ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-អារ៉ាប៊ីសាអូឌីត បន្តធ្វើកិច្ចសហប្រតិបត្តិការទ្វេរភាគីលើវិស័យការងារ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 40
កម្ពុជា-អារ៉ាប៊ីសាអូឌីត បន្តធ្វើកិច្ចសហប្រតិបត្តិការទ្វេរភាគីលើវិស័យការងារ កម្ពុជា-អារ៉ាប៊ីសាអូឌីត បន្តធ្វើកិច្ចសហប្រតិបត្តិការទ្វេរភាគីលើវិស័យការងារ

នៅទីស្ដីការក្រសួង ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Saud F.Mal Suwelim ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។ ជំនួបពិភាក្សានេះផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការលើវិស័យការងារ ដែលព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានសហការជាមួយគ្នាយ៉ាងល្អកន្លងមក ហើយបាននិងកំពុងបន្តពង្រឹងពង្រីកបន្ថែមទៀត។

លោក អ៊ិត សំហេង បានទទួលស្វាគមន៍ចំពោះឯកអគ្គរាជទូត នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតយ៉ាងកក់ក្ដៅ និងបានបញ្ជាក់ពីទំនាក់ទំនងល្អរវាងប្រទេសយើងទាំងពីរ។ មិនតែប៉ុណ្ណោះ លោករដ្ឋមន្ត្រី ក៏លើកឡើងពីវឌ្ឍនភាពលើវិស័យការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈនៅព្រះរាជាណាចក្រកម្ពុជា ជម្រាបជូនឯកឧត្តមឯកអគ្គរាជទូតផងដែរ។

ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបនេះ លោករដ្ឋមន្រ្តី អ៊ិត សំហេង បានមានប្រសាសន៍ថា ក្រោយពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួចមក ភាគីទាំងពីរ បានអនុវត្តន៍លើផ្នែកបច្ចេកទេស ដោយសម្របសម្រួល និងបំពេញបែបបទនីតិវិធីសម្រាប់ការបណ្តុះបណ្តាលលើការបញ្ជូននេះ ដែលរហូតមកដល់ពេលនេះ យើងមានទីភ្នាក់ងារស្របច្បាប់ចំនួន៤០ ដោយសហការការងារជាមួយអារ៉ាប៊ីសាអូឌីត បានយ៉ាងល្អប្រសើរ។ យ៉ាងណាក៏ដោយ ពលករកម្ពុជាបម្រើការងារនៅទីនោះមានចំនួនតិចតួចនៅឡើយ ខណៈដែលពលករបរទេសកំពុងបម្រើការងារនៅអារ៉ាប៊ីសាអូឌីត មានរហូតដល់ជិត ១៥លាននាក់។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត ជាទីផ្សារដ៏ធំមួយដែលស្រូបកម្លាំងពលកម្មបរទេស មានទាំងទៅពីតំបន់អាស៊ី ឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដែស និងមានប្រទេសជាច្រើនផ្សេងទៀត។ ក្នុងជំនួបនោះដែរ លោករដ្ឋមន្រ្តី បានជម្រាបជូនភាគីជំនួបអំពីលទ្ធភាពនៃការទាក់ទាញទីផ្សារការងារ គឺផ្តោតលើបញ្ហាប្រាក់ឈ្នួល ដែលកន្លងមកប្រទេសមួយចំនួនបានទទួលពលករពីកម្ពុជាទៅបម្រើការងារក្នុងតម្លៃដ៏សមរម្យមួយ ដូចជាសាធារណរដ្ឋកូរ៉េ និងជប៉ុនជាដើម ដែលពលករកម្ពុជា បានខិតខំរៀនសូត្រនិងចាប់យកឱកាសនោះ ហើយមួយវិញទៀតលក្ខខណ្ឌការងារ និងសុវត្ថិភាពនៅក្នុងពេលធ្វើការ ក៏ដូចជាការវិលត្រឡប់មកវិញ ក៏ជាចំណុចទាក់ទាញនិងការបញ្ជូនដែរ។ បន្ថែមទៀតនេះ អារ៉ាប៊ីសាអូឌីត ជាប្រទេសមួយដែលមានប្រព័ន្ធគ្រប់គ្រង និងការដោះស្រាយវិបត្តិ ឬបញ្ហាប្រឈមរបស់ពលករមានលក្ខណៈល្អប្រសើរ ដែលកម្ពុជាគួរតែគិតគូរ។ លោកបណ្ឌិត អ៊ិត សំហេង បានចាត់ទុកថាជំនួបនេះពិតជាមានលក្ខណៈល្អប្រសើរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ មិនតែប៉ុណ្ណោះមានវិស័យពាណិជ្ជកម្ម ការវិនិយោគ និងវិស័យជាច្រើនទៀតដែលត្រូវបានយកចិត្តទុកដាក់។

សូមបញ្ជាក់ផងដែរ ទីផ្សារការងារសំខាន់ៗនៅអារ៉ាប៊ីសាអូឌីត មានដូចជា ឧស្សាហកម្ម សំណង់ និងការងារតាមផ្ទះ៕

អត្ថបទទាក់ទង