ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្តអ្នកអាន៖ ចរន្តនៃការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញជាសញ្ញាបញ្ជាក់ថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានៅតែរឹងមាំ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 42

ចរន្តនៃការចាកចេញពីសម្ពាធហាមឃាត់មិនឱ្យស្នើសុំនីតិសម្បទាធ្វើនយោបាយឡើងវិញ របស់មេឧទ្ទាមក្រៅច្បាប់ចំពោះកូនចៅខ្លួននៅពេលនេះ បាននិងកំពុងលេចធ្លោរ ខណៈដែលមន្ត្រីអតីតគណបក្សប្រឆាំងចំនួន៩រូបហើយ ត្រូវបានព្រះមហាក្សត្រ ប្រោសព្រះរាជទាននីតិសម្បទាឡើងវិញជាបន្តបន្ទាប់ បន្ទាប់ពីអ្នកទាំងនោះត្រូវបានហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំតាមអំណាចសាលដីការបស់តុលាការកំពូលចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ បើតាមប្រភពពីមន្ត្រីនៃអតីតគណបក្សប្រឆាំងបានបញ្ជាក់ថា ចំនួននេះអាចនឹងកើនឡើងច្រើនថែមទៀត។ ទិដ្ឋភាពនេះបានបង្ហាញថាអ្វីដែលជាការសន្យារបស់មេឧទ្ទាម ដែលថានឹងត្រឡប់មកដឹកនាំពួកគេនៅក្នុងប្រទេសវិញនោះ គឺជាផែនការក្លាយទៅជាផែនស្ករ ហើយក៏ក្លាយទៅជារឿងភូតកុហក់ដែលធ្វើឱ្យពួកអតីតមន្ត្រីទាំងនោះអស់ជំនឿ ហើយពួកគេបានចាប់ផ្តើមសម្រេចចិត្តជ្រើសរើសសិទ្ធិសេរីភាពក្នុងការធ្វើសកម្មភាពនយោបាយមួយដែលស្របច្បាប់ និងមិនធ្វើឱ្យជីវិតនយោបាយរបស់ពួកគេកាន់តែងងឹតសូន្យ និងគ្មានអនាគតតទៅទៀតនោះឡើយ។

អាចនិយាយបានថា សន្ទុះនៃការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញដូចទឹកបាក់ទំនប់នៅពេលនេះគឺជាការសងសឹកចំពោះមេឧទ្ទាមក្រៅច្បាប់ និងបក្ខពួកមួយក្តាប់តូច ដែលបានរួមដៃគ្នាធ្វើបក្សប្រហារក្បត់ កឹម សុខា យ៉ាងងងើលដោយឥតអៀនខ្មាស់។ ម្យ៉ាងទៀត អតីតមន្ត្រីបក្សប្រឆាំងដែលកំពុងជាប់បម្រាមពិតជាដឹងយ៉ាងច្បាស់ថាមេឧទ្ទាមរូបនេះ កំពុងតែវ័ណ្ឌកកាន់តែច្រើនជាមួយនិងការប្រព្រឹត្តបទល្មើស និងមានដីកាចាប់ខ្លួនជាបន្តបន្ទាប់ ដូច្នេះច្បាស់ជាមិនអាចមានវាសនាមកដឹកនាំពួកគេបានតទៅទៀតទេ ហើយបើពួកគេនៅតែដើរតាមក្រុមឧទ្ទាមក្រៅច្បាប់នេះ នោះពួកគេនឹងជួបគ្រោះអាក្រក់ក្នុងជីវិតនយោបាយរបស់ពួកគេជាក់ជាមិនខាន។ ជាការពិត សារជាតិរបស់មេឧទ្ទាមក្រៅច្បាប់គឺធ្វើសកម្មភាពដើម្បីតែមហិច្ឆិតាស្រេកឃ្លានអំណាច និងការសងសឹកប៉ុណ្ណោះ។ ការប្រកាសដកថយលែងចង់ធ្វើជានាយករដ្ឋមន្ត្រីនាពេលថ្មីៗនេះរបស់មេឧទ្ទាមក្រៅច្បាប់ គឺគ្រាន់តែជាកលល្បិចបោកប្រាស់អ្នកហាមឃាត់សិទ្ធិធ្វើនយោបាយ កុំឱ្យបន្តចាកចេញពីគាត់ដូចចរន្តទឹកបាក់ទំនប់នាពេលនេះ និងដើម្បីបំភ័ន្តថាខ្លួន ជាមនុស្សស្អាតស្អំ មិនស្រេកឃ្លានអំណាច តែធាតុពិត គឺជាអំពើបោកប្រាស់ដ៏អាក្រក់ជួរជាតិទៅវិញទេ។

ជាក់ស្តែង សម្តីបោកប្រាស់រាប់មិនអស់កន្លងមកដែលមេឧទ្ទាមក្រៅច្បាប់រូបនេះតែងអួតអះអាងនោះគឺថាគណបក្សប្រឆាំងកំពុងតែខ្លាំង បន្ទាប់មកខ្លួននឹងចូលមកចាប់លោក ហ៊ុន សែន ក្រោយមកថាសុំដកតែតំណែងលោក ហ៊ុន សែន និងក្រុមគ្រួសារ ហើយចុងក្រោយនេះលែងហ៊ានប្រកួតតំណែងនាយករដ្ឋមន្ត្រី ហើយសុំធ្វើតែទីប្រឹក្សា ធ្វើជាព្រឹទ្ធាចារ្យបានហើយ ជាដើម។ល។ សរុបមក គឺភូត កុហក់ បោកប្រាស់ និងគិតអ្វីមិនដែលត្រូវធ្វើអ្វីមិនដែលកើតឡើយ។

ច្បាប់ស្តីពីគណបក្សនយោបាយ បានបើកផ្លូវដល់អ្នកនយោបាយដែលត្រូវបានជាប់បម្រាម អាចមានសិទ្ធិស្នើសុំនីតិសម្បទាធ្វើនយោបាយឡើងវិញមុនកាលកំណត់ ប្រសិនបើអ្នកនយោបាយជាប់បម្រាមនោះបានអនុវត្តត្រឹមត្រូវតាមសាលដីកាតុលាការ ដូច្នេះ អ្នកដែលបានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញប្រាកដជានឹងទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញស្របតាមបំណងរបស់ខ្លួន។ ឯអ្នកដែលមិនធ្វើលិខិតស្នើសុំក៏ជាសិទ្ធិរបស់ខ្លួនដែរ គ្រាន់តែបន្តអត់សិទ្ធិធ្វើនយោបាយមុនការកំណត់ដដែល ហើយនៅពេលខាងមុខនឹងអាចបាត់អាជីពនយោបាយរបស់ខ្លួនដោយសារតែអស់ប្រជាប្រិយភាពជាមិនខាន។

ក្រោយពេលដែលមន្ត្រីអតីតគណបក្សប្រឆាំង បានស្នើសុំនីតិសម្បទាធ្វើនយោបាយឡើងវិញជាបន្តបន្ទាប់នេះវាបញ្ជាក់ឱ្យឃើញថាលំហរលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានៅតែមានជីវិតរស់រវើក កាន់តែរឹងមាំ និងមានសុពលភាពដដែល ដោយហេតុថា អ្នកនយោបាយមានសិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការសម្រេចចិត្តដោយឯករាជ្យក្នុងជីវភាពនយោបាយរបស់ខ្លួន ហើយករណីនេះក៏បានបង្ហាញយ៉ាងច្បាស់ថាសិទ្ធិធ្វើនយោបាយនៅកម្ពុជា នៅតែបើកចំហ និងស្វាគមន៍ជានិច្ចចំពោះគ្រប់អ្នកនយោបាយដែលធ្វើសកម្មភាពស្របច្បាប់។

ដូច្នេះ ភាពរួសរាន់ក្នុងការស្នើសុំនីតិសម្បទាធ្វើនយោបាយឡើងវិញរបស់មន្ត្រីអតីតគណបក្សប្រឆាំងជាទ្រង់ទ្រាយធំនាពេលនេះ គឺជាឱកាសមាសរបស់ពួកគេដើម្បីត្រៀមខ្លួនចូលរួមប្រកួតប្រជែងលើទីលានប្រជាធិបតេយ្យនាពេលខាងមុខយ៉ាងពិតប្រាកដ ព្រោះថាមេឧទ្ទាមក្រៅច្បាប់ពិតជាគ្មានវាសនាអាចមកដឹកនាំពួកគេជាថ្មីនោះឡើយ ហើយទណ្ឌិតរូបនេះក៏បានសារភាពដោយខ្លួនឯងដែរថា ពិតជាគ្មានមុខមាត់ និងសមត្ថភាពដើម្បីប្រកួតតំណែងនាយករដ្ឋមន្ត្រីនៅអាណត្តិក្រោយទៀតដែរ ដោយសារតែការដឹកនាំរបស់ខ្លួនជាងម្ភៃឆ្នាំមកនេះត្រូវទទួលបរាជ័យរហូតមក៕

ដោយ៖ សួន ចំរើន

អត្ថបទទាក់ទង