ខ្មែរប៉ុស្ដិ៍ Close

ក្រសួងទេសចរណ៍ ជំរុញឱ្យអង្គភាពក្រោមឱវាទពង្រឹងគុណភាពផលិតផលទេសចរណ៍ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងអំឡុងបុណ្យចូលឆ្នាំចិន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 47
ក្រសួងទេសចរណ៍ ជំរុញឱ្យអង្គភាពក្រោមឱវាទពង្រឹងគុណភាពផលិតផលទេសចរណ៍ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងអំឡុងបុណ្យចូលឆ្នាំចិន ក្រសួងទេសចរណ៍ ជំរុញឱ្យអង្គភាពក្រោមឱវាទពង្រឹងគុណភាពផលិតផលទេសចរណ៍ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងអំឡុងបុណ្យចូលឆ្នាំចិន

ក្រសួងទេសចរណ៍ បានជំរុញឱ្យអង្គភាពក្រោមឱវាទ ពង្រឹងគុណភាពផលិតផលទេសចរណ៍ និងគោរពតាមវិធានសុខាភិបាល ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីប្រជាជនចិន និងវៀតណាម ខាងមុខ ដើម្បីធ្វើឱ្យពិធីបុណ្យប្រព្រឹត្តទៅដោយរលូន និងការពារកុំឱ្យជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍។

យោងតាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីប្រជាជនចិន និងវៀតណាម ត្រូវនឹងថ្ងៃទី១២ ដល់១៤ ខែកុម្ភៈ ឆ្នាំ២០២១ និងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រសួងទេសចរណ៍ សូមធ្វើការណែនាំដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវជំរុញការអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវិធានការ ៣ការពារ គឺពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតសុវត្ថិភាព និងវិធានការ ៣កុំ គឺកុំទៅកន្លែងដែលមានមនុស្សម្នាច្រើនកុះករ កុំចូលទៅកន្លែងដែលបិទជិតឈឹង និងកុំប៉ះពាល់គ្នា ព្រមជាមួយការត្រួតពិនិត្យកម្ដៅ និងបាញ់អាល់កុលសម្លាប់មេរោគ ឱ្យបានជាប្រចាំនៅគ្រប់គោលដៅទេសចរណ៍ទាំងអស់។

លើសពីនេះ ក្រសួងទេសចរណ៍ បានណែនាំឲ្យត្រូវបង្កើនការគ្រប់គ្រងគោលដៅទេសចរណ៍ទាំងអស់ឱ្យបានល្អប្រសើរ ពិសេសការកំណត់សមត្ថភាពផ្ទុកអតិបរមា ហើយរាល់ការជួបជុំជាក្រុមនៅតាមកន្លែងលម្ហែកម្សាន្ត ឬនៅក្នុងភោជនីយដ្ឋាន ត្រូវរក្សាគម្លាតសុវត្ថិភាពឱ្យបានត្រឹមត្រូវ យ៉ាងតិច១ម៉ែត្រកន្លះពីគ្នា និងត្រូវកត់ត្រាព័ត៌មានភ្ញៀវទេសចរឱ្យបានហ្មត់ចត់ មានឈ្មោះ លេខទូរស័ព្ទ និងអាសយដ្ឋាន។

សារាចរបានណែនាំដល់មន្ទីរជំនាញពាក់ព័ន្ធ ឱ្យចុះអប់រំម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ និងភ្ញៀវទេសចរ ឱ្យចូលរួមថែរក្សាបរិស្ថាន-អនាម័យ លុបបំបាត់ការបោះចោលសំរាម និងកាកសំណល់ផ្តេសផ្តាស ជាពិសេសបញ្ឈប់ ការបោះចោលក្រដាសក្រោមតុ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក រក្សាអនាម័យក្នុងភោជនីយដ្ឋាន រួមទាំងបន្ទប់ទឹក បង្គន់អនាម័យ ហើយបុគ្គលិកបម្រើការត្រូវមានឯកសណ្ឋាន ឱ្យបានត្រឹមត្រូវ។ បន្ថែមពីនេះទៀត ត្រូវសហការណែនាំ និងជំរុញអាជីវករ និងប្រតិបត្តិករទេសចរណ៍ ឱ្យពង្រឹងគុណភាពផលិតផលទេសចរណ៍ និងរក្សាតម្លៃផលិតផល និងសេវា ឱ្យបានសមរម្យ រាល់ថ្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗ ត្រូវសរសេរឱ្យបានច្បាស់ដាក់ក្នុងតារាង ដើម្បីជម្រាបជូនភ្ញៀវ ឱ្យបានដឹងជាមុន ចៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។

ក្រសួងទេសចរណ៍ បានព្រមានថា ក្នុងករណីមិនអនុវត្តតាមតារាងថ្លៃដែលបានបិទផ្សាយ ម្ចាស់មូលដ្ឋានអាជីវកម្ម ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

អត្ថបទទាក់ទង