ចាប់ពីរដូវកាល ២០១៨/១៩ ទៅ នឹងមានការកែប្រែមួយចំនួន ក្នុងកម្មវិធី Champions League
ចាប់ពីរដូវកាល ២០១៨/១៩ ទៅ នឹងមានការកែប្រែមួយចំនួន ក្នុងកម្មវិធី Champions League នេះបើតាមការបញ្ជាក់របស់ UEFA ក្នុងថ្ងៃនេះ។
ក្នុងនោះ ការកែប្រែធំៗ មានដូចជា ការអនុញ្ញាតឲ្យមានដូរចូលកីឡាករបម្រុងចំនួន ៤ដង ក្នុងមួយប្រកួត ការអនុញ្ញាតឲ្យមានកីឡាករច្រើនជាងមុនក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ និងការផ្លាស់ប្ដូរម៉ោងប្រកួត។
ចាប់ពីរដូវកាលក្រោយទៅ ក្នុងការប្រកួតវគ្គជម្រុះ (Knock-out Ties) បើលេងដល់ថែមម៉ោង ក្លឹបត្រូវបានអនុញ្ញាតឲ្យធ្វើការដូរកីឡាករបម្រុងមួយលើកបន្ថែមទៀត។ សូមបញ្ជាក់ផងដែរ ក្នុង Champions League វគ្គជម្រុះ មានវគ្គ ១៦ក្រុម ៨ក្រុម និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ក្នុងវគ្គផ្ដាច់ព្រ័ត្រ ក្លឹបត្រូវបានអនុញ្ញាតឲ្យមានកីឡាករច្រើនជាងមុន រហូតដល់ ២៣នាក់ ដែលនេះមានន័យថា ចំនួនកីឡាករអង្គុយលើកៅអីបម្រុងនឹងកើនឡើងដល់ ១២រូប។ បើតាមច្បាប់បច្ចុប្បន្ន ក្លឹបមានសិទ្ធិយកតាមខ្លួន កីឡាករចំនួនតែ ១៨នាក់ ក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League។
ចំណែកឯម៉ោងប្រកួត Champions Leagueវិញ ក៏មានការប្រែប្រួលដែរ។ ក្នុងវគ្គ Group Stage ការប្រកួតនឹងលេងនៅម៉ោង ១២:៥៥ ពាក់កណ្ដាលអធ្រាត្រ (លើកលែងតែការប្រកួត Group Stage ចុងក្រោយដែលបន្តលេងនៅម៉ោង ២:៤៥ ដដែល) ហើយវគ្គជម្រុះនឹងលេងនៅម៉ោង ៣ ទៀបភ្លឺ ម៉ោងនៅកម្ពុជា៕
អត្ថបទ ៖ Sabay