ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការងារ ប្រកាសអំពីវឌ្ឍនភាពមួយចំនួន នៃការដោះស្រាយវិវាទការងាររវាងអតីតកម្មករក្រុមហ៊ុន ណាហ្គាវើលដ៍ និងនិយោជក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២ ឯកសារ 6

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងមួយអំពីវឌ្ឍនភាពមួយចំនួន នៃការដោះស្រាយវិវាទការងាររវាងអតីតកម្មករក្រុមហ៊ុន ណាហ្គាវើលដ៍ និងនិយោជក។

បើតាមសេចក្តីជូនដំណឹង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា នារសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក បានមកចូលរួមប្រជុំ ដោះស្រាយតាមការអញ្ជើញជាលើកទី៣ របស់ក្រសួង។ កិច្ចប្រជុំបានចាប់ផ្តើម នៅវេលាម៉ោង ២:៣០នាទីរសៀល ក្រោមអធិបតីភាពរបស់ លោក ទេស រុក្ខាផល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ក.ប. ដោយមាន តំណាងភាគីកម្មករនិយោជិត រួមមាន លោកស្រី ឈឹម ស៊ីថរ, លោកស្រី ឈឹម សុខន, លោកស្រី វី សុវណ្ណឌីលោកស្រី សុន ស្រីពេជ្រ, លោកស្រី ហៃ សុភាព និងតំណាងនិយោជក , រួមមានលោក HeinDames, លោក ហយ វលាភ, លោកស្រី ឌី សីហា, លោកស្រី រស់ ប៊ុនឡេង និងលោកស្រី ចន្ទ រក្សា។

ក្នុងកិច្ចប្រជុំនេះភាគីទាំងពីរ បានលើកឡើងនូវមតិយោបល់ ដូចខាងក្រោម៖

សហជីព និងតំណាងកម្មករនិយោជិត៖

  1. ថ្លែងអំណរគុណដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធដែលបានជួយ សម្របសម្រួលឱ្យតំណាងកម្មករនិយោជិតបាននៅក្រៅឃុំជាបណ្តោះអាសន្ន ដើម្បីចូលរួមចរចា។
  2. ទាមទារឱ្យទម្លាក់ចោលនូវបទចោទចំពោះកម្មករនិយោជិត ដែលបាននៅក្រៅឃុំបណ្តោះអាសន្នទាំង១៥នាក់។
  3. ទាមទារឱ្យពិចារណាចំពោះកម្មករនិយោជិតដែលចង់ចូលធ្វើការវិញ និងពិនិត្យការទូទាត់សំណង ឱ្យបានត្រឹមត្រូវតាមច្បាប់។

ចំណែកតំណាងក្រុមហ៊ុន ណាហ្គាវើលដ៍៖

  1. ថ្លែងអំណរគុណចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធដែលបាន សម្របសម្រួលឱ្យមានកិច្ចប្រជុំនេះឡើង។
  2. មានការសោកស្តាយដែលភាគីតំណាងកម្មករនិយោជិតដែលបានសន្យាថា នឹងមិនធ្វើការប្រមូលផ្តុំ តវ៉ាបន្តទៀត ដើម្បីទុកលទ្ធភាពនិងបង្កបរិយាកាសល្អសម្រាប់កិច្ចប្រជុំ ប៉ុន្តែភាគីតំណាងកម្មករនិយោជិតមិន បានគោរពតាមការសន្យារបស់ខ្លួន។

ក្រោយពីពិភាក្សាគ្នាយ៉ាងផុសផុល និងការធ្វើបទបង្ហាញពន្យល់អំពីនីតិវិធីនៃការដោះស្រាយវិវាទការងារ របស់ប្រធានអង្គប្រជុំ ភាគីទាំង២ បានឯកភាពគ្នាដូចខាងក្រោម៖

  1. តាមនីតិវិធីច្បាប់ គឺមិនអាចបញ្ចូនករណីវិវាទនេះ ត្រលប់ទៅដោះស្រាយនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ឡើងវិញឡើយ។
  2. កំណត់ប្រជុំបន្ទាប់ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ២:៣០នាទីរសៀល ដោយ៖
    • តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងធ្វើបទបង្ហាញអំពីទិដ្ឋភាពច្បាប់ពាក់ព័ន្ធនឹងការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ
    • ឯកភាពកំណត់យកតែចំណុចវិវាទដែលមានក្នុងសេចក្ដីបង្គាប់អាជ្ញាកណ្ដាលលេខ ០១២/២១ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ មកពិភាក្សាតែប៉ុណ្ណោះ។

ជាថ្មីម្តងទៀត ក្រសួងការងារ បានស្នើឱ្យភាគីទាំងពីរមានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទការងារនេះ បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដោយសន្តិវិធី, និងថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។ យោងតាមនីតិវិធីច្បាប់ ប្រសិនបើការចរចានៅតែមិនអាចមានដំណោះស្រាយបាន នីតិវិធីបន្ទាប់ គឺភាគីទាំងពីរអាចដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីរកដំណោះស្រាយចុងក្រោយ៕

អត្ថបទទាក់ទង