ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរអប្សរា និងក្រុមជំនាញបានបង្ហាញអំពីលទ្ធផលគំហើញនៃកំណាយស្រាវជ្រាវបុរាណវិទ្យានៅប្រាសាទបន្ទាយក្តី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 35
អាជ្ញាធរអប្សរា និងក្រុមជំនាញបានបង្ហាញអំពីលទ្ធផលគំហើញនៃកំណាយស្រាវជ្រាវបុរាណវិទ្យានៅប្រាសាទបន្ទាយក្តី អាជ្ញាធរអប្សរា និងក្រុមជំនាញបានបង្ហាញអំពីលទ្ធផលគំហើញនៃកំណាយស្រាវជ្រាវបុរាណវិទ្យានៅប្រាសាទបន្ទាយក្តី

កំណាយស្រាវជ្រាវបុរាណវិទ្យានៅប្រាសាទបន្ទាយក្តី បានចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី១០ និងបញ្ចប់នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដើម្បីដឹងអំពីការវិវឌ្ឍនៃរចនាសម្ពន្ធ និងទំនាក់ទំនងរបស់សំណង់នីមួយៗ ព្រមទាំងការបណ្ដុះបណ្ដាលដល់និស្សិតមហាវិទ្យាល័យបុរាណវិទ្យា និងស្ថាបត្យកម្ម ក្នុងកម្មវិធីបណ្ដុះបណ្ដាលរបស់សាកលវិទ្យាល័យសូហ្វីយ៉ា។

លោក ញឹម សុធាវិន្ទ អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន បានឱ្យដឹងថា នៅឆ្នាំ២០១៩ យើងបានធ្វើកំណាយនៅទីតាំងនៃសំណង់មួយហៅថា «ខឿនព្រះពុទ្ធសាសនា» ក្នុងគោលបំណងចង់បញ្ជាក់បន្ថែមលើកំណាយកាលពីឆ្នាំ១៩៩៥ និង១៩៩៦ ដែលបានធ្វើនៅផ្នែកខាងលិចនៃខឿនព្រះពុទ្ធសាសនានេះ។

កាលនោះបានប្រទះឃើញកោដ្ឋដាក់ឆ្អឹងខ្លះដែលជាភាជន៍ចិនផលិតក្នុងរវាងស.វ.ទី១៦ និង១៧។ លើកនេះ យើងបើករណ្ដៅធ្វើកំណាយនៅផ្នែកខាងកើត ដើម្បីចង់ដឹងថា តើមានកោដ្ឋដែលគេយកមកបញ្ចុះនៅទីតាំងខឿនព្រះពុទ្ធសាសនានេះទៀតដែរឬទេ? ហើយក៏ចង់ស្វែងយល់អំពីទំនាក់ទំនងនៃរចនាសម្ពន្ធរបស់ខឿនព្រះពុទ្ធសាសនា និងសំណង់ថ្មបាយក្រៀម (យើងឱ្យឈ្មោះថា C19) រួមទាំងសំណង់មួយទៀតដែលយើងមិនទាន់ដឹងអំពីតួនាទីពិតប្រាកដ។

ថ្វីត្បិតយើងមិនអាចកំណត់កាលបរិច្ឆេទនៃសំណង់ C19ក្ដី ប៉ុន្តែយើងយល់ថា វាសាងមុនខឿនព្រះពុទ្ធសាសនា នេះបើពិនិត្យមើលលើស្ថានភាពគ្រឹះនៃសំណង់ដែលយើងធ្វើកំណាយឃើញ។ យើងនឹងធ្វើកំណាយបញ្ជាក់ម្ដងទៀតនៅឆ្នាំក្រោយ ដើម្បីស្វែងយល់លម្អិតអំពីរចនាសម្ពន្ធរបស់សំណង់ទាំងពីរនេះ។

លោក សុធាវិន្ទ បញ្ជាក់ទៀតថា កំណាយលើកនេះ យើងបានប្រទះឃើញកោដ្ឋចំនួន៣ ចានដាក់ឆ្អឹងចំនួន៣ និងដបដាក់ទឹកចំនួន៤ (បើពង្រីករណ្ដៅកំណាយអាចមានច្រើនទៀត) ដែលគេយកមកបញ្ចុះនៅទីតាំងនៃខឿនព្រះពុទ្ធសាសនានេះ។ បើពិនិត្យលើការបញ្ចុះដោយមានដាក់ដបទឹក និងប្រភេទកោដ្ឋ គឺជារបស់ថ្មីទេ អាចក្នុងរវាង៤០ទៅ៦០ឆ្នាំប៉ុណ្ណោះ។

យោងតាមអ្នកភូមិរហាល ពួកគាត់ថានៅក្នុងទសវត្សឆ្នាំ១៩៨០ មានអ្នកភូមិរហាល និងស្រះស្រង់ (ភូមិនៅក្បែរប្រាសាទ) បានយកកោដ្ឋមកបញ្ចុះនៅទីនេះ ខ្លះយកទៅបញ្ចុះនៅអង្គរវត្ត។ កាលពីទសវត្សឆ្នាំ១៩៧០ ពេលដែលមានការទម្លាក់គ្រាប់បែកខ្លាំង អ្នកភូមិនៅក្បែរបន្ទាយក្ដីក៏បាននាំគ្នាមករស់នៅក្នុងបរិវេណប្រាសាទនេះច្រើន ដើម្បីសុវត្ថិភាព។ ពេលនោះក៏មានគេយកកោដ្ឋសាច់ញាតិមកបញ្ចុះនៅជុំវិញខឿនព្រះព្រះពុទ្ធសាសនានេះដែរ។ រហូតដល់សព្វថ្ងៃ ពេលចូលឆ្នាំខ្មែរ និងមុនភ្ជុំបិណ្ឌ អ្នកភូមិតែងតែមករៀបចំពិធីនៅទីនេះ ដើម្បីរំឭកដល់សាច់ញាតិដែលបានចែកស្ថានទៅ។ ក្រុមការងារក៏នឹងស្រាវជ្រាវបន្តរកសាច់ញាតិដែលបានយកកោដ្ឋមកបញ្ចុះនៅទីតាំងនេះ ដើម្បីដឹងព័ត៌មានលម្អិតក្រោយចប់កំណាយ។

សូមបញ្ជាក់ថា ក្នុងរយៈពេលជិត៣០ឆ្នាំនេះ យើងបានយល់អំពីការវិវឌ្ឍន៍ និងសម័យកាលរបស់រចនាសម្ពន្ធនៃសំណង់នីមួយៗ។ ទោះបីសំណង់នៃប្រាសាទបន្ទាយក្ដីបានសាងឡើងនៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នាចុងស.វទី១២ក្ដី ប៉ុន្តែយើងបានរកឃើញរចនាសម្ពន្ធនៃសំណង់ខ្លះនៅស.វ.ទី១០ និងទី១១ដែរ។

បើយោងតាមសិលាចារឹកស្ដុកកក់ធំ (K.235) ចារនៅក្នុងឆ្នាំ១០៥១គ.ស ទីតាំងនៃប្រាសាទនេះមានមនុស្សមកតាំងទីបង្កើតជាភូមិ ស្រុកនៅដើមស.វទី៩ ដែលសូម្បីតែឈ្មោះនៃប្រាសាទនេះ “ក្ដី” ក៏មានចារនៅក្នុងសិលាចារឹកស្ដុកកក់ធំ និងសិលាចារឹកប្រាសាទបាតជុំ (K.266) ដែរ។ ក្រៅពីនេះយើងក៏បានធ្វើកំណាយរកឃើញវត្ថុសិល្បៈជាច្រើននៅក្នុងបរិវេណបន្ទាយក្ដី ជាពិសេសនៅឆ្នាំ២០០០ និង២០០១ ដោយបានធ្វើកំណាយរកឃើញប្រតិមាព្រះពុទ្ធរូបចំនួន២៧៤បំណែក ហើយនៅឆ្នាំ២០១០ រកឃើញចំនួន៦បំណែកទៀត ដែលសព្វថ្ងៃប្រតិមាទាំងនោះដាក់តាំងនៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ៕

អត្ថបទទាក់ទង