ខ្មែរប៉ុស្ដិ៍ Close

CDI នឹងយកកម្ពុជាធ្វើជាមជ្ឈមណ្ឌលតំណាង CDI ប្រចាំនៅតំបន់អាស៊ី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 16
CDI នឹងយកកម្ពុជាធ្វើជាមជ្ឈមណ្ឌលតំណាង CDI ប្រចាំនៅតំបន់អាស៊ី CDI នឹងយកកម្ពុជាធ្វើជាមជ្ឈមណ្ឌលតំណាង CDI ប្រចាំនៅតំបន់អាស៊ី

លោក Andrés Pastrana ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI) បានថ្លែងថា វិទ្យាស្ថាន CDI នេះមាន Head Quater នៅទីក្រុងប៊ូដាបែស ប្រទេសហុងគ្រី ហើយវិទ្យាស្ថាន CDI ក្នុងអាស៊ីនេះ នឹងយកប្រទេសកម្ពុជា ធ្វើជាមជ្ឈមណ្ឌលតំណាង CDI ដោយធ្វើការជាមួយវិទ្យាស្ថានចក្ខុវិស័យអាស៊ី (ABI )។

លោក Andrés Pastrana បានលើកឡើងយ៉ាងដូចនេះ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានដឹកនាំបើកកិច្ចប្រជុំលើកទី២ នៃក្រុមការងារបង្កើតវិទ្យាស្ថានស្រាវជ្រាវ របស់អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ CDI ដែលបានធ្វើឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ។

កិច្ចប្រជុំនេះ ក៏កាចូលរួមពីគណៈប្រតិភូជាន់ខ្ពស់ CDI មកពីទ្វីបអឺរ៉ុប អាមេរិកឡាទីន អាហ្វ្រិក អាស៊ីប៉ាស៊ីហ្វិកដឹក លោក Mario David អនុប្រធាន CDI, លោក Andrés Hernandez និងលោក សួស យ៉ារ៉ា, លោក César Rosselló អ្នកសម្របសម្រួល CDI ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក, លោក Neneth Zsolt (តំណាងអនុប្រធាន CDI លោក Viktor Orban និងជានាយករដ្ឋមន្ត្រីហុងគ្រី), លោក Malin Zver (តំណាងអនុប្រធាន CDI លោក Janea. Jansa), លោក Miguel Monteiro (អគ្គលេខាគណបក្សចលនាប្រជាធិបតេយ្យកាប់វើដ និងជាតំណាងអនុប្រធាន CDI លោកនាយករដ្ឋមន្ត្រី Ulisses Correla) ព្រមទាំងតំណាងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)ផងដែរ។

លោក Andrés Pastrana បានថ្លែងថា នេះគឺជាកិច្ចប្រជុំលើកទី២ហើយ នៅក្នុងទីក្រុងភ្នំពេញនេះ ទាក់ទងនឹងការបង្កើតវិទ្យាស្ថានស្រាវជ្រាវរបស់ CDI ដើម្បីជំរុញនូវគុណតម្លៃ ក៏ដូចជាគោលការណ៍របស់ CDI ហើយCDI នេះគឺជាអង្គការនយោបាយអន្តរជាតិនិយមកណ្តាល និងស្តាំ ដែលមានទិសដៅជំរុញនូវកិច្ចកិច្ចពិភាក្សា លើនយោបាយអន្តរជាតិ។ វិទ្យាស្ថាន CDI នេះ នឹងមាន Head Quater នៅទីក្រុងប៊ូដាបែស ប្រទេសហុងការី ហើយវិទ្យាស្ថាន CDI ក្នុងអាស៊ី នឹងយកប្រទេសកម្ពុជាធ្វើជាមជ្ឈមណ្ឌល ហើយធ្វើការជាមួយវិទ្យាស្ថានចក្ខុវិស័យអាស៊ី (ABI ) ហើយនឹងបង្កើតមជ្ឈមណ្ឌល CDI នៅអាហ្វ្រិក អាមេរិចឡាទីនបន្តទៀត ដើម្បីជំរុញនូវគុណតម្លៃរបស់ CDIបន្តទៀត ហើយជាប្រចាំនោះ CDI នឹងមានកិច្ចប្រជុំមួយនៅទីក្រុងប៊ូដាបែស ប្រទេសហុងការី ដើម្បីជំរុញឱ្យថ្នាក់ដឹកនាំវ័យក្មេង ក្នុងបណ្តាប្រទេសផ្សេងៗ អាចមានឱកាស ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាបង្កើតនូវទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឱ្យបានល្អប្រសើរផងដែរ។

ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI) បានបន្ថែមទៀតថា ទាក់ទងនឹងប្រវត្តិរបស់ CDI នេះ គឺជាការបញ្ជូលគ្នានៃគណបក្សនយោបាយ ប្រជាធិបតេយ្យគ្រឹះសាសនា បូកជាមួយនឹងគណបក្សនយោបាយស្តាំនិយម ហើយបន្ទាប់មកទៀត ដោយសារនយោបាយ២នេះបញ្ជូលគ្នា ទើបកើតជាចលនាគណបក្សនិយមកណ្តាល។ គោលជំហររបស់ CDI គឺគាំទ្រប្រទេសកម្ពុជា ហើយកន្លងទៅនេះដែរ ក៏មានសេចក្តីសម្រេចពីគណៈកម្មាធិការនាយករបស់ CDI ចំនួន២លើក ដើម្បីបង្ហាញនូវជំហរគាំទ្រដល់ប្រទេសកម្ពុជា ទាក់ទងនឹងបញ្ហាEBA នេះផងដែរ។

លោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានថ្លែងដែរថា ប្រទេសកម្ពុជា គឺមានគណបក្សប្រជាជនជាសមាជិកមួយរបស់ CDI ដូចនេះនៅពេលដែលអង្គការ CDI កាន់តែមានតួនាទីសំខាន់ និងមានឥទ្ធិពលសំខាន់នោះ វានឹងផ្តល់ផលប្រយោជន៍ ដល់បណ្តាគណបក្សនយោបាយដែលជាសមាជិក ពីព្រោះតែCDI នេះគឺបង្កើតជាសមាគមន៍គណបក្សនយោបាយ ដើម្បីជួយគ្នាទៅវិញទៅមក មិនថាគណបក្សនយោបាយនៅក្នុងប្រទេសណានោះទេ គឺគេនឹងជួយគាំទ្រ ផ្តល់ជាគំនិត ឫផ្នែកកាទូតណាមួយ ដើម្បីជួយគ្នាទៅវិញទៅមក ហើយកម្ពុជា គឺពិតជាល្អណាស់ ដែល CDI បានសម្រេចយកកម្ពុជា ជាតំណាងនៃវិទ្យាស្ថាន CDI នៅក្នុងពិភពលោក ដូចនេះយើងគឺជាទីតាំងមួយ ដើម្បីផ្សារភ្ជាប់ជាមួយរវាងអាស៊ី អឺរ៉ុប និងអាហ្រ្វិកឡាទីន ជាដើមផងដែរ ៕