ខ្មែរប៉ុស្ដិ៍ Close

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានសង្កត់ធ្ងន់ថា បេតិកភណ្ឌវប្បធម៌ មិនគួរត្រូវបានយកមកប្រើប្រាស់ជាឧបករណ៍ចំណេញនយោបាយឡើយ

ដោយ៖សូ សែនឬទ្ធា | ថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦ ព័ត៌មានទូទៅ 120
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានសង្កត់ធ្ងន់ថា បេតិកភណ្ឌវប្បធម៌ មិនគួរត្រូវបានយកមកប្រើប្រាស់ជាឧបករណ៍ចំណេញនយោបាយឡើយ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានសង្កត់ធ្ងន់ថា បេតិកភណ្ឌវប្បធម៌ មិនគួរត្រូវបានយកមកប្រើប្រាស់ជាឧបករណ៍ចំណេញនយោបាយឡើយ

 

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈស្តីពីការការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងការឆ្លើយតបព័ត៌មានរបស់សាធារណជនចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានឲ្យដឹងថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់អំពីព័ត៌មាន និងមតិយោបល់មួយចំនួនដែលកំពុងផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃ និងសេចក្តីថ្លែងការណ៍របស់អ្នកនយោបាយថៃមួយចំនួន ពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងការជំទាស់ចំពោះការផ្សព្វផ្សាយបង្ហាញវប្បធម៌ខ្មែរ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានគូសបញ្ជាក់ថា មរតកវប្បធម៌ខ្មែរដ៏សម្បូរបែបទាំងរូបី និងអរូបី រាប់បញ្ចូលទាំងសម្លៀកបំពាក់ប្រពៃណី និងសិល្បៈវប្បធម៌ផ្សេងៗសុទ្ធតែ ផ្សារភ្ជាប់យ៉ាងច្បាស់លាស់ជាមួយភស្តុតាងប្រវត្តិសាស្ត្រ និងបុរាណវិទ្យា។ ពិសេស “ស្បៃ” ដែលជាផ្នែកសំខាន់មួយនៃការស្លៀកពាក់តុបតែងកាយស្រ្តីខ្មែរ ប្រើសម្រាប់ពានាក្នុងឈុតសម្លៀកបំពាក់ប្រពៃណី និងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ក្នុងកិច្ច “ព្រះថោងតោងស្បៃ” គឺផ្សារភ្ជាប់ទៅនឹងប្រវត្តិនៃអរិយធម៌ខ្មែរតាំងពីសម័យហ្វូណន ដែលប្រជាជនខ្មែរបានរក្សាទុកនិងគោរពអនុវត្តគ្រប់ៗជំនាន់រហូតមកទល់បច្ចុប្បន្ន និងបានក្លាយជាផ្នែកមួយដ៏សំខាន់នៃប្រពៃណីទំនៀមទម្លាប់របស់ជាតិខ្មែរ ហើយក៏នៅតែបន្តជានិច្ចនិរន្តរ៍តាំងពីអតីតកាល បច្ចុប្បន្ន និងទៅអនាគត។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានសង្កត់ធ្ងន់ថា បេតិកភណ្ឌវប្បធម៌ មិនគួរត្រូវបានយកមកប្រើប្រាស់ជាឧបករណ៍ចំណេញនយោបាយ បញ្ឆេះសង្គម និងបង្កើនភាពរើសអើងពូជសាសន៍ឡើយ ផ្ទុយទៅវិញវប្បធម៌គឺជាស្ពានពង្រឹង ការយល់ពីគ្នាទៅវិញទៅមក និងការរីកចម្រើនទាំងអស់គ្នា។ ក្នុងន័យនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏បានអំពាវនាវដល់ស្ថាប័នវប្បធម៌ ស្ថាប័នអប់រំ និងអាជ្ញាធរសាធារណៈនៅក្នុងប្រទេសសមាជិកអាស៊ាន បន្តរួមគ្នាលើកកម្ពស់ ការយល់ដឹងប្រវត្តិសាស្ត្រដែលត្រឹមត្រូវ និងការគោរពអត្តសញ្ញាណវប្បធម៌គ្នាទៅវិញទៅមក ដែលជាស្មារតីរួមនៃសហគមន៍អាស៊ាន៕

អត្ថបទទាក់ទង