សិស្សសាលាបឋមសិក្សាក្របីរៀលចំនួន១៨២នាក់ ចុះទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ
ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងអង្គការមរតកវប្បធម៌ខ្មែរ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ សិស្សានុសិស្សសាលាបឋមសិក្សាក្របីរៀល ដែលមានទីតាំងនៅសង្កាត់ក្របីរៀល ក្រុងសៀមរាបចំនួន១៨២នាក់ ដែលក្នុងនោះមានសិស្សថ្នាក់ទី៥ ចំនួន២ថ្នាក់ និងសិស្សថ្នាក់ទី៦ ចំនួន២ថ្នាក់ ដែលសិក្សាស្តីពីការអប់រំបេតិកភណ្ឌ បានចុះទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីស្វែងយល់នូវភាពជាក់ស្តែងនៃកិច្ចការពារ ថែរក្សា អភិរក្ស ការងារគ្រប់គ្រង និងអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់តំបន់អង្គរ។
លោក អ៊ុន មុណី នី តា ជាគ្រូបង្គោលក្នុងកម្មវិធីអប់រំបេតិកភណ្ឌ បានឱ្យដឹងថា ក្រោយពីសិស្សានុសិស្ស បានយល់ដឹងពីមូលដ្ឋានអំពីបេតិកភណ្ឌវប្បធម៌ និងអរូបីនៅក្នុងសាលាកន្លងមកហើយ ក្រុមការងារគ្រូបង្គោលរបស់អាជ្ញាធរជាតិអប្សរា និងអង្គការមរតកវប្បធម៌ខ្មែរ បានរៀបចំសិស្សានុសិស្សបឋមសិក្សានៃសាលាក្របីរៀលចំនួន១៨២នាក់ មកធ្វើទស្សនកិច្ចសិក្សាតាមរមណីយដ្ឋានវប្បធម៌-ប្រវត្តិសាស្រ្តអង្គរ និងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។
លោក អ៊ុន មុណី នី តា គោលបំណងចុះទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្នុងគោលបំណងឱ្យសិស្សបានយល់ដឹងពីតួនាទីសំខាន់ៗ ទី១ ជាកន្លែងប្រមូលរក្សាទុកវត្ថុសិល្បៈបុរាណ ទី២ ជាកន្លែងជួសជុល ថែរក្សា និងការពារវត្ថុសិល្បៈបុរាណ ទី៣ ជាកន្លែងតាំងបង្ហាញវត្ថុសិល្បៈបុរាណ និងទី៤ ជាថ្នាលបណ្តុះបណ្តាលបន្តជំនាន់។
លោក អ៊ុន មុណី នី តា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ដែលបានយកចិត្តទុកផ្តួចផ្តើមដាក់លើគម្រោងការអប់រំបេតិកភណ្ឌនេះ និងមានផ្តល់ជាមធ្យោបាយដឹកជញ្ជូនសិស្ស អាហារសម្រន់ដល់កុមារដើម្បីឱ្យកម្មវិធីអប់រំបេតិកភណ្ឌនៅបន្តបានមកដល់សព្វថ្ងៃនេះ៕
អត្ថបទ: យី សុថា
រូបភាព: ហាប់ គឹមអាន