ខ្មែរប៉ុស្ដិ៍ Close

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បើកវគ្គបណ្តុះបណ្តាលស្តីអំពីការអភិរក្សវាយនភណ្ឌ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 63

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានសហការជាមួយសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បើកវគ្គបណ្តុះបណ្តាលស្តីពី «ការអភិរក្សវាយនភណ្ឌ» រយៈពេល១១ថ្ងៃដល់មន្ត្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃទី០៣ ខែមិថុនា ដល់ទី១៣ ខែមិថុនា ឆ្នាំ២០១៩ ដោយផ្តោតសំខាន់លើទ្រឹស្តី និងការអនុវត្តផ្ទាល់។ ពិធីបើកវគ្គបណ្តុះបណ្តាលក្រោមអធិបតីភាពលោក យិត ចាន់ដារដ្ឋ អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា។

អ្នកស្រីម៉ូវ ចរិយា នាយិកាស្តីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានឱ្យដឹងថា ការថែរក្សា និងតាំងបង្ហាញវត្ថុសិល្បៈវាយនភណ្ឌ ជួបប្រទះការលំបាក ដែលទាមទារអ្នកជំនាញច្បាស់លាស់ក្នុងការថែរក្សាវត្ថុសិល្បៈទាំងនេះ។ ដូច្នេះហើយការបង្កើតវគ្គសិក្សានេះដើម្បីផ្តល់ចំណេះដឹងបន្ថែមដល់មន្រ្តី-បុគ្គលិកបច្ចេកទេសឱ្យស្វែងយល់កាន់តែស៊ីជម្រៅអំពីរបៀបអភិរក្ស ការគ្រប់គ្រងកម្តៅ ជាពិសេសការពារសត្វល្អិតដែលយាយីដល់សមុច្ច័យ ដែលកំពុងថែរក្សា និងតាំងបង្ហាញ។

អ្នកស្រី ខូ ចិន្តា ប្រធានផ្នែកអភិរក្សនិងជួសជុលវាយនភណ្ឌនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ជាគ្រូបង្គោលនៃវគ្គបណ្តុះបណ្តាលបានឱ្យដឹងថា ការអភិរក្សវាយនភណ្ឌមានសារៈសំខាន់ណាស់ ព្រោះវត្ថុទាំងអស់នេះបានផ្តល់នូវព័ត៌មាន និងទិន្នន័យទាក់ទងនឹងព្រឹត្តិការណ៍ផ្សេងៗក្នុងសង្គម។ អ្នកស្រីបន្ថែមថា ការអភិរក្សវាយនភណ្ឌមានបញ្ហាប្រឈមខ្លះៗដូចជាសំណើម និងសត្វល្អិតជាដើម ហើយបច្ចេកទេសនៃការថែរក្សា គឺអាស្រ័យលើស្ថានភាពវត្ថុ។

សូមបញ្ជាក់ដែរថា សិក្ខាកាមដែលចូលរួមមានចំនួន២១នាក់ មកពីសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី១១នាក់ នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភ ណ្ឌ៣នាក់ ក្រុមបច្ចេកទេសអ៊ីតាលីយ៉ា៤នាក់ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ២នាក់ សារមន្ទីរឡតានី១នាក់។ ចាប់ពីថ្ងៃទី០៣ ដល់ទី០៥ រៀនទ្រឹស្តី និងអនុវត្តនៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីដោយផ្ទាល់ ហើយថ្ងៃទី០៦ ដល់ទី១៣ សិក្ខាកាមនឹងធ្វើទស្សនកិច្ចសិក្សាសារមន្ទីរជាតិទួលស្លែង ហ្វឹកហាត់ការងារ មើលការតាំងពិព័រណ៍សមុច្ច័យ និងរោងជាងនៅសារមន្ទីរជាតិភ្នំពេញដើម្បីដកស្រង់បទពិសោធន៍ការងារ៕