ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្រ្តីអប់រំ និងអគ្គរាជទូតជប៉ុន ដាក់ឲ្យដំណើរការមជ្ឈមណ្ឌលសូត្រខ្មែរដំបូងគេ នៅកម្ពុជាតម្លៃជិត១០ម៉ឺនដុល្លារ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 26

អគារមជ្ឈមណ្ឌលសូត្រខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញដំបូងគេនៅកម្ពុជា បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាព លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតនៃប្រទេសជប៉ុនប្រចាំកម្ពុជា។

មជ្ឈមណ្ឌលសូត្រខ្មែរនេះ ត្រូវបានសាងសង់ឡើងក្រោមជំនួយឥតសំណងរបស់ប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានទទួលគម្រោងជាថវិកាចំនួន ៩០,៨៣៤ដុល្លារ ពីស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា ដើម្បីអនុវត្តលើគម្រោង «The Project for Constructing Silk Center at Royal University of Phnom Penh»

ក្នុងនោះថវិកាចំនួន ៨០,៥១៤ដុល្លារ សម្រាប់សាងសង់អគារមជ្ឈមណ្ឌល និងថវិកាចំនួន ១០,៣២០ដុល្លារ សម្រាប់ចំណាយលើជំនាញការសូត្រ ចាប់ពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩។

ក្រៅពីថវិការបស់ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា សម្រាប់សាងសង់អគារមជ្ឈមណ្ឌល ក៏ទទួលបានការជួយឧបត្ថម្ភជាសម្ភារបរិក្ខារ និងសម្ភារស្រាវជ្រាវមួយចំនួន ពីអង្គការ UNDP ផងដែរ ដែលស្មើនឹងទំហំទឹកប្រាក់ប្រមាណ ១៦,៣០០ដុល្លារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោក ហង់ ជួនណារ៉ុន បានថ្លែងថា ការដាំមន ចិញ្ចឹមដង្កូវនាង មានតាំងពីយូរណាស់មកហើយ នៅក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែបច្ចុប្បន្នដោយសារកត្ដាមួយចំនួន ដែលធ្វើឲ្យវិស័យនេះ មិនសូវមានការរីកចំរើន ជាពិសេសគឺខ្វះខាតនូវការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍបែបវិទ្យាសាស្រ្ត។

លោករដ្ឋមន្ដ្រី បានបញ្ជាក់ផងដែរថា វិស័យសូត្រនេះ មានសារៈសំខាន់ណាស់ និងផ្តល់ប្រយោជន៍ជាច្រើន ចំពោះប្រជាកសិករ ដូចជា៖

  • ១- ផ្តល់ការងារ និងប្រាក់ចំណូលបន្ថែមដល់កសិករ
  • ២- ផ្តល់លទ្ធភាពឲ្យចាស់ជរា ស្រ្តី និងជនពិការអាចចូលរួមបាន
  • ៣- កាត់បន្ថយចំណាកស្រុក
  • ៤- មិនប៉ះពាល់ដល់បរិស្ថាន
  • ៥- អភិរក្សនិងលើកស្ទួយប្រពៃណីទំនៀមទំលាប់ខ្មែរយើង។

ជាមួយគ្នានោះ លោក ហង់ ជួនណារ៉ុន ក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានមើលឃើញពីបញ្ហាសង្គម និងសារៈសំខាន់ទាំងអស់នេះ ហើយមានគំនិតផ្តួចផ្តើមប្រមូលផ្ដុំ ក្រុមអ្នកស្រាវជ្រាវ ដើម្បីដោះស្រាយបញ្ហានេះ។

បើតាមឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានឲ្យដឹងថា គម្រោងនេះ នឹងអាចរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនកាន់តែទូលំទូលាយ។ មជ្ឈមណ្ឌលនេះ នឹងក្លាយជាទីកន្លែងមួយដែលភាគី ពាក់ព័ន្ធនៃឧស្សាហកម្មសូត្រទាំងអស់ ទាំងរដ្ឋ និងឯកជន នឹងរួមសហការគ្នា ដើម្បីស្ដារឡើងវិញនូវសូត្រខ្មែរ ហើយនិងក្លាយជានិមិត្ដរូបនៃមិត្ដភាព រវាងជប៉ុន និងកម្ពុជា ផងដែរ។

លោកបានបញ្ជាក់ផងដែរថា ជំនួយអភិវឌ្ឍផ្លូវការរបស់ជប៉ុននេះ មានគោលបំណងឲ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផលិតពងដង្កូវនាង ដែលគ្មានជំងឺ ហើយផ្គត់ផ្គង់ទៅដល់កសិករប្រមាណ ៥០គ្រួសារ ព្រមទាំងផ្ទេរបច្ចេកទេស ទៅដល់កសិករ ទាំងនេះ ដើម្បីឲ្យពួកគាត់អាចចិញ្ចឹមដង្កូវនាងប្រកបដោយស្ថេរភាព និង អាចបង្កើនប្រាក់ចំណូលទាំងកសិករ និងភាគីពាក់ព័ន្ធ នៃឧស្សាហកម្មសូត្រ។

សូមជម្រាបថា មជ្ឈមណ្ឌលសូត្រខ្មែរនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកស្ទួយវិស័យសូត្រខ្មែរ តាមរយៈការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍតាមបែបវិទ្យាសាស្ត្រ។

  • គោលដៅទីមួយ របស់មជ្ឈមណ្ឌល គឺស្រាវជ្រាវ និងផលិតឲ្យបាននូវពូជដង្កូវនាង ដែលមានសុខភាពល្អ និងអាចផលិតបានសរសៃសូត្រវែង និងគុណភាពខ្ពស់ ហើយចែកចាយទៅឲ្យកសិករ តាមរយៈកសិករបង្គោល ដែលបានជ្រើសរើស។
  • គោលដៅទីពីរ គឺធ្វើការស្រាវជ្រាវពីដើមមន ដង្កូវនាង និងសរសៃសូត្រ ដើម្បីផលិតនូវផលិតផលនានា ដូចជាសាប៊ូគ្រឿងសម្អាង និងអាហារបំប៉នជាដើម។

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចាប់ផ្តើមការសិក្សាស្រាវជ្រាវសូត្រ ពីខែកក្កដា ឆ្នាំ២០១៧ ដោយបានបង្កើតក្រុមសូត្រ ដែលក្នុងនោះ មានការចូលរួមពីនិស្សិតនិងសាស្ត្រាចារ្យ មកពីដេប៉ាតឺម៉ង់បួន នៃសាកលវិទ្យាល័យរួមមាន៖ ដេប៉ាតឺម៉ង់ជីវវិទ្យា ដេប៉ាតឺម៉ង់វិស្វកម្មជីវសាស្ត្រ ដេប៉ាតឺម៉ង់អភិវឌ្ឍសហគមន៍ និងដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ។
ក្នុងរយៈពេលជិតពីរឆ្នាំកន្លងមកនេះ ក្រុមសូត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សម្រេចបាននូវសកម្មភាពមួយចំនួន ដូចជា៖

  • ១- ស្រាវជ្រាវនិងបង្កាត់ដង្កូវនាងប្រភេទក្នុងស្រុក ដែលមានសុខភាពល្អ (អត្រារស់រានជាង៩០%)
  • ២- ចែកចាយពូជដង្កូវនាងល្អ ដល់កសិករបង្គោលបីសហគមន៍ គឺសហគមន៍សូត្រឱរ៉ាល់វិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ និងស្ថានីយ៍ស្រាវជ្រាវកសិកម្មបន្ទាយដែក
  • ៣- ចែកចាយពូជមន និងដង្កូវនាងដល់កសិករ៥០គ្រួសារ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
  • ៤- ជ្រើសរើស និងបណ្តុះបណ្តាលកសិករបង្គោលចំនួនប្រាំសហគមន៍ មកពីខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងមណ្ឌលគីរី ដែលមានផ្ទៃដីដាំមនប្រមាណ១៨ហិកតា
  • ៥- រៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេសនានាចំនួនប្រាំមួយដង ដែលមានសិក្ខាកាមសរុបចំនួនប្រមាណ១៨០នាក់ ជានិស្សិតនិងកសិករបង្គោល
  • ៦- ស្រាវជ្រាវនិងផលិត បាននូវសាប៊ូដុសមុខ ពីប្រូតេអ៊ុនចម្រាញ់ចេញពីសរសៃសូត្រ ៕

អត្ថបទទាក់ទង