​ អគារផ្ទះបាយ, អគារទទួលទានអាហារ, រោងសម្រាប់ដាក់គ្រឿងចក្រ និងកន្លែងសម្រាប់ទទួលទានអាហារ។ ក្រៅពីអគារសំខាន់ខាងលើនេះ ក៏មានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធមួយចំនួនទៀត ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធគាំទ្រ រួមមានផ្លូវ, របង, សួនច្បារ, ចំណតរថយន្ត និងទីធ្លាសម្រាប់រៀបចំមីទ្ទីងផ្សេងៗដែលអាចផ្ទុកមនុស្សចំនួនប្រមាណ ១ម៉ឺននាក់។ មក​ដល់បច្ចុប្បន្ន ការងារសាងសង់សម្រេចបានប្រមាណ៣៥% គ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៧ ខាងមុខនេះ។

ឯកឧត្តម វង្សី វិស្សុត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំគ្រប់លំដាប់ថ្នាក់ ដែលបានចំណាយធនធាន និងកៀរគរសប្បុរសជន ក្នុងការកសាងទីស្នាក់ការគណបក្សប្រជាជនខេត្តកំពង់ធំនេះឡើង ដើម្បីចូលរួមកសាង និងពង្រឹងគណបក្សឱ្យកាន់តែរឹងមាំខ្លាំងឡើង សំដៅសម្រេចនូវចក្ខុវិស័យប្រែក្លាយខេត្តកំពង់ធំឱ្យទៅជា មូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា។


 

អត្ថបទទាក់ទង